ព័ត៌មានទាន់ហេតុការណ៍៖

ស្គាល់គ្នាតាមហ្វេសប៊ុកមិនទាន់បានប៉ុន្មានថ្ងៃផងប្រើល្បិចបោកយកម៉ូតូ តែត្រូវអស់លក្ខណ៍ជាប់ខ្នោះ

ចែករំលែក៖

ខេត្តកណ្តាល៖ នារីម្នាក់បានដាក់ពាក្យបណ្តឹងសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកចាប់ខ្លួនជនសង្ស័យម្នាក់ដើម្បីមកផ្តន្ទាទោសតាមច្បាប់ ។ ជនរងគ្រោះបានលើកឡើងថា នាង និងជនសង្ស័យនោះបានស្គាល់គ្នាតាមរយៈហ្វេសប៊ុក ហើយបានព្រមស្រឡាញ់គ្នាធ្វើសង្សារដើរលេងជាមួយគ្នា ប៉ុន្តែគេបែរជាប្រើល្បិចបោកយកម៉ូតូមួយគ្រឿងពីនាងយកទៅស៊ីដាច់ ធ្វើឲ្យនាងខកចិត្តយ៉ាងខ្លាំង ។

រឿងរ៉ាវឆបោកក្បត់ទំនុកចិត្តខាងលើនេះបានកើតឡើងតាំងពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧មកម្ល៉េះ ប៉ុន្តែសមត្ថកិច្ចទើបតែចាប់ខ្លួនជនសង្ស័យបាននៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ដើម្បីនាំខ្លួនទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ាវ ស្រីនាង ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះចាស់ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ និងជនសង្ស័យ ឈ្មោះ ហេង វិសាល ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ ជាងកាត់សក់ បានស្គាល់គ្នាតាមរយៈហ្វេសប៊ុក មានរយៈពេលប្រមាណកន្លះខែមកហើយ ដោយជនសង្ស័យកុហកថា ខ្លួនគឺជាអ្នករកស៊ីលក់ដូរគ្រឿងអាហារសមុទ្រនៅកំពង់សោម និងគ្មានប្រពន្ធកូននោះទេ ។

ក្រោយមកជនរងគ្រោះដោយលង់ជឿសម្ដីរបស់ជនសង្ស័យក៏បានព្រមធ្វើជាសង្សារជាមួយនឹងជនសង្ស័យតែម្ដងទៅ ។

លុះនៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០១៧ ជនសង្ស័យ ហេង វិសាល បានសុំមកលេងផ្ទះជនរងគ្រោះ ស៊ាវ ស្រីនាង ដោយបានទិញមឹក បង្គា ត្របែល យកមកធ្វើអារហារហូបជាមួយក្រុមគ្រួសារជនរងគ្រោះ រួចក៏ត្រឡប់ទៅផ្ទះវិញ ។

លុះនៅព្រឹក ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៧ ជនសង្ស័យបានមកលេងជនរងគ្រោះម្ដងទៀត ដោយណាត់ជួបគ្នានៅចំណុចវត្តកំពង់គរ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល ជនរងគ្រោះបានយកម៉ូតូរបស់ខ្លួនម៉ាកហុងដាស៊េរី ឆ្នាំ ២០១០ ទៅយក ហេង វិសាល រួចបាននាំគ្នាដើរលេងក្នុងវត្តទួលព្រះរាជា រួចហើយបានចូលទៅលេងផ្ទះឈ្មោះ ចាន់ថន (ហៅរស្មី)(ត្រូវជាមេជាងសម្អាងការរបស់ ជនរងគ្រោះ) នៅភូមិពោធិ៍បាន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល ។

រហូតនៅវេលាកើតហេតុ ម៉ោង១២ ថ្ងៃទី១១ ខែឧសភា ជនសង្ស័យបានឃើញម៉ូតូ ១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរី ឆ្នាំ២០១១ ពណ៌ខ្មៅ របស់ឈ្មោះ ចាន់ថន (ហៅរស្មី) ក៏បានប្រើល្បិចកុហកសង្សារខ្លួនឈ្មោះ ស្រីនាង ថា ខ្លួនមានការរវល់ត្រូវប្រញាប់ទៅភ្នំពេញវិញ ក៏បានឲ្យជនរងគ្រោះខ្ចីម៉ូតូរបស់ឈ្មោះ ចាន់ថន(ហៅរស្មី)ជិះវិញ ព្រោះវាមានកញ្ចក់ត្រឹមត្រូវងាយស្រួលជិះចូលក្រុងភ្នំពេញ រួចជនរងគ្រោះក៏បានខ្ចីម៉ូតូមេជាងរបស់ខ្លួនជិះទៅភ្នំពេញជាមួយជនសង្ស័យតែម្ដង ។

ប្រភពបន្តថា នៅពេលដល់ភ្នំពេញជនសង្ស័យ ក៏បានប្រើល្បិចកុហកជនរងគ្រោះទៀតថា ខ្លួនត្រូវការជិះម៉ូតូទៅយកឥវ៉ាន់គេផ្ញើមក ដោយទុកអោយឈ្មោះ ស្រីនាង នៅរង់ចាំនៅហាងកាហ្វេមួយកន្លែងក្បែរវិមានឯករាជ្យ ហើយខ្លួនក៏យកម៉ូតូនោះទៅកាច់ស្លាកលេខចោល រួចឡើងតែមស៊េរីឆ្នាំ២០១៥ ហើយយកទៅលក់អោយគេបាត់ ។ ចំណែកជនរងគ្រោះដោយរង់ចាំយូរពេក ទំនាក់ទំនងពុំបាន ក៏ត្រឡប់មកផ្ទះវិញតែម្ដង ។ រហូតនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ០៩ និង ៣០នាទីព្រឹក ទើបមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកកោះធំតែម្ដង ។

ក្រោយពីទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចជំនាញស្រុកកោះធំ រួមនឹងក្រុមគ្រួសារជនរងគ្រោះបានស្រាវជ្រាវរហូតបានពត៌មានថា ជនសង្ស័យនៅក្នុងភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ពេនោះកម្លាំងជំនាញ បានសហការជាមួយនគរបាលស្រុកស្អាង ចុះឃាត់ខ្លួនឈ្មោះ ហេង វិសាល នៅផ្ទះរបស់គេ ក្នុងភូមិព្រែកពោធិ៍តែម្ដង និងបានដកហូតម៉ូតូ ដែលជនសង្ស័យឆបោកយកទៅនោះមកវិញ ។

បច្ចុប្បន្នជនសង្ស័យ ហេង វិសាល និងវត្ថុតាងម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១១ ឡើងតែមឆ្នាំ២០១៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ដែលមានលេខតួ និងលេខម៉ាស៊ីន 8599339 ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ហេង វិសាល បានសារភាពថា ខ្លួនពិតជាបានឆបោកយកម៉ូតូបស់ឈ្មោះ ស៊ាវ ស្រីនាង ដែលខ្ចីពីគេនោះ ប្រាកដមែន ៕


ចែករំលែក៖