ក្រោយពេលដែលមានក្រុមជ្រុលនិយមនៅក្នុងតំបន់ មានទំនាក់ទំនងជាមួយក្រុមភេរវកម្ម IS បង្កើនការវាយប្រហារ ភេរវកម្ម ដូចជានៅទីក្រុង ចាការតា ប្រទេសឥណ្ឌូនេស៊ី និង ការវាយប្រហារដណ្តើមគ្រប់គ្រងទីក្រុង ម៉ារ៉ាវី ប្រទេសហ្វីលីពីន រដ្ឋាភិបាលប្រទេសជាច្រើនក្នុងតំបន់បានបង្កើតសកម្មភាពការពារតាមព្រំដែន ខ្លាច ក្រុម IS រាលដាល់ចូលដល់ប្រទេសរបស់ខ្លួន បង្កអសន្តិសុខ ។
សារព័ត៌មាន The Staits Times បានដកស្រង់សម្តីរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក Hishammuddin Hussein បានឲ្យដឹងថា ប្រទេសនេះបានបង្កើនសន្តិសុខការពារ តាមព្រំដែនជាប់ ប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន និងថៃ ក្រោយពេលដែលមានក្រុមភេរវកម្ម IS មានវត្តមាននៅប្រទេសទាំង៣ ហើយបើកការវាយប្រហារជាបន្តបន្ទាប់។
នៅក្នុងតំបន់ Sabah កម្លាំងទាហាន បានដាក់ពង្រាយ អាវុធ ទំនើបៗ និងនាវាយាមល្បាតពីរគ្រឿង និងបញ្ជូនកមា្លងទាហានបន្ថែមទៅកាន់ទីនោះ ដើម្បីធានាសុវត្ថិភាព ដល់ឆ្នេរសមុទ្រ ទេសចរណ៍ Lahad Datu ។
រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីបានបញ្ជាក់ថា ការសម្រេចបង្កើតសកម្មភាពការពារ ក្រោយពេល មានការវាយប្រហារកើតឡើងនៅក្នុងទីក្រុងបាងកកប្រទេសថៃ ទីក្រុងចាការតា ប្រទេសឥណ្ឌូនេស៊ី ពិសេស គឺការដណ្តើមទីតាំងគ្រប់គ្រងនៅទីក្រុងម៉ារ៉ាវី ប្រទេសហ្វីលីពីន ។ នៅពេលនេះដែរ កម្លាំងទាហានហ្វីលិពិននៅតែមិនទាន់អាចដណ្តើមបាន ទីតាំងមកវិញនៅឡើយ ដែលជាក្តីបារម្ភយ៉ាងខ្លាំង ដល់ការរីករាលដាល បង្កើតទីតាំងគ្រប់គ្រងធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
«ឆេះផ្ទះឃើញកណ្តុរ» នៅក្នុងសង្គ្រាមវាយប្រហារក្រុមភេរវកម្ម នៅទីក្រុង ម៉ារ៉ាវី របស់កម្លាំងទាហានហ្វីលីពីនបានឈានចូលដល់ថ្ងៃទី៦ហើយ ។ ចំណែកទាហានក្រុមភេរវកម្មវិញ មានតែប្រមាណ៥០០នាក់ប៉ុណ្ណោះ តែអាចទប់ទល់ និងរក្សាទីក្រុង ម៉ារ៉ាវី បណ្តេញទាហានហ្វីលីពីនចេញពីទីនោះទៀត។ ទាំងនោះបានបង្ហាញឲ្យឃើញថា ហ្វីលីពីន ខ្វះអាវុធទំនើបៗ រថក្រោះ រថពាសដែក គ្រាប់រំសេវ ស្បៀងអាហារផងដែរ។ ទាំងនោះហើយ ទើបធ្វើឲ្យក្រុមភេរវកម្ម អាចគ្រប់គ្រងទីតាំងបានយ៉ាងងាយស្រួល។
អ្នកឯកទេសវិភាគបានលើកឡើងថា នេះហើយជាលទ្ធផល ទទួលបានមកវិញពីប្រធានាធិបតី ឌូទើរទេ ដែលបណ្តេញទាហានអាមេរិកចេញពីប្រទេសរបស់ខ្លួន ។ ប្រសិនបើមានទាហានអាមេរិកនៅទីនេះ ប្រហែលជាក្រុម IS មិនហ៊ាន វាយប្រហារដណ្តើមគ្រប់គ្រងទីនោះឡើយ៕ ម៉ែវ សាធី