ព័ត៌មានទាន់ហេតុការណ៍៖

អ្នកឯកទេស៖ បើអាមេរិកចង់បញ្ចប់កម្មវិធីបរមាណូកូរ៉េខាងជើងមានតែវាយប្រហារប៉ុណ្ណោះ

ចែករំលែក៖

អ្នកបង្កើតអង្គការប្រឹក្សាយុទ្ធសាស្ត្រយោធា Geopolitical Futeres បានព្រមានថា អាមេរិក បានត្រៀមលក្ខណៈវាយប្រហារកូរ៉េខាងជើង បើទោះបីដឹងថាមានលទ្ធផលអាក្រក់ក្តី។

សារព័ត៌មាន Business Insider បាន ផ្សាយថា អ្នកបង្កើតអង្គការប្រឹក្សាយុទ្ធ សាស្ត្រខាងលើ លោក George Friedman បានឲ្យដឹងនៅក្នុងកិច្ចប្រជុំស្តីពីវិនិយោគយុទ្ធសាស្ត្រឆ្នាំ២០១៧ ធ្វើឡើងនៅទីក្រុង Orlando សហរដ្ឋអាមេរិក ថា បន្ទាប់ពីវិលត្រឡប់មកពីបំពេញទស្សនកិច្ចនៅក្រៅ ប្រទេសលើកដំបូងរបស់ប្រធានាធិបតីត្រាំនាថ្ងៃទី២៧ ខែឧសភានេះ ទីក្រុងវ៉ាស៊ីនតោននឹងមានជម្រើសចុងក្រោយ សម្រាប់ កូរ៉េខាងជើង ។

តាមការបញ្ជាក់របស់លោក Fried manថា ភាពតានតឹងរវាងអាមេរិកនឹងកូរ៉េខាងជើង ធ្លាក់ចូលក្នុងដំណាក់កាលខ្ពស់ បំផុត ហើយសង្គ្រាមគឺមិនអាចគេចផុត ឡើយ បើទោះបីអាមេរិកដឹងថាត្រូវខាត បង់ជាច្រើនក្តី។ លោកបានលើកឡើងពីការបញ្ជូននាវាផ្ទុកយន្តហោះដល់ទៅ២ គ្រឿង គឺប្រភេទ USS Carl Vinson និង USS Ronald Reagan និងយន្តហោះចម្បាំង ជាង ១០០គ្រឿង ទៅកាន់ឧបទ្វីបកូរ៉េគឺជាសញ្ញានៃការត្រៀមវាយប្រហាររបស់អាមេរិកទៅលើទីតាំង យោធានិងអាវុធរបស់កូរ៉េ ខាងជើង។

យុទ្ធសាស្ត្ររបស់អាមេរិក នៅឧបទ្វីប កូរ៉េនាពេលនេះ ធ្វើឲ្យនឹកឃើញដល់យុទ្ធសាស្ត្រត្រៀមវាយប្រហារអុីរ៉ាក់ កាលពីឆ ១៩៩១ ដោយអាមេរិកក៏បានត្រៀមលក្ខណៈបែបនេះដែរ។

ការអះអាងរបស់លោក Friedman នេះ គឺ ក្រោយពេលដែលកូរ៉េខាងជើង សាក ល្បងកាំជ្រួចមីស៊ីលថ្មីបំផុត ហើយអង្គការ សហប្រជាជាតិ បានថ្កោលទោសដល់ សកម្មភាពរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ថាបង្កឲ្យមានភាពតានតឹងកាន់តែ ខ្លាំងឡើង។

សកម្មភាពរបស់កូរ៉េខាងជើង បាន បង្ហាញយ៉ាងច្បាស់ ថា ប្រទេសនេះមិនបោះបង់កម្មវិធីអាវុធរបស់ខ្លួនឡើយ ទាំង មីស៊ីលនិងកម្មវិធីបរមាណូ បើទោះបីរង ការដាក់ទណ្ឌកម្ម ច្រើនប៉ុនណាក្តី។

