ព័ត៌មានទាន់ហេតុការណ៍៖

កងបញ្ជាការដ្ឋានអង្គរក្សម្នាក់បើករថយន្តបុកម៉ូតូ ហើយបើករត់ទៅបុករះរថយន្ត២គ្រឿងទៀតធ្វើឲ្យប្រជាពលរដ្ឋខឹងព្រួតគ្នាវៃឡើងប៉ោងមុខ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដែលមានមុខងារជាអនុសេនីយ៍ឯក បញ្ជាការដ្ឋានអង្គរក្ស ផ្នែកអន្តរាគមន៍១៤៤ បានបើករថយន្តសាំយ៉ុងទៅបុកម៉ូតូនៅឯស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ហើយបន្តបើករត់តាមបណ្ដោយផ្លូវជាតិលេខ២ រហូតមកដល់ក្បែរច្រកចូលវត្តព្រែកថ្លឹង ក៏រេចង្កូតទៅបុករថយន្តពីរគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាត ដោយឡែកអ្នកបើករថយន្តបង្កត្រូវបានប្រជាពលរដ្ឋខឹង ក៏នាំគ្នាព្រួតវៃឡើងប៉ោងមុខ ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ដែលស្ថិតនៅឯស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ហើយរថយន្តបង្កនេះបានបង្កឲ្យរថយន្តពីរគ្រឿងដែលនៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រងការខូចខាតថែមទៀត។

បុរសម្នាក់ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ខាងនោះមានឈ្មោះ មុំ វីរៈ មានមុខងារជាអនុសេនីឯក បញ្ជារការដ្ឋានអង្គរក្ស ផ្នែកអន្តរាគមន៍១៤៤ និងមានកាន់កាប់អាវុធខ្លីមួយដើមម៉ាក Beretta ផងដែរ។

យោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ដោយមានរថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AL-4359 បានបើកបុកម៉ូតូ១គ្រឿងមិនចាំម៉ាក ហើយបើករត់តាំងពីស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ពេលនោះរថយន្តបង្កបានបន្តបើករត់តាមបណ្ដោយផ្លូវជាតិលេខ២ រហូតមកដល់ក្បែរច្រកចូលវត្តព្រែកថ្លឹង ក៏បានបុករះរថយន្តពីរគ្រឿងដែលកំពុងធ្វើដំណើបណ្ដាលឲ្យរងការខូចខាតថែមទៀត សំណាងណាស់ដែលមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។ ភ្លាមៗនោះដែរក៏មានប្រជាពលរដ្ឋជាច្រើនដែលនៅក្បែរកន្លែងកើតហេតុ និងបានខឹងទៅលើអ្នកបើកបរ ក៏នាំគ្នាព្រួតវៃម្នាក់មួយដៃមួយជើងឡើងប៉ោងមុខ ទើបប្រគល់ឲ្យសមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅឃាត់ខ្លួនអ្នកបើករថយន្តបង្ក និងឃើញមានកាំភ្លើងខ្លីមួយដើមនៅក្នុងរថយន្តបង្កផងដែរ ។ បន្ទាប់មកសមត្ថកិច្ច ក៏យករថយន្តបង្ករួមទាំងអ្នកបើកបរនិងរថយន្តរងគ្រោះបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរង់ចាំដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