ខេត្តស្ទឹងត្រែង៖សពបុរសជនជាតិឡាវម្នាក់ ត្រូវបានគេប្រទះឃើញអណ្តែតទឹកក្នុងដងទន្លេមេគង្គ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចកោះពាង ស្ថិតក្នុងភូមិកោះល្ងរ ឃុំព្រះរំកិល ស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង។
លោកហម ណាវី បានឱ្យដឹងថា បុរសជនជាតិឡាវដែលលង់ទឹកស្លាប់មាននោះ ឈ្មោះ ប៊ុត អាយុប្រហែល៤០ឆ្នាំ មានទីលំនៅភូមិកោះដេត ស្រុកមឿងខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ។
លោកបន្តទៀតថា សាកសពត្រូវបានបងប្អូននិយាយថា នៅយប់ថ្ងៃ២៨ ខែឧសភា ជនរងគ្រោះនិងគ្នាគេម្នាក់ទៀតបានចេញទៅរកត្រី ហើយក៏មានភ្លៀងព្យុះបង្កឱ្យលេចទូកម្នាក់បានលង់ស្លាប់ និងម្នាក់ទៀតបានហែលរួចផុតពីក្តីស្លាប់ ហើយត្រូវបានប្រជានេសាទរាយការណ៍ទៅសមត្ថកិច្ច និងស្រាវជ្រាវរកទើបដឹងថា ជនរងគ្រោះជាជនជាតិឡាវលិចទូកក្នុងទឹកដីឡាវហូរមកក្នុងទឹកដីកម្ពុជា។
បច្ចុប្បន្នជនរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទងទៅសមត្ថកិច្ចឡាវហៅបងប្អូនជនរងគ្រោះយកសពទៅធ្វើបុណ្យតាមប្រពៃណី៕ មាស សុផាត