ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវបែកជា៤លាន់ដូចរន្ទះ តែមិនមានអ្នករងរបួស

ចែករំលែក៖

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត២គ្រឿងបានបុកគ្នាពេញទំហឹង លាន់ដូចរន្ទះធ្វើឲ្យ រថយន្តទាំង២គ្រឿងខ្ទាតឡើងចិញ្ចើមផ្លូវ រងការខូចខាតយ៉ាងដំណំតែ សំណាងល្អគ្មានអ្នករបួសក្នុងឧប្បត្តិហេតនេះទេ ។

ឧប្បត្តិហេតុនេះ បានកើតឡើង កាលពីវេលាម៉ោង១០ និង៥០នាទីយប់ថ្ងែទី២២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៥៤ កែងនឹងផ្លូវលេខ១៣ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកតូយ៉ួតាព្រុស ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AH-6659 បើកបរដោយនារីមិនស្គាល់ឈ្មោះម្នាក់ រួមដំណើរជាមួយបុរស២នាក់ទៀតក្នុងរថយន្ត ដោយធ្វើដំណើរតាម បណ្តោយផ្លូវលេខ១៥៤ ក្នុងទិសដៅពីកើតមកលិច។ ខណ:បើកមកដល់ចំណុចកន្លែងកើតហេតុត្រង់ផ្លូវបែកជាបួន ក៏មានរថយន្តមួយគ្រឿងទៀតម៉ាក ហាយលែនឌ័រ មួយគ្រឿងពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ បើកដោយបុរសម្នាក់ រួមដំណើរជាមួយបុរសម្នាក់ទៀត ដែលធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៣ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿនដូចគ្នាធ្វើឲ្យរថយន្តទាំង២គ្រឿងមិនបានជាន់ហ្វ្រាំងនិង បន្ថយល្បឿនក៏បុកគ្នាពេញទំហឹងតែម្តងលាន់ដូចរន្ទះតែម្តង។ ពេលនោះគេឃើញ រថយន្តទាំង២គ្រឿងរេចង្កូតបុកឡើងខឿន រងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង និងបង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់ និងចាត់ទុកជាសំណាងផងដែរ ព្រោះមិនបង្កឲ្យភាគីទាំងពីរមាននរណាម្នាក់រងរបួសនោះនោះឡើយ។

ក្រោយពេលកើតហេតុនគរបាលចរាចរខណ្ឌដូនពេញចុះទៅដល់ទំនាក់ទំនងនគរបាលជំនាញដើម្បីធ្វើការវាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕ ប្រាថ្នា


ចែករំលែក៖