ភ្នំពេញ៖ សំណុំរឿងឆបោកប្រាក់ជិតមួយលានដុល្លារសហរដ្ឋអាមេរិក នឹងត្រូវសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការនាថ្ងៃទី២៦ ខែឧសភា ខាងមុខនេះ ។ នេះបើតាមការបញ្ជាក់របស់មេធាវីតំណាងដើមបណ្ដឹង ។
សវនាការនេះ ដឹកនាំដោយលោក សេង លាង ចៅក្រមជំនុំជម្រះ និង លោក គុជ គឹមឡុង ជាតំណាងអយ្យការ ។
ជនជាប់ចោទក្នុងសំណុំរឿងនេះមានឈ្មោះ សួន មាន ឈ្មោះ ហង្ស សុខា និងឈ្មោះ សុខ ស៊ុនហេង ។ ពួកគេទាំង៣នាក់ ត្រូវបានលោក ប៊ុន ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ ឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទឆបោក ។ ប៉ុន្តែក្រោយមក ពួកគេត្រូវបានដោះលែងឲ្យនៅក្រៅឃុំវិញ ។
ចន្លោះពេលនេះ ប្រភពព័ត៌មានបង្ហើបថាជនជាប់ចោទទាំង៣នាក់ ទំនងជាមិនចូលរួមសវនាការនេះទេ ។
គួរបញ្ជាក់ថា លោក ពុធ ធាវី មេធាវីការពារក្ដីជនជាប់ចោទ៣នាក់ក្នុងសំណុំរឿងឆបោកប្រាក់ជិត១លានដុល្លារអាមេរិក ធ្លាប់ចេញមុខមកធ្វើសន្និសីទសារព័ត៌មាននិងបង្ហាញឯកសារការពិតមួយចំនួន ដែលលោកមេធាវីបញ្ជាក់ថា កូនក្តីទាំង៣នាក់ពុំបានឆបោកប្រាក់ដូចការចោទប្រកាន់និងយកឈ្មោះកូនថ្នាក់ដឹកនាំមកប្រើ នោះទេ ។
សមត្ថកិច្ច បានឲ្យដឹងថា ដើមបណ្ដឹងក្នុងសំណុំរឿងនេះ គឺ អ្នកស្រី សូ ណាវី កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ បានដាក់ពាក្យបណ្ដឹងទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ប្តឹងឈ្មោះ សួន មាន ឈ្មោះ ហង្ស សុខា និងឈ្មោះ សុខ ស៊ុនហេង ពីបទឆបោកប្រាក់ចំនួន៩២៤.០០០ដុល្លារអាមេរិក (កៅសិបពីរម៉ឺនបួនពាន់ដុល្លារអាមេរិក)។
យោងតាមឯកសារ បានបង្ហាញថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤ ឈ្មោះ សួន មាន ឈ្មោះ ហង្ស សុខា និង ឈ្មោះ សុខ ស៊ុនហេង ហើយនឹងឈ្មោះ អៀ ហុកនីម ដែលជាគណនីរបស់ឈ្មោះ សូ ណាវី បានចូលរួមធ្វើជាសាក្សីក្នុងការដើរប្រមូលទិញដីពីប្រជាពលរដ្ឋនៅចំណុចភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។ ក្រោយមកទៀត ឈ្មោះ សួន មាន បានព្រមព្រៀងរៀបដីលក់ឲ្យទៅឈ្មោះ សូ ណាវី ដែលមានផ្ទៃដីចំនួន១,០១៨ហិចតា ដោយក្នុងមួយហិចតាតម្លៃ២៣០០ដុល្លារអាមេរិក ។ ពេលនោះ ពួកគេបានធ្វើកិច្ចសន្យាទិញលក់ត្រឹមត្រូវ ហើយក្នុងការទូទាត់ប្រាក់ត្រូវបានធ្វើជា៣ដំណាក់កាល ។
ឯកសារដដែល បង្ហាញថា នៅពេលប្រគល់ប្រាក់ជាបន្តបន្ទាប់ ឈ្មោះ សូ ណាវី បានក្រឡាស់សម្តីថា ទិញដីតែទំហំ៥០០ហិចតាវិញ ព្រោះពុំមានលុយគ្រប់ចំនួន ដែលនៅពេលនោះពួកគេទាំង៣នាក់ បានរៀបចំដីគិតជាទឹកប្រាក់ចំនួន៥៣៧.០០០ដុល្លារអាមេរិក ។ សរុបទូទាត់ទៅ ពួកគេទាំង៣នាក់នៅជំពាក់ឈ្មោះ សូ ណាវី ជាង១០ម៉ឺនដុល្លារប៉ុណ្ណោះ ពុំមែនជិត១លានដុល្លារ ដូចការចោទប្រកាន់ នោះឡើយ ។
លោកមេធាវី ពុធ ធាវី បានបន្តថា រឿងហេតុអ្វីបានជាអ្នកស្រី សូ ណាវី បែរជាប្តឹងកូនក្តីទាំង៣នាក់ទៅសមត្ថកិច្ចទៅវិញ ។ លោកមេធាវី បន្ថែមថា ក្នុងប្រតិបត្តិការទិញលក់ដី រវាងភាគីកូនក្តី ជាមួយអ្នកស្រី សូ ណាវី ដោយមានកិច្ចសន្យាទិញលក់ត្រឹមត្រូវ គឺ កូនក្តីបានយកប្លង់កម្មសិទ្ធិដីធ្លីចំនួន៥ប្លង់ ដែលមានតម្លៃរាប់លានដុល្លារអាមេរិក យកមកតម្កល់ទុកនៅភាគីសូ ណាវី ថែមទៀត ។
ជាមួយគ្នានេះ លោក ហុក ម៉េង អ្នកបកប្រែភាសាចិនឲ្យក្រុមហ៊ុន លី ហួយ បានបញ្ជាក់ថា ទីតាំងដីនេះ គឺ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ដែលបានទិញពីអ្នកស្រី សូ ណាវី ដោយបានប្រគល់ប្រាក់គ្រប់ចំនួនហើយ ។ នេះសបញ្ជាក់ឲ្យឃើញថា ដីនេះពិតជាបានលក់ឲ្យអ្នកស្រី សូ ណាវី ហើយអ្នកស្រី សូ ណាវី បានលក់បន្តឲ្យក្រុមហ៊ុនចិន ដែលខុសទាំងស្រុងចំពោះការចោទប្រកាន់ថា ពួកគេទាំង៣នាក់ លក់ដីខ្យល់ឲ្យអ្នកស្រី សូ ណាវី ។
ទោះបីយ៉ាងណា ពុំទាន់ស្វែងរកការបញ្ជាក់ពីអ្នកស្រី សូ ណាវី បាននៅឡើយទេ ។ ប៉ុន្ដែ កាលពីពេលកន្លងទៅ អ្នកស្រី សូ ណាវី បានចោទប្រកាន់អ្នកទាំង៣នាក់ថា បានឆបោកប្រាក់ជិត១លានដុល្លារ ៕ ចេស្តា