ក្លិបអ្នកមានអង់គ្លេស Manchester City បានចេញសេចក្តីថ្លែងការណ៍មួយថា ពួកគេបានទិញខ្សែបម្រើ Bernardo Silva ពីក្លិប Monaco របស់បារាំងក្នុងតម្លៃរហូតដល់ទៅ៤៣លានផោន។
កីឡាករវ័យ២២ឆ្នាំ Bernardo Silva បានចុះហត្ថលេខាលេងឲ្យក្លិប Man Cityរយៈពេល៥ឆ្នាំ។ លោក Pep Guardiola អ្នកចាត់ការទូទៅក្លិបMan City បានសម្រេចចិត្តនាំយកខ្សែបម្រើអន្តរជាតិព័រទុយហ្គាល់រូបនេះភ្លាមៗបន្ទាប់ពីកីឡាករជើងចាស់របស់ក្លិបមួយចំនួនដូចជា Pablo Zabaleta, Bacary Sagna, Gael Clichy, Jesus Navas និងWilly Caballero អាចនឹងចាកចេញសម្រាប់រដូវកាលក្រោយ។
គួរបញ្ជាក់ថា Bernardo Silva ជាកីឡាករសំខាន់ដែលបានជួយក្រុមMonacoឈ្នះជើងឯកក្របខ័ណ្ឌកំពូលរបស់បារាំងដោយរកបាល់ខ្លួនឯងបាន១១គ្រាប់ និងផ្តល់ដាល់ឲ្យមិត្តរួមក្រុមបាន១២គ្រាប់។ រូបគេក៏បានបង្ហាញខ្លួនទាំងពីរជើងពេលក្រុមMonacoទម្លាក់ក្លិបMan Cityពីក្របខ័ណ្ឌChampions League ផងដែរ ។
កីឡាករ Silvaបានក្លាយទៅជាតារាបាល់ទាត់ដែលមានតម្លៃខ្លួនខ្ពស់ទី៤នៅក្នុងក្រុមបន្ទាប់ពីកីឡាករJohn Stones (៤៧,៥លានផោន) កីឡាករ Raheem Sterling(៤៩លានផោន)និងកីឡាករ Kevin De Bruyne(៥៤លានផោន)។ ប៉ុន្តែបើតាមប្រភពមិនទាន់ច្បាស់ការណ៍បានឲ្យដឹងថា Man City គ្រោងនឹងចំណាយទឹកប្រាក់រហូតដល់ទៅ១១៤លានផោនដើម្បីនាំយកតារាងឆ្នើម Kylian Mbappeពីក្លិបMonaco ទៀត ៕ ដេវីត