ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំ៖ ការស្រាវជ្រាវពីរុស្ស៊ី កំពុងតែបំបែកបំបាក់អាមេរិក

ចែករំលែក៖

កាលពីថ្ងៃទី១៨ ខែឧសភា ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានរិះគន់ដល់ការស្រាវជ្រាវ ពាក់ព័ន្ធនឹងការចោទប្រកាន់រុស្ស៊ីជ្រៀតជ្រែកក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ កំពុងតែធ្វើឲ្យអាមេរិកបែកបាក់គ្នា។

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ដែលចោទសួរ អំពីក្រសួងយុត្តិធម៌អាមេរិក កាលពីថ្ងៃទី១៧ ខែឧសភា បានសម្រេចតែងតាំងអតីតប្រធាន FBI លោក Robert Mueller ធ្វើជារដ្ឋអាជ្ញាពិសេស ដើម្បីស្រាវជ្រាវពីទំនាក់ទំនងរវាងក្រុមការងារឃោសនាបោះឆ្នោតរបស់លោកត្រាំ ជាមួយ នឹងប្រទេសរុស្ស៊ី ក៏ដូចជាការជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតនោះ។ លោកត្រាំ បានបញ្ជាក់ថា«ខ្ញុំគោរពទៅលើការសម្រេចខាងលើ ប៉ុន្តែខ្ញុំចាត់ទុកថា នេះជាសកម្មភាព ដែលធ្វើឲ្យអាមេរិកត្រូវបែកបាក់ » ។

លោកត្រាំបញ្ជាក់ថា លោកក៏មិនដែលស្នើដល់អតីតប្រធាន FBI លោក James Comeyដែលលោកទើបតែដកហូតតំណែងបញ្ចប់ការស្រាវជ្រាវពាក់ព័ន្ធនឹងទីប្រឹក្សាសន្តិសុខ Michael Flynn ជាមួយរុស្ស៊ី ។ លោកត្រាំ ក៏មានបំណងបោះបង់ហេតុការណ៍ទាំងនោះទៅម្ខាង ដោយផ្តោតទៅលើការបង្កើនការងារធ្វើ ពង្រឹងកម្លាំងយោធា និងសុខាភិបាល ។

ប្រសិនបើការអង្កេតឯករាជ្យរបស់រដ្ឋអាជ្ញាពិសេសរកឃើញអំពីការពាក់ព័ន្ធគ្នារវាងលោក ត្រាំ នឹងរុស្ស៊ីក្នុងពេលឃោសនាបោះឆ្នោតមែន ហើយលោកត្រាំ ពិតជាប្រើអំណាចរារាំង ឬបិទខ្ទប់ដំណើរការអង្កេតរបស់ FBI មែននោះ អាមេរិកពិតជានឹងអាចចោទប្រកាន់ប្រធានាធិបតី ស្របតាមនីតិវិធី Impeachment នៃមាត្រ២ របស់រដ្ឋធម្មនុញ្ញ ដែលនឹងអាចឈានដល់ការដកតំណែងប្រធានាធិបតីបានហើយ។

តាមច្បាប់ ដើម្បីអាចចាប់ផ្តើមនីតិវិធីបាន ត្រូវមានអន្តរាគមន៍ពីសភា និងព្រឹទ្ធសភា ។ សភាជាអ្នកចាប់ផ្តើមមុន ដោយចេញញត្តិចាប់ថ្នាក់ និងបោះឆ្នោតអនុម័ត ។បើទទួលបានសំឡេងគាំទ្រភាគច្រើនដាច់ខាត និងភស្តុតាងគ្រប់គ្រាន់ សំណុំរឿងនឹងត្រូវបញ្ជូនទៅឱ្យព្រឹទ្ធសភាអនុម័តសម្រេច ។ ព្រឹទ្ធសភាដើរតួនាទីជាតុលាការ និងបើកសវនការកាត់ក្តី ។ ក្នុងពេលនោះ ជនជាប់ឆ្នោត ដែលត្រូវព្យួរតំណែងសិនអាចមានមេធាវីការពារក្តី ដូចក្នុងដំណើរព្រហ្មទណ្ឌទូទៅម្នាក់ ឬច្រើននាក់ ។ បើព្រឹទ្ធសភាបោះឆ្នោតប្រមូលសំឡេងបានពីរភាគបីចោទថា ប្រធានាធិបតីមានទោស នោះលោកត្រាំ នឹងត្រូវដកចេញពីតំណែងភ្លាមហើយអនុប្រធានាធិបតីត្រូវទទួលបន្ទុកដឹកនាំប្រទេសបន្តតែម្តង ។

គិតចាប់ពីឆ្នាំ១៧៨៩មក ឆ្នាំដែលរដ្ឋធម្មនុញ្ញអាមេរិកចូលជាធរមានមកអាមេរិកបានប្រើនីតិវិធី Impeachment ដកតំណែង ចំនួន១៩ដង ក្នុងនោះបីដងប្រឆាំងនឹងប្រធានាធិបតី គឺ លោក អង់ដ្រូ ចនសុន នៅឆ្នាំ១៨៦៨ និងលោក ប៊ីល គ្លីនតុន នៅឆ្នាំ១៩៩០ ពីបទរារាំងតុលាការដើម្បីបិទខ្ទប់សំណុំរឿង ម៉ូលីកា ឡឺវែនស្គីប៉ុន្តែប្រធានាធិបតីទាំងពីរ ត្រូវបានសង្គ្រោះ នៅព្រឹទ្ធសភា ។ តែក្នុងក្រោយចប់អាណត្តិ លោក គ្លីនតុនត្រូវតុលាការកាត់ទោសក្នុងសំណុំរឿងដដែល ឱ្យបង់ខាតប្រមាណ២៥ម៉ឺនដុល្លារ និងជាប់ទោសមិនអាចឈរឈ្មោះធ្វើនយោបាយ៥ឆ្នាំ ។ ចំណែកករណីលោកប្រធានាធិបតី និចស៊ុន ក្នុងឆ្នាំ១៩៧៤វិញ លោកបានលាលែងចេញពីតំណែងមុនដំណើរការនីតិវិធីហូតអំណាចចាប់ផ្តើមទៅទៀត។

ក្នុងករណីលោក ត្រាំ អ្វីៗកំពុងស្ថិតក្នុងដៃអ្នកសាធារណរដ្ឋហើយ សាធារណរដ្ឋ មានសំឡេងភាគច្រើននៅក្នុងសភា និងព្រឹទ្ធសភា។ តើពួកគេត្រៀមនឹងដកតំណែងប្រធានាធិបតី ដែលជាអ្នកសាធារណរដ្ឋដូចគ្នាឬទេ ? ធម្មតាគឺគេមិនធ្វើទេ តែគ្មានអ្វីប្រាកដទេ ពេលនេះ ព្រោះអ្នកសាធារណរដ្ឋខ្លះទំនងជាសុខចិត្តឃើញលោក អនុប្រធានាធិបតីដឹកនាំប្រទេស ច្រើនជាងលោកត្រាំ ៕ ម៉ែវ សាធី

 


ចែករំលែក៖