ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប ឯកអគ្គរដ្ឋទូតបារាំងចប់អាណត្តិ

ចែករំលែក៖

ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Jean-Claude Poimboeuf ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋបារាំងប្រចាំកម្ពុជាដែលចប់អាណត្តិបេសកកម្មការងារនៅ កម្ពុជា ចូលជួបសំណេះសំណាល និងជំរាបលា ។

លោក Jean-Claude Poimboeuf បានសម្តែងនូវការសោកស្តាយ និងសូមចូលរួមមរណៈទុក្ខ ចំពោះការ បាត់បង់វីរៈយុទ្ធជនរបស់កម្ពុជា ចំនួន៤នាក់ ដែលបានពលីជីវិត នៅក្នុងបេសកកម្មកងរក្សាសន្តិភាព អង្គការសហប្រជាជាតិ ដែលសពត្រូវបានដឹកមកដល់កម្ពុជា កាលពីយប់មិញនេះ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមក៏បានសម្តែងនូវក្តីរីករាយដែលបានបម្រើការងាររយៈពេល៣ឆ្នាំនៅកម្ពុជា ដោយបានបំពេញ ការងារជាច្រើន ក្នុងនោះមានការងារចំនួន៣សំខាន់ ទី១)គឺការងារពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង ទី២)ពង្រឹងនិងពង្រីកវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មកម្ពុជា-បារាំង និងទី៣)ពង្រឹងភាពជាដៃគូនៃ ប្រទេសទាំងពីរ។

លោកអគ្គរដ្ឋទូតបារាំងបានសម្តែងនូវការរីករាយ ដែលក្នុងអាណត្តិរបស់ឯកឧត្តម បានរៀបចំឲ្យមាន ដំណើរទស្សនៈកិច្ចរបស់ សម្តេចតេជោ ទៅកាន់សាធារណៈរដ្ឋបារាំង ដោយទទួលបានជោគជ័យ ហើយ ក្រោយមកក៏មានព្រះរាជទស្សនៈកិច្ចរបស់ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា យាងទៅចូលរួម ក្នុងសន្និសីទអន្តរជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ នៅទីក្រុងប៉ារីសកន្លងមកនេះ។

កន្លងមកបារាំង ក៏ធ្លាប់បានចូលរួមបង្កើនសមត្ថភាពរបស់កងរាជអាវុធហត្ថកម្ពុជា ហើយបារាំង និង កម្ពុជាក៏ធ្លាប់បានប្រារព្ធខួប៥០ឆ្នាំ នៃដំណើរទស្សនៈកិច្ច លោក ហ្សង់ ដឺហ្គូល អតីតប្រធានាធិបតី បារាំង និងបានប្រារព្ធខួប២៥ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅកម្ពុជាផងដែរ។

ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ បារាំងក៏មានភ្ញៀវទេសចរបារាំងមកកាន់កម្ពុជាជាបន្តបន្ទាប់ដែរ ហើយ ក្នុងនោះបារាំង ក៏បានបើកសម្ពោធ ច្រកអ្នកធ្វើដំណើរថ្មីនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញទៀតផង ។ នៅក្នុងកិច្ចពង្រឹងភាពជាដៃគូ បារាំងបានផ្តល់នូវជំនួយឥណទានមួយចំនួននៅក្នុងវិស័យអប់រំ។ ជាមួយគ្នានោះដែរ បារាំងក៏មានកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាលើ ICC Angkor ដោយមាន បារាំងនិងជប៉ុន ជាសហប្រធានក្នុងការរក្សា និងអភិរក្សបេតិកភណ្ឌអង្គរ។

សម្តេចតេជោ ហ៊ុន សែន បានឯកភាពចំពោះអ្វីដែល លោក Jean-Claude Poimboeuf បានលើកឡើង។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណបារាំង ដែលបានជួយមកដល់កម្ពុជា ដូចជា វិស័យអប់រំ, ការផ្គត់ផ្គង់ទឹកស្អាត និងវិស័យផ្សេងៗទៀត។ សម្តេចតេជោ បានថ្លែងអំណរគុណដល់ បារាំង ដែលបានផ្តល់ផែនទីតាមសំណូមពររបស់កម្ពុជា ដើម្បីផ្ទៀងផ្ទាត់ បន្ទាប់ពីមានការចោទប្រកាន់ បំផ្លាញការពិតបក្សនយោបាយមួយចំនួន។ ថ្មីៗនេះទាក់ទងទៅនឹងព្រំដែនរវាងកម្ពុជា-វៀតណាម គឺកម្ពុ ជាបានស្នើទៅបារាំងអោយផ្តល់អ្នកជំនាញជួយកម្ពុជាបន្តទៀត។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ផងដែរថា នាពេលខាងមុខ សម្តេចនឹងរៀបចំតំបន់ព្រំដែន ឲ្យបានចប់សព្វគ្រប់ ក្នុងអំឡុងពេលដែល សម្តេចតេជោ ជានាយករដ្ឋមន្ត្រី ដើម្បីកុំឲ្យកូនចៅជំនាន់ ក្រោយមានបញ្ហាព្រំដែនតទៅទៀត៕

ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