ព័ត៌មានទាន់ហេតុការណ៍៖

នាវាផ្ទុកយន្តហោះអាមេរិកចូលរួមធ្វើសមយុទ្ធជាមួយកូរ៉េខាងត្បូងជាប់កូរ៉េខាងជើង

ចែករំលែក៖

ក្រុមនាវាចម្បាំងអាមេរិកដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Carl Vinson បានចូលរួម ធ្វើសមយុទ្ធរួមគ្នានៅជិតកូរ៉េខាងជើង។

សារព័ត៌មានយុនហាប់បានដកស្រង់សម្តីលោក Jang Wook អ្នកនាំពាក្យកម្លាំងទាហានជើងទឹកកូរ៉េខាងត្បូងបានឲ្យដឹងថា «ការធ្វើសមយុទ្ធគ្នារួមរវាងអាមេរិកនឹង កូរ៉េខាងត្បូងដែលមានអាវុធទំនើបៗចូល រួមកំពុងតែចាប់ផ្តើម ហើយមិនទាន់កំណត់ថ្ងៃបញ្ចប់នោះឡើយ»។

ក្រុមនាវាចម្បាំងខាងលើត្រូវបានប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បញ្ជូនទៅកាន់ឧបទ្វីបកូរ៉េដើម្បីទប់ស្កាត់ការគំរាមកំហែងពីកូរ៉េខាងជើង ក៏ដូចជាត្រៀមវាយប្រហារកូរ៉េខាងជើងបើប្រទេសនេះបន្តសាកល្បងគ្រាប់បែកបរមាណូជាលើកទី៦នោះ។

នាវាផ្ទុកយន្តហោះ Carl Vinson បាន ចូលទៅដល់តំបន់សមុទ្រឧបទ្វីបកូរ៉េកាលពីចុងខែមេសា ដើម្បីបង្ហាញសាចដុំគំរាម កំហែងកូរ៉េខាងជើង។ មួយវិញទៀតនាវាផ្ទុកយន្តហោះខាងលើទៅជំនួសនាវាផ្ទុកយន្តហោះ USS Ronald Reagan ដែលកំពុងឈរជើងនៅក្នុងប្រទេសជប៉ុន។

ការធ្វើសមយុទ្ធរវាងអាមេរិកនឹងកូរ៉េ ខាងត្បូងកើតឡើងក្រោយពេលដែលកូរ៉េខាងជើងបាញ់មីស៊ីលដោយជោគជ័យ ហើយកូរ៉េខាងជើង ក៏បានប្រកាសថានឹង បំពាក់ក្បាលគ្រាប់បរមាណូនៅពេលដ៏ខ្លីខាងមុខ ក្រោយការសាកល្បងមីស៊ីល ជោគជ័យហើយនោះ។

នៅថ្ងៃទី១៦ ខែឧសភា នេះដែរ កូរេ៉ ខាងជើងថែមទាំងបានព្រមានធ្វើតេស្ដ គ្រាប់មីស៊ីលប្រភេទថ្មីផ្សេងទៀតគ្រប់ ពេលគ្រប់ទីកន្លែងដោយបានប្រឆាំងនឹង ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងការព្រមានពី ប្រទេសមហាអំណាចសហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។

ប្រទេសកូរ៉េខាងជើងដែលតែងតែបានគំរាមកំហែងពីការបំផ្លាញសហរដ្ឋអាមេរិក នៅក្នុងសមុទ្រនៃអណ្តាតភ្លើងមួយនោះ បានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា បាន រុញច្រានឲ្យឧបទ្វីបកូរ៉េងាកទៅរកសង្គ្រាមនៃអាវុធនុយក្លេអ៊ែរជាមួយនឹងសមយុទ្ធ យោធាថ្មីៗនេះ ជាមួយប្រទេសកូរ៉េខាង ត្បូង និងជប៉ុន។

ទីភ្នាក់ងាររដ្ឋកូរ៉េ (KCNA) របស់កូរ៉េ ខាងជើង បានចុះផ្សាយឲ្យដឹងថាការបាញ់ធ្វើតេស្តមីស៊ីលប្រភេទថ្មីដែលបានធ្វើ ឡើងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានផ្ទៀងផ្ទាត់ពីលក្ខណៈពិសេសនៃក្បាលគ្រាប់ដែលផលិតឡើងក្នុងស្រុក ដែលត្រូវបានធ្វើឲ្យខ្លួនរស់នៅក្រោមស្ថានភាពអាក្រក់ បំផុតជាថ្មីម្ដងទៀត ហើយនោះក៏ជាការធ្វើតេស្តសមត្ថភាពមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