នៅពេលនេះទីក្រុងសេអ៊ូលស្ថិតនៅក្នុងគោលដៅនៃការវាយប្រហាររបស់កូរ៉េខាងជើង នៅពេលមានសង្គ្រាមកើតឡើង។ បច្ចុប្បន្នទីក្រុងនេះមានពលរដ្ឋរស់នៅ២៥លាននាក់ មានភូមិសាស្ត្រនៅជិតព្រំដែន កូរ៉េខាងជើង និងរងការវាយប្រហារមុនគេ បង្អស់។

លោក Friedman បញ្ជាក់ទៀតថា កូរ៉េខាងជើងមានកាំភ្លើងធំជាច្រើនសំដៅទៅលើទីក្រុងសេអ៊ូល ទាំងនោះហើយបើមានសង្គ្រាមកើតឡើងគឺមិនអាចបញ្ចៀសពីការខាតបង់ទ្រង់ទ្រាយធំ នូវទ្រព្យសម្បត្តិនិងអាយុជីវិតឡើយ។ ដើម្បីទប់ស្កាត់ការវាយប្រហារពីកាំភ្លើងធំ កូរ៉េខាងជើង អាមេររិកមានតែទម្លាក់គ្រាប់បែកយុទ្ធសាស្រ កម្ទេច អាវុធទាំងនោះប៉ុណ្ណោះ។

ការវាយប្រហារកូរ៉េខាងជើង អាចជំរុញឲ្យមានសង្គ្រាមផ្សេងទៀតកើតឡើងនៅ ក្នុងតំបន់ និងនៅលើពិភពលោក ។ ចាប់តាំងពីបញ្ចប់សង្គ្រាមលោកលើកទីពីរមកអាមេរិកមិនដែលប្រកាស សង្គ្រាមជាមួយប្រទេសណានោះឡើយ។កូរ៉េខាងជើងគឺជាឧបសគ្គយ៉ាងធំធេង សម្រាប់អាមេរិក ក្នុងរយៈពេល១០ឆ្នាំខាងមុខ ដោយសារ កូរ៉េខាងជើងជាប្រទេសមហាអំណាច បរមាណូ និងមានកាំជ្រួចមីស៊ីលទំនើបៗអាចវាយប្រហារ ដល់ទឹកដីអាមេរិក។ នៅ ពេលនោះ គ្មានប្រទេសណាមួយហ៊ាន ប្រកាសធ្វើសង្គ្រាមជាមួយកូរ៉េខាងជើងឡើយ ។

នៅពេលនេះដើម្បីបញ្ចប់ការគំរាម កំហែងនៅពេលអនាគត អាមេរិកចាំបាច់ ត្រូវ តែចាប់ផ្តើមធ្វើពីពេលនេះទៅ គឺត្រូវតែលុបចោលកម្មវិធីបរមាណូនិងមីស៊ីល របស់កូរ៉េខាងជើង។ ដើម្បីលុបចោលកម្ម វិធីទាំងនោះ គឺត្រូវតែធ្វើសង្គ្រាម បញ្ចប់ របបដឹកនាំគីម ជុងអ៊ុន បញ្ចប់កម្មវិធី បរមាណូ និងប្តូរមេដឹកនាំថ្មីនៅកូរ៉េខាងជើង។

ចាប់តាំងពីដើមឆ្នាំ ២០១៧ នេះមក របបក្រុងព្យុងយ៉ាងបានបាញ់សាកល្បងគ្រាប់មីស៊ីលអន្តរទ្វីបដល់ទៅ ៨លើក។ លោកតេ ជុងហូ អតីតឯកអគ្គរដ្ឋទូតរងកូរ៉េខាងជើងប្រចាំប្រទេសអង់គ្លេសដែលបានផ្តាច់ខ្លួនរត់ទៅកូរ៉េខាងត្បូងបានបញ្ជាក់ថា គ្មានថ្ងៃដែលមនុស្សខ្លាំងគីម ជុនអ៊ុនបោះបង់កម្មវិធីនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលទេ។ តាមលោកជុងហូគឺ មានតែការផ្តួលរំលំ របបគីម ជុនអ៊ុនប៉ុណ្ណោះទើបគេអាចដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងបាន។

