ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ ឥណ្ឌាបារម្ភខ្លាចចិនគ្រប់គ្រងសមុទ្រខាងត្បូងហើយបន្តទៅកាន់សមុទ្រឥណ្ឌាទៀត

ចែករំលែក៖

បន្ទាប់ពីប្រទេសនៅជុំវិញដែនសមុទ្រចិនភាគខាងត្បូងព្រួយបារម្ភពីប្រទេសចិនពង្រីកការគ្រប់គ្រង់នៅដែនសមុទ្រចិនភាគខាងត្បូងហើយបង្កើតកោះសិប្បនិមិត្តធ្វើជាទីតាំងយោធានោះ នៅពេលនេះឥណ្ឌាក៏ព្រួយបារម្ភពីចិនអាចទៅសាងសង់កោះសិប្បនិមិត្តនៅមហាសមុទ្រឥណ្ឌាដែរ។

អត្ថបទមួយដែលបានផ្សព្វផ្សាយលើ ទស្សនាវដ្តី The national Interest បាន បង្ហាញពីការព្រួយបារម្ភរបស់ឥណ្ឌា ពេលចិនមានគម្រោងពង្រីកសកម្មភាពសាង សង់កោះសិប្បនិមិត្តនៅមហាសមុទ្រឥណ្ឌា ក្រោយពេលដែលប្រទេសMaldives បានកែប្រែរដ្ឋធម្មនុញ្ញអនុញ្ញាតឲ្យបរទេសអាចទិញដីរស់នៅក្នុងប្រទេសនេះបាន។

រដ្ឋាភិបាលMaldives បានអនុម័តច្បាប់កែប្រែរដ្ឋធម្មនុញ្ញឲ្យអ្នកវិនិយោគបរទេសដែលបានចំណាយប្រាក់ជាង១ពាន់លានដុល្លារអាចទិញដីជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ភាគីឥណ្ឌាបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីសកម្មភាពទាំងនោះ។ ឥណ្ឌាជាប្រទេសមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជា ​ មួយប្រទេសម៉ាល់ឌីវនិងស្រីលង្កាបាន បង្ហាញការព្រួយបារម្ភពីការចូលរួមកាន់តែច្រើនឡើងរបស់ចិននៅមហាសមុទ្រ ឥណ្ឌា។ ចិនអាចចំណាយប្រាក់យ៉ាងច្រើនដើម្បីសាងសង់កំពង់ផែនៅទីនោះ។មន្ត្រីយោធាឥណ្ឌាបានបង្ហាញការព្រួយបារម្ភថាចិនអាចក្តាប់យល់ឱកាសនោះដើម្បី ពង្រីកកោះបន្ថែមនៅម៉ាល់ឌីវជាតំបន់ដែលមានភូមិសាស្ត្រយុទ្ធសាស្ត្រដ៏សំខាន់នៅ មហាសមុទ្រឥណ្ឌា។

ឥណ្ឌាបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ដោយត្រូវប្រឈមមុខជាមួយចិនទាំងនៅលើដែនគោកនិងដែនទឹក។ ប៉ុន្តែចំពោះឥណ្ឌាខុសពីប្រទេសនៅដែនសមុទ្រចិនភាគខាងត្បូង ដោយឥណ្ឌាមានគ្រាប់បែកបរមាណូយុទ្ធសាស្ត្រនិងកាំជ្រួចមីស៊ីល ទំនើបៗអាចបំពាក់ក្បាលគ្រាប់បរមាណូជាច្រើនផងដែរ។ ប្រើប្រៀបធៀបកម្លាំង ឥណ្ឌានិងចិនគឺប្រហាក់ប្រហែលគ្នាហើយបើផ្ទុះសង្គ្រាមនឹងគ្នានោះពិបាកកំណត់ថាប្រទេសណាមួយជាអ្នកឈ្នះណាស់។

