ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះចម្បាំងចិន២គ្រឿងទៅរារាំងយន្តហោះចម្បាំងអាមេរិកនៅតំបន់សមុទ្រ

ចែករំលែក៖

កាលពីថ្ងៃទី១៨ ខែឧសភា មន្ត្រីជាន់ ខ្ពស់អាមេរិកម្នាក់បានឲ្យដឹងថា យន្តហោះ ចម្បាំងចិន២គ្រឿងប្រភេទ Su-30 បានហោះហើរទៅស្ទាក់យន្តហោះតាមដានសារធាតុវិទ្យុសកម្មរបស់កម្លាំងទាហានអាកាសអាមេរិកនៅដែនសមុទ្រអន្តរជាតិ ។

បណ្តាញព័ត៌មាន CNN បានដកស្រង់សម្តីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថាយន្តហោះចម្បាំងចិន Su-30 បានហោះហើរទៅស្ទាក់យន្តហោះអាមេរិកដោយហោះកៀកចម្ងាយតែ ៤៥ម៉ែត្រ ប៉ុណ្ណោះ។ យន្តហោះអាមេរិកដែលត្រូវចិនរារាំងនោះជាប្រភេទ WC -135។

កម្លាំងទាហានអាកាសអាមេរិកតែងតែដាក់យន្តហោះតាមដានវិទ្យុសកម្ម WC-135 នៅតំបន់ អាស៊ីក្នុងនោះមានឧបទ្វីបកូរ៉េ ដើម្បីតាមដានសកម្មភាពសាកល្បងកាំជ្រួចមីស៊ីល និងបរមាណូរបស់ប្រទេសនេះ។

មន្ត្រីអាមេរិកបានបញ្ជាក់ថា ការហោះ ទៅស្ទាក់របស់យន្តហោះចិន គឺខ្វះឯកទេសអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង។ នេះជាលើកទី១ហើយដែលចិនបញ្ជូនយន្តហោះចម្បាំងទៅស្ទាក់យន្តហោះអាមេរិក កុំឲ្យហោះចូលក្នុងទឹកដីរបស់ខ្លួន។

ហេតុការណ៍ខាងលើកើតឡើងក្នុងពេលដែលស្ថានភាពនៅក្នុងតំបន់កំពុងតែតានតឹងដោយសារតែសកម្មភាពសាកល្បង កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង និងការ បង្កើនការដាក់ទណ្ឌកម្មរបស់សហគមន៍ អន្តរជាតិ៕ ម៉ែវ សាធី


ចែករំលែក៖