ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ជិះម៉ូតូបុកគោដើរឆ្លងថ្នល់ស្លាប់ ឯគោរត់បាត់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់បានស្លាប់យ៉ាងអណោចអាធម៌គ្រាដែលកំពុងជិះម៉ូតូក្នុងល្បឿនមធ្យម ចៃដន្យគោរត់់ឆ្លងថ្នល់បណ្តាលឲ្យជនរងគ្រោះបុកពេញទំហឹងស្លាបមួមរំពេច ឯសត្វគោរត់គេចបាត់។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៦ និង២០នាទីល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ នៅលើផ្លូវលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ១០៤-១០៥ ក្នុងភូមិចំបក់ធំ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ប្រភពនៅកន្លែងកើតហេតុគេបានឲ្យដឹងថា ជនរងគ្រោះដែលជិះម៉ូតូបុកគោស្លាប់ឈ្មោះ អឿន សំអុល ហៅទន់ អាយុ២១ឆ្នាំ រស់នៅភូមិអន្លង់ជ្រៃ ឃុំប្រាំមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1BM-0864 ។

តាមសាក្សីនៅកន្លែងកើតហេតុបាននិយាយថា មុនកើតហេតុជនរងគ្រោះបានធ្វើដំណើរម្នាក់ឯតាមម៉ូតូក្នុងល្បឿនមធ្យម ចៃដន្យមកដល់ចំណុចកើតហេតុមានគោ១ក្បាលដើរឆ្លងផ្លូវ ពេលនោះជនរងគ្រោះបុកពេញទំហឹងបណ្តាលឲ្យដួលបោកក្បាលស្លាប់នៅនឹងកន្លែងតែម្តង។ ចំណែកសត្វគោបានរត់គេចចូលព្រៃបាត់ ហើយរហូតមកដល់ថ្ងៃទី២៣ ខែឧសភា សមត្ថកិច្ចនៅពុំទាន់រកឃើញសត្វគោ និងម្ចាស់គោ ដែលមិនបានចងឃ្វាលត្រឹមត្រូវ បង្កឲ្យមានមនុស្សស្លាប់នៅឡើយទេ។

បើតាមប្រភពនៅកន្លែងកើតហេតុគេបានបង្ហើបថា ម្ចាស់គោអាចនៅមិនឆ្ងាយពីចំណុចភូមិកើតហេតុនេះទេ តែគេសសង្ស័យថា ប្រជាពលរដ្ឋក្នុងភូមិមួយចំនួនដែលទៅចោមរោមមើលជនរងគ្រោះអាចជួយលាក់កម្បាំងម្ចាស់គោ។

យោងតាមច្បាប់ការគ្រប់គ្រងចិញ្ចឹមសត្វពាហនៈ ម្ចាស់សត្វត្រូវឃ្វាល ចងសត្វរបស់ខ្លួនជៀសវាងបន្តែតបណ្តោយលែងសត្វពាសវាលពាសកាលនាំបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃដូចករណីខាងលើនេះ។ តាមច្បាប់ម្ចាស់សត្វពាហនៈត្រូវមានទោសដូចជាករណីប្រលែងគោដើរឆ្លងថ្នល់ហើយត្រូវម៉ូតូ រថយន្តបុក បង្កឲ្យមានមនុស្សស្លាប់៕ សេនា ស័ក្តិ


ចែករំលែក៖