រដ្ឋាភិបាលហ្វីលីពីនបានប្រកាសទៅកាន់អឺរ៉ុប ឲ្យបានដឹងថា ទីក្រុងម៉ានីលនឹងមិនទទួលជំនួយអភិវឌ្ឍន៍ពីសហគមន៍អឺរ៉ុបទៀតឡើយ។
អគ្គរដ្ឋទូទអឺរ៉ុប ប្រចាំនៅទីក្រុងម៉ានីល លោក Franz jessen បានឲ្យដឹងនៅថ្ងៃទី១៧ ខែឧសភា ពីការផ្អាកទទួលជំនួយខាងលើ ។ ការសម្រេចរបស់ទីក្រុងម៉ានីល នឹងធ្វើឲ្យប្រទេសនេះ បាត់បង់ប្រាក់ជំនួយប្រមាន២៧៨លានដុល្លារ ប្រាក់ជំនួយអភិវឌ្ឍន៍ពីសហគមន៍អឺរ៉ុប ។
ប្រាក់ជំនួយពីអឺរ៉ុប ភាគច្រើនទៅលើគម្រោងអភិវឌ្ឍន៍នៅក្នុងសហគមន៍អិស្លាមក្រីក្រនៅភាគខាងត្បូង ប្រទេសនេះដែលប្រឈមនៅអំពើហិង្សាគ្រប់រូបភាព។
ការសម្រេចខាងលើរបស់ហ្វីលីពីនក្រោយពេល ប្រធានាធិបតី Rodrogo Duterte ទទួលបានការសន្យាផ្តល់ជំនួយរាប់ពាន់លានដុល្លារ ពីរដ្ឋាភិបាលទីក្រុងប៉េកាំង ក្រោយពេល ប្រធានាធិបតីហ្វីលីពីន ទៅចូលរួមវេទិកាសេដ្ឋកិច្ចនៅទីក្រុងប៉េកាំង ។
កន្លងមក អឺរ៉ុបបានរិះគន់ដល់យុទ្ធនាការកម្ចាត់គ្រឿងញៀនរបស់លោក ឌូទើរទេ ដែលបានសម្លាប់មនុស្សជាច្រើន ជាការបំពានសិទ្ធិមនុស្ស ។ ពេលនោះ លោក ឌូទើរទេ បានតប់តវិញថា អឺរ៉ុប មិនបានដឹងពីទំហ៊ំ នៃ ជនល្មើសគ្រឿងញៀនដែលធ្វើសកម្មភាពនៅក្នុងប្រទេសរបស់លោកឡើយ ។
អ្នកទោសគ្រឿងញៀនជិត៩០០០នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសហ្វីលីពីន ចាប់តាំងពីលោកឡើងកាន់តំណែងប្រធានាធិបតី កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦។ ប៉ូលិសហ្វីលីពីនបានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់មាន១ភាគ៣ត្រូវប៉ូលិសបាញ់សម្លាប់ដើម្បីការពារខ្លួន នៅពេលដែលជនជួញដូរគ្រឿងញៀននោះមានសកម្មភាពតដៃនឹងប៉ូលិស ។
អឺរ៉ុបបានផ្តល់ជំនួយដល់ហ្វីលីពីន គឺដើម្បីបញ្ចប់ការបះបោរ របស់ក្រុមជនជាតិអិស្លាម នៅក្នុងប្រទេសនេះ ក្លាយទៅជាសង្គ្រាមអូសបន្លាយរយៈពេលជាង៥០ឆ្នាំកន្លងមក សម្លាប់មនុស្សជាង១២០ពាន់នាក់ និងជាង១លាននាក់បាត់បង់ផ្ទះសម្បែង ។ លើសពីនេះទៅទៀត តំបន់ទាំងនោះប្រឈមនូវភាពក្រីក្រ គ្មានការអភិវឌ្ឍឡើយ។
អឺរ៉ុបបានផ្តល់ជំនួយដល់ហ្វីលីពីនជាទឹកប្រាក់១៤៥លានដុល្លារនៅក្នុង ដំណាក់កាលឆ្នាំ ២០០៧-២០១៣។ នៅក្នុងឆ្នាំ២០១៥ អឺរ៉ុបបានសម្រេចផ្តល់ជំនួយ ៣៦៣លានដុល្លារ ក្នុងរយៈពេល៤ឆ្នាំ ដើម្បីអភិវឌ្ឍន៍តំបន់ Mindanao ក្រោយពេលទីក្រុងម៉ានីលបានព្រមព្រៀងសន្តិភាពជាមួយក្រុមឧទ្ទាមកាលពីខែមីនា ឆ្នាំ២០១៤៕ ម៉ែវ សាធី