ឥណ្ឌាមានប្រទេសលោកខាងលិចជាសម្ពន្ធមិត្តដូចជាអាមេរិកជាដើម ហើយ សព្វាវុធទំនើបៗរបស់ឥណ្ឌាភាគច្រើនក៏ ទិញពីអាមេរិកផងដែរ។ ចំណែកចិនវិញមានសម្ពន្ធមិត្តគឺប្រទេសរុស្ស៊ី ប៉ុន្តែមិនប្រាកដ​​ ថារុស្ស៊ីនឹងជួយចិននោះទេបើមានសង្គ្រាមកើតឡើងនោះ។

សកម្មភាពរបស់ចិននាពេលកន្លងមកនិងនៅពេលនេះបានបង្កការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសង្គ្រាមដែលនឹងអាចកើតឡើងគ្រប់ពេលវេលា។ អ្នកឯកទេសអាមេរិកក៏បានបញ្ជាក់ផងដែរថាសង្គ្រាមលោកលើកទី៣កើតឡើងគឺដើម្បីប្រឆាំងចិន។

ចិនកំពុងតែដើរកូនអុកមរណៈនៅដែនសមុទ្រ ដោយបានលុបធ្វើជាកោះសិប្ប ​ និមិត្តនៅសមុទ្រដាច់ស្រយាលធ្វើជាទីតាំងយោធានិងជាកន្លែងសម្រាប់លាក់នាវាមុជទឹករបស់ខ្លួនដើម្បីគេចផុតពីការចាប់បានពីប្រព័ន្ធរ៉ាដារបស់អាមេរិក។នៅពេលនេះចិនបានបង្កើតកោះសិប្បនិមិត្តដោយជោគជ័យនៅដែនសមុទ្រចិនភាគខាងត្បូង ហើយពេលនេះកំពុងតែសំដៅបង្កើតកោះសិប្ប និមិត្ត ធ្វើជាទីតាំងទាហានជើងទឹកនៅសមុទ្រឥណ្ឌាទៀតផង ពិសេសនៅក្នុងដែនសមុទ្រ ប្រទេសម៉ាល់ឌីវ។

សម្ពន្ធមិត្តយុទ្ធសាស្ត្ររបស់ចិននាពេលនេះគឺប្រទេសរុស្ស៊ី ហើយរុស្ស៊ីកំពុងតែជាប់រវល់ទប់ទល់នឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិច។ ក្នុងរយៈពេល១ឆ្នាំកន្លង​មក ទីក្រុងប៉េកាំងនិងទីក្រុងមូស្គូបានចុះ កិច្ចព្រមព្រៀងដៃគូយុទ្ធសាស្ត្របានតែ៣៤ចំណុចប៉ុណ្ណោះ។

ក្រុមអ្នកឯកទេសបញ្ជាក់ផងដែរថារុស្ស៊ីអនាគតនឹងក្លាយជាប្រទេសស្ថិតនៅក្រោមឥទ្ធិពលរបស់ចិនជាមិនខានដោយសារតែសេដ្ឋកិច្ច។នៅពេលដែលរុស្ស៊ីបន្តសង្គ្រាមជាមួយអាមេរិក ឬនៅតែបន្តប្រឈមមុខជាមួយលោកខាងលិចនោះសេដ្ឋកិច្ចរបស់ រុស្ស៊ីនឹងត្រូវពឹងផ្អែកជាច្រើនទៅលើប្រទេសចិន ដែលអាចប្រែក្លាយជាកូនអុករបស់ចិនសម្រាប់ទប់ទល់នឹងអាមេរិក។ ដោយសារតែរុស្ស៊ីមានសេដ្ឋកិច្ចទន់ខ្សោយហើយមានប្រជាជនតិចទៀតនោះអាចនឹងស្ថិតនៅក្រោមចិនជាមិនខាន។

