ព័ត៌មានទាន់ហេតុការណ៍៖

ស្ពានហាលមុខប្រាសាទអង្គរវត្តនឹងផ្អាកចរាចរ៣ថ្ងៃខាងមុខជំនួសដោយស្ពានពោងបណ្ដែតទឹក

ចែករំលែក៖

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០១៧ ថា ស្ពានហាលខាងលិច មុខប្រាសាទ អង្គរវត្ត ដែលស្ថិតក្នុងសភាពទ្រុឌទ្រោម នឹងផ្អាកលែងឲ្យភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ទាំងស្រុងដើម្បីបញ្ជៀសគ្រោះថ្នាក់ និងទុក លទ្ធភាពឲ្យក្រុមការងារជួសជុលឡើងវិញ។

មន្ត្រីអាជ្ញាធរជាតិអប្សរាបានឲ្យដឹង ទៀតថា ស្ពានហាលខាងលិច មុខប្រាសាទ អង្គរវត្តនឹងផ្អាកលែងឲ្យភ្ញៀវទេសចរធ្វើ ដំណើរឆ្លងកាត់ទាំងស្រុងក្នុងអំឡុងពេលដែលស្ពាននេះដំណើរការជួសជុលដោយសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេស ជប៉ុន សហការជាមួយអាជ្ញាធរជាតិអប្សរា។ ការផ្អាកលែងឲ្យភ្ញៀវទេសចរឆ្លងកាត់នេះដើម្បីបញ្ជៀសគ្រោះថ្នាក់ និងទុកលទ្ធភាពឲ្យក្រុមការងារជួសជុលស្ពានហាលនេះ ដំណើរការបានល្អប្រសើរ។

ក្នុងដំណាក់កាលកំពុងសាងសង់ អាជ្ញាធរជាតិអប្សរាសម្រេចសាងសង់ ស្ពានបណ្តែតទឹកបណ្តោះអាសន្នមួយ ដែលមានទទឹង១០ម៉ែត្រ និងបណ្តោយ ២២០ម៉ែត្រ សម្រាប់ឲ្យភ្ញៀវទេសចរអាច ចូលទៅទស្សនាប្រាសាទអង្គរបានតាម ធម្មតា។ ស្ពាននេះសង់ពីពោងទឹក ដែលនាំ យកមកពីប្រទេសកាណាដា ដែលមានការ ធានាគុណភាព និងសុវត្ថិភាពត្រឹមត្រូវពី ក្រុមហ៊ុនរយៈពេល៥ឆ្នាំ។

គួរបញ្ជាក់ថា ស្ពានពោងបណ្តែតទឹក ដែលជាសំណង់សង់កាត់កសិន្ធប្រាសាទអង្គរវត្ត បានបើកការដ្ឋានសង់តាំងពីថ្ងៃ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយគ្រោង នឹងដាក់សម្ពោធប្រើប្រាស់ជាផ្លូវការ នៅថ្ងៃ ទី២៥ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរ ជាតិអប្សរា៕ សហការី


ចែករំលែក៖