សម្រាប់ គីម ជុនអ៊ុន កម្មវិធីអភិវឌ្ឍន៍ នុយក្លេអ៊ែរ និងគ្រាប់មីស៊ីលអន្តរទ្វីបជាមធ្យោបាយតែមួយគត់ដើម្បីធានាពីការកាន់អំណាច និងរបបដឹកនាំរបស់លោក។ ដូច្នេះហើយបានជាលោកប្តេជ្ញាចិត្តមិនលះបង់ជាដាច់ខាតរហូតដល់ការដាក់ពង្រាយក្បាលនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលអន្តរទ្វីបដើម្បីត្រៀមប្រយុទ្ធទៀតផង។

កូរ៉េខាងជើង នឹងមិនចាត់វិធានការណាមួយដើម្បីរំសាយកម្មវិធីនុយក្លេអ៊ែរនោះទេ។ សម្រាប់កូរ៉េខាងជើង គ្រប់កិច្ចព្រម ព្រៀងបណ្តោះអាសន្ន និងកិច្ចសន្យាទាំងអស់គ្រាន់តែជាមធ្យោបាយមួយដើម្បីឲ្យគ្រប់គ្នាទទួលស្គាល់ខ្លួនជាមហាអំណាច នុយក្លេអ៊ែរ។ មានអ្នកខ្លះគិតថា គីម ជុន អ៊ុនជាមនុស្សឆ្កួត ឡប់សតិ តែមិនពិតទេ គាត់មិនមែនជាមនុស្សឆ្កួត ឡប់សតិ ឡើយ។

មានតែការផ្តួលរំលំរបបគីម ជុនអ៊ុនតែមួយគត់ទើបគេអាចដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងបាន។ បើមិនអ៊ីចឹងទេ គឺគ្មានថ្ងៃដែលគីម ជុនអ៊ុនបោះបង់ចោលមហិច្ឆតានុយក្លេអ៊ែររបស់គាត់ឡើយ។ ពិតណាស់ គេមិនត្រូវជ្រើសរើសផ្លូវយោធាដើម្បីរំលំរបបគីម ជុនអ៊ុនទេ ព្រោះវានឹង បង្កឲ្យមានហានិភ័យធំធេងណាស់។ ដូច្នេះ សួរថា តើអ្វីទៅជាដំណោះស្រាយ? គេត្រូវតែទាញយកមេរៀនពីការដួលរលំរបប សង្គមនិយមនៅអឺរ៉ុបខាងកើត។

ក្នុងសម័យសហភាពសូវៀត ពលរដ្ឋ រស់នៅអឹរ៉ុបខាងកើតដឹងថា អ្នករស់នៅ អឺរ៉ុបខាងលិចមានសេរីភាព និងរបប ប្រជាធិបតេយ្យ។ ដូច្នេះគេត្រូវតែផ្តួលរំលំ របបក្រុងព្យុងយ៉ាងពីខាងក្នុង។ សព្វថ្ងៃ មានខ្សែភាពយន្ត និងវប្បធម៌ពីកូរ៉េខាងត្បូងបានជ្រាបចូលបន្តិចម្តងៗទៅក្នុងជីវិត រស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋកូរ៉េខាងជើង។ តាម រយៈខ្សែភាពយន្ត និងវប្បធម៌នេះ ពលរដ្ឋ កូរ៉េខាងជើងបានដឹងពីសង្គម និងភាពរីក ចម្រើនរបស់កូរ៉េខាងត្បូង។ នៅពេលដែលពលរដ្ឋនៅកូរ៉េខាងជើងគ្រប់រូបបានជ្រាបច្បាស់ហើយនោះពួកគេអាចនឹងក្រោកឈរឡើងព្រមគ្នាដើម្បីផ្តួលរំលំប្រព័ន្ធដឹកនាំ សព្វថ្ងៃ៕ ម៉ែវ សាធី


ចែករំលែក៖