ព័ត៌មានទាន់ហេតុការណ៍៖

កីឡាហុកគីកម្ពុជាផ្នែកនារីបច្ចុប្បន្នមានការវិវឌ្ឍខ្លាំងជាងឆ្នាំមុន

ចែករំលែក៖

ភ្នំពេញ ៖ ការវិវឌ្ឍផ្នែកបច្ចេកទេស និងកម្លាំងបានយ៉ាងឆាប់រហ័ស របស់កីឡាការិនី ហុកគីកម្ពុជា ដោយសារតែ ពួកគេមានឱកាសបានចេញទៅប្រកួតដកស្រង់បច្ចេកទេសជា លក្ខណៈអន្តរជាតិជាច្រើនប្រកួតនៅតាមបណ្តាប្រទេស ដែលជាសមាជិកហុគីអាស៊ី និង ពិភពលោក។ នេះតាមការបញ្ជាក់របស់លោក កាំង សុធា អនុប្រធានសហព័ន្ធកីឡា ហុកគីកម្ពុជាកាលព្រឹកថៃ្ងទី២២ ខែឧសភា ឆ្នាំ២០១៧ ។

លោកអនុប្រធានសហព័ន្ធកីឡាហុកគីកម្ពុជាបានឲ្យដឹងថា ចំពោះការចម្រើនឡើងគួរ ឲ្យកត់សម្គាល់ទាំងផ្នែកបច្ចេកទេស កម្លាំង និងបទពិសោធន៍លើទីលានប្រកួតរបស់កីឡាការិនីហុកគីកម្ពុជា តាមរយៈការចូលរួមប្រកួតច្រើននៅលើឆាកអន្តរជាតិ បើប្រៀបធៀបកាល ឆ្នាំមុនកន្លងទៅ ពីព្រោះសហព័ន្ធកីឡាហុកគីបានបញ្ជូនកីឡាការិនីរបស់ខ្លួនទៅប្រកួតដកស្រង់បច្ចេកទេសជាច្រើនលើកតាមបណ្តាប្រទេសក្នុងតំបន់ ។

លោកអនុប្រធានសហព័ន្ធបានបន្តថា សហព័ន្ធកីឡាហុកគីកម្ពុជាមានឈ្មោះ ប្រមូលផ្តុំហ្វឹកហាត់ត្រៀមទៅចូលរួម ប្រកួតកីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី នាខែសីហានេះដែរ ។ បច្ចុប្បន្ន ហុកគីកំពុងបង្កើនការហ្វឹកហាត់ដោយយកចិត្តទុកដាក់ ព្រមទាំងជំរុញឲ្យមាន ការប្រកួតមិត្តភាពដកស្រង់បទពិសោធន៍ជាញឹកញយតាមបណ្តាក្លិបនៅក្នុងប្រទេសកម្ពុជា ។

លោកបានបន្តទៀតថា ការត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០១៧នេះ គឺហុកគីបានរៀបចំយូរណាស់មកហើយ ត្រង់បានទៅ ឬមិនបានទៅនោះ អាស្រ័យលើគោល ការណ៍របស់ក្រសួងអប់រំយុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាអ្នកសម្រេច ។ ប៉ុន្តែឆ្លងកាត់ការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ពីគ្រូបង្វឹក និងការប្រកួតមិត្តភាពអន្តរជាតិក្រៅប្រទេសកន្លងមក ហុកគីមានរំពឹងច្រើនដែរ សម្រាប់ការប្រកួតស៊ីហ្គេមនៅម៉ាឡេស៊ី ។

លោកអនុប្រធានសហព័ន្ធបានបន្ថែមថា ក្តីសង្ឈឹមទទួលបានមេដាយពីស៊ីហ្គេម សហព័ន្ធតែងតែដាក់ក្តីសង្ឈឹមជានិច្ច ប៉ុន្តែ លទ្ធផលយ៉ាងណានោះ អាស្រ័យលើការ ប្រកួតនៅពេលនោះ ទើបដឹងច្បាស់។ តាមរយៈការប្រកួតមិត្តភាពអន្តរជាតិជាមួយប្រទេសរួមតំបន់កន្លងមកនេះ កីឡាការិនីហុកគីកម្ពុជាចេញទៅប្រកួតទទួបានលលទ្ធផលល្អ គឺមានឈ្នះ មានចាញ់ ផ្ទុយពីបណ្តាឆ្នាំមុនៗ លទ្ធផលគឺចាញ់គ្រប់ប្រកួតទាំងអស់ ។

គួររំលឹកថា ចាប់តាំងពីបង្កើតសហព័ន្ធកីឡា ហុកគី ធ្លាប់បានទៅចូលរួមប្រកួតស៊ីហ្គេម ម្តងកាលពីឆ្នាំ២០១៣ នៅប្រទេសមីយ៉ាម៉ា តែពុំទទួលបានមេដាយនោះទេ សម្រាប់ឆ្នាំ២០១៧ នេះ ប្រសិនបើហុគីបានទៅចូលរួមប្រកួតស៊ីហ្គេមនៅមីយ៉ាន់ម៉ា គឺជាលើកទី២ របស់សហព័ន្ធហើយ ៕ សារីម


ចែករំលែក៖