ព័ត៌មានទាន់ហេតុការណ៍៖

សរុបព្រឹត្តិការណ៍ក្រុមខ្លាំង៥ផ្សេងគ្នាឡើកពានកាលពីសប្តាហ៍មុន

ចែករំលែក៖

កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្រុមខ្លាំងចំនួន៥នៅក្នុងប្រទេសផ្សេងៗគ្នាបានអបអរសារទរនឹងពានរង្វាន់Cupដូចជាក្រុម Arsenal, Barcelona, Borussia Dortmund, Paris និង Celtic។

ក្រុមកាំភ្លើងធំ Arsenal បានក្លាយជាក្រុមអង់គ្លេសលើកពាន FA Cup ច្រើនជាងគេបំផុតរហូតដល់ទៅ១៣លើកបន្ទាប់ពីយកឈ្នះលើក្រុមតោខៀវChelseaក្នុងលទ្ធផល ២ទល់នឹង១ ។

ខ្សែប្រយុទ្ធ Alexis Sanchez បានបើកការនាំមុខដល់ក្រុមកាំភ្លើងធំតាំងពីនាទីទី៤។ Chelsea បានបាត់បង់សមាជិកម្នាក់ គឺ Victor Moses បន្ទាប់ពីធ្វើជាដួលនៅនាទីទី៦៨ ដែលធ្វើឲ្យអាជ្ញាកណ្ដាលដកកាតក្រហមបណ្ដេញចេញ។ ដល់នាទីទី៧៦ ទើប Diego Costa តាមស្មើបានវិញ តែ Aaron Ramsey ជាអ្នកទាត់គ្រាប់ជ័យជម្នះឲ្យក្រុមលោក Arsene Wenger។ ជ័យជម្នះនេះដែរ បានធ្វើឱ្យលោក Arsene Wenger ក្លាយជាអ្នកចាត់ការជោគជ័យបំផុតក្នុងពានរង្វាន់ខាងលើនេះ ដោយបានលើកច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ១៤៥ឆ្នាំ។

នៅក្នុងប្រទេសអេស្ប៉ាញវិញ Barcelona យកឈ្នះលើក្រុម Alaves ដោយលទ្ធផល ៣-១ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រពាន Copa del Rey ដោយការឈ្នះពាននេះ គឺជាពានចុងក្រោយសម្រាប់លោក Luis Enrique មុនដើរចេញពីក្រុម Barcelona ក្រោយពីដឹកនាំក្រុម ជោគជ័យប៉ុន្មានឆ្នាំកន្លងមកនេះ។

ក្នុងរដូវកាលនេះ FC Barcelona យកបានតែ Spanish Super Cup និង Copa del Rey ក្រោយរបូតពីដៃនូវតំណែងជើងឯកលីគកំពូល La Liga និង UEFA Champions League។

ខុសប្លែកពីឆ្នាំដំបូងរបស់ខ្លួន ពោលគឺរដូវកាល ២០១៤-២០១៥ លោក Luis Enrique បានដឹកនាំក្រុមអ្នកមានបុណ្យលើកពាន៣ក្នុងមួយរដូវកាល គឺ UEFA Champions League, La Liga និង Copa del Rey ហើយក៏បន្តឈ្នះ UEFA Super Cup និង FIFA Club World Cup ទៀតផង។

ក្រុម Dortmund បាន ឈ្នះក្រុម Eintracht Frankfurt ក្នុងលទ្ធផល ២-១ហើយក្លាយទៅជាម្ចាស់ជើងឯក ពាន DFB Pokal របស់អាល្លឺម៉ង់។ ក្រុម Eintracht Frankfurt ធ្វើបានល្អក្នុងការប្រកួតនេះ បើទោះជាក្រុម Dortmund នាំមុខ ១-០ នៅត្រឹមនាទីទី៨ក៏ដោយ ក៏ប៉ុន្តែពួកគេបានព្យាយាមវាយសម្រុកតាមបាន១គ្រាប់វិញនៅនាទីទី១៦។ យ៉ាងណាមិញ ជ័យជម្នះបានទៅលើ Dortmund ដដែល ក្រោយពីខ្សែប្រយុទ្ធ Aubameyang រកគ្រាប់បាល់បាននៅនាទី៦៧។ ជ័យជម្នះនេះក៏បានបញ្ចប់កំណត់ត្រាបរាជ័យ៣លើកជាប់គ្នាមុនៗនៅវគ្គផ្ដាច់ព្រ័ត្រ ដោយពួកគេធ្លាប់ចាញ់ Bayern Munich ២ដង និង Wolfsburg ១ដង។

ចំពោះក្លិប Paris Saint Germain វិញក្រោយខកចិត្តមិនឈ្នះជើងឯកបារាំង Ligue 1 ពួកគេបានឈ្នះ ពានរង្វាន់ French Cup 2017 ដោយផ្តួលក្រុម Angers ដោយលទ្ធផល 1-0។ ក្រុមជើងខ្លាំងរបស់បារាំងមួយនេះ បានបង្កើតកំណត់ត្រាគួរឲ្យចាប់អារម្មណ៍មួយទៀត គឺឈ្នះពាន French Cup ដោយមិនរបូតគ្រាប់បាល់។ ក្រុមរបស់មហាសេដ្ឋីជនជាតិកាតារ បានទម្លាក់ Bastia, Rennes, Niort, Avranches, Monaco និង Angers ដោយគ្មានក្រុមណាទាត់ចូល។

ចុងក្រោយគឺក្លិបយក្សរបស់ស្កុតឡេន Celtic បានឈ្នះពានរង្វាន់ដល់ទៅ៣ក្នុងរដូវកាលនេះក្រោមការដឹកនាំរបស់លោក Brendan Rodgers អតីតតអ្នកដឹកនាំក្រុមហង្សក្រហម Liverpool។

ពានទី៣នេះគឺទទួលបានក្រោយកឈ្នះលើក្រុម Aberdeen ដោយលទ្ធផល 2-1 នៅវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីស្កុតឡេន Cup ៕ ដេវីត


ចែករំលែក៖