ព័ត៌មានទាន់ហេតុការណ៍៖

ករណី​គប់​ក្មេង​​ប្រុស​អាយុ​១១ខែ​របួសធ្ងន់​ ៖​ បញ្ជូន​បុរសម្នាក់​​ទៅ​ពន្ធនាគារ​

ចែករំលែក៖

ខេត្តកណ្ដាល​៖ ​បុរសម្នាក់​ ត្រូវបាន​លោក​ គឹម​ ម៉េង​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤​ ខែ​ឧសភា​ ដើម្បី​បើក​ការ​ស៊ើបសួរ​ករណី​យក​ដុំ​ឥដ្ឋ​គប់​ធុង​ទឹក​អំពៅ​ខ្ទាត​ចំ​ក្បាល​ក្មេង​ប្រុស​អាយុ​១១ខែ​បណ្តាល​ឲ្យ​របួស​ធ្ងន់​ ។​

មន្ត្រី​តុលាការ​ ថ្លែង​ថា​ ជនសង្ស័យ​ឈ្មោះ​ ផល​ សុខទី​ អាយុ​៣២ឆ្នាំ​ ត្រូវ​បាន​លោក​ ហេង​ ផេង​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ចោទប្រកាន់​ពី​បទ​”ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​”តាម​មាត្រា​២១៨នៃ​ក្រម​ព្រហ្មទណ្ឌ​ ។​ បទល្មើស​នេះ​ កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​២ឆ្នាំ​ទៅ​៥ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​៤លាន​រៀល​ទៅ​១០លាន​រៀល​ ។

ហេតុការណ៍​នេះ​កើត​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៣​ ខែ​ឧសភា​ នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ​ ក្នុង​ភូមិ​ពោធិ៍​រាម្មា​(ក)​ ឃុំ​ព្រែក​ស្តី​ ស្រុក​កោះធំ​ ។

របាយការណ៍​នគរបាល​ស្រុក​កោះធំ​ បង្ហាញ​ថា​ កន្លងមកជនសង្ស័យធ្លាប់មានទំនាស់ពាក្យសម្ដីជាញឹកញាប់ ជាមួយឈ្មោះហេង ហ៊ីម​ ភេទស្រី ត្រូវជាមីង របស់ជនរងគ្រោះ ។

នៅថ្ងៃកើតហេតុ​ ជនសង្ស័យ នឹកភ្នកខឹងឈ្មោះ ហេង ហ៊ីម​ ពីរឿងកន្លងមក ក៏បានយកដុំឥដ្ឋមកគប់ធុងទឹកអំពៅរបស់ហេង ហ៊ីម​ ។​ ពេលនោះដុំឥដ្ឋត្រូវ​ចំ​គម្រប​ធុងទឹកកកបណ្តាលឲ្យផ្លាតត្រូវក្មេងរងគ្រោះ ដែលម្តាយកំពុងតែពរនៅដៃចំចំហៀងក្បាលបែកចេញឈាមសន្លប់តែម្តង។​ បច្ចុប្បន្នក្មេងរងគ្រោះត្រូវបញ្ជូនទៅ មន្ទីរពេទ្យប្រទេសវៀតណាម ៕ ចេស្តា


ចែករំលែក៖