ការវាយប្រហារជាទ្រង់ទ្រាយធំនាពេលកន្លងមកទៅលើបណ្តាញស៊ីវិលនិងយោធារបស់អាមេរិកបានបង្ហាញយ៉ាងច្បាស់ថាចិនមានសមត្ថភាពខ្ពស់នៅក្នុងការវាយប្រហារតាមបណ្តាញដែលធ្វើឲ្យអាមេរិកព្រួយបារម្ភយ៉ាងខ្លាំង។ ក្រុម Hacker ចិនអាចវាយលុកចូលទៅក្នុងប្រព័ន្ធបណ្តាញយោធារបស់អាមេរិកអាចលួចយកឯកសារសំខាន់ៗស្តីពីយុទ្ធសាស្ត្រយោធា។

អ្វីដែលអាមេរិកបង្ហាញការព្រួយបារម្ភនោះគឺសព្វាវុធរបស់អាមេរិកជាច្រើនក្នុងនោះមានទាំងយន្តហោះចម្បាំងទំនើបបំផុតរបស់អាមេរិកបានទិញឧបករណ៍ជាច្រើនដែលផលិតនៅក្នុងប្រទេសចិន។ ជាមួយ គ្នានោះឧបករណ៍អេឡិចត្រូនិក ៨០ភាគ រយប្រើប្រាស់នៅអាមេរិកជាផលិតផល Made in China។

ដូចអ្វីដែលអ្នកឯកទេសអាមេរិកបានលើកឡើងថាសង្គ្រាមលោកលើកទី៣អាចកើតឡើងបានគឺដោយសារតែចិន ហើយសង្គ្រាមនោះក្នុងគោលដៅទប់ទល់ឥទ្ធិពលរបស់ចិន។ ចំពោះចិនវិញដោយដឹងច្បាស់ថាខ្លួនមិនអាចយកឈ្នះអាមេរិកនាពេលនេះទើបខិតខំស្វែងរកសម្ពន្ធមិត្តដើម្បីអាចវាយពីក្រោយខ្នងអាមេរិកនៅពេលដែលមានសង្គ្រាមផ្ទុះឡើង ។ចំណុចទាំងនោះធ្វើឲ្យចិនត្រូវតែចំណាយប្រាក់ជាច្រើនទៅកាន់ទ្វីបខ្មៅដែលអាមេរិកបានបោះបង់ចោល ហើយក៏ជាតំបន់ដែលបាត់បង់ជំនឿលើអាមេរិកទាំងស្រុង។

នៅមុនពេលដែលសង្គ្រាមកើតឡើងរវាងអាមេរិកនឹងចិន អ្វីដែលចិនត្រូវធ្វើដំបូងគេនោះគឺបញ្ជូនក្រុមhacker ទៅបំផ្លាញ បណ្តាញរបស់អាមេរិក ទាំងនោះហើយធ្វើឲ្យអាមេរិកមានភាពចលាចលបាត់បង់ ទិសដៅក្នុងការវាយប្រហារ។ ចិនអាច យកឈ្នះអាមេរិកនៅក្នុងសង្គ្រាមបាន គឺ​ត្រូវតែប្រើល្បិច បើប្រើកម្លាំងបាយប្រាកដជាមិនអាចឈ្នះឡើយ។ មួយវិញទៀតចិនកំពុងតែខិតខំដាក់ពង្រាយយោធានៅក្នុងគោលដៅទប់ទល់នឹងអាមេរិក ។បើចិនមានទីតាំងយោធាតែនៅក្បែរប្រទេសខ្លួនឯងនោះងាយស្រួលរងការវាយប្រហារទាំងនោះហើយបានធ្វើឲ្យចិនត្រូវតែបង្កើតកោះសិប្បនិមិត្តជាច្រើននៅគ្រប់ទិសទីទាំងនៅសមុទ្រចិនខាងត្បូង សមុទ្រខាងកើត និង នៅពេលនេះគឺមហាសមុទ្រឥណ្ឌា៕ ម៉ែវ សាធី


ចែករំលែក៖