ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីហ្វីលីពីន៖ បើកម្ចាត់ក្រុមភេរវកម្មមិនបានលោកនឹងលាលែងពីតំណែង

ចែករំលែក៖

ក្រុមភេរវកម្មនៅតំបន់អាស៊ីភាគអាគ្នេយ៍បានបង្ហាញខ្លួនជាទ្រង់ទ្រាយធំ​ហើយនៅក្នុងប្រទេសហ្វីលីពីន ដោយក្រុមនេះមានបំណងបង្កើតទីតាំងគ្រប់គ្រងនៅទីនោះ ដូចក្នុងប្រទេសស៊ីរី និងអុីរ៉ាក់។ ចំពោះហេតុការណ៍នេះ​ ប្រធានាធិបតីហ្វីលីពីន ​លោក រ៉ូឌ្រីហ្គេ ឌុយទែរតេ បានស្បថថា នឹងធ្វើគ្រប់យ៉ាងដើម្បីកម្ចាត់ក្រុមភេរវកម្មឲ្យអស់ពីប្រទេសរបស់លោក។

នៅពេលនេះសង្គ្រាមវាយប្រហារគ្នាបានកើតឡើង យ៉ាងខ្លាំងនៅទីក្រុងម៉ារ៉ាវី​ ប៉ុន្តែទាហានហ្វីលីពីននៅតែមិនទាន់អាចដណ្តើមបានទីក្រុងខាងលើមកគ្រប់គ្រងនៅឡើយ។

ទាំងនោះហើយបានបង្ហាញពីភាពទន់ខ្សោយនៃកម្លាំងទាហានហ្វីលីពីន ដែលសូម្បីតែក្រុមភេរវកម្មមានគ្នាប្រមាណ​៥០០នាក់ ក៏មិនអាចយកឈ្នះបានឡើយ ដោយសារតែទាហានហ្វីលីពីនខ្វះអាវុធទំនើបៗ គ្រាប់រំសែវ និងស្បៀងអាហារ។

ចំពោះសកម្មភាពកម្ចាត់ក្រុមភេរវកម្មលោក រ៉ូឌ្រីហ្គេ ឌុយទែរតេ បានប្រកាសលាលែងចេញពីតំណែងប្រធានាធិបតីហ្វីលីពិន និងប្រគល់ដំណែងនេះ ជូនទៅមនុស្សផេ្សងទៀត បើលោកគ្មានសមត្ថភាពកម្ទេចកពួកភេរវករ និងគ្មានលទ្ធិភាពរក្សាសណ្តាប់ធ្នាប់នៅក្នុងប្រទេសហ្វីលីពិន។

ការប្រកាសរបស់លោកបានធ្វើឡើងបន្ទាប់ពីពួកអ្នកប្រយុទ្ធម៉ៅតេដែលមានទំនាក់ទំនងជាមួយពួកជីវពលរដ្ឋអ៊ីស្លាម បានវាយដណ្តើមកាន់កាប់ទីក្រុងម៉ារ៉ាវី ក្នុងខេត្តមីនដាណាវ កាលពីថ្ងៃអង្គារ៍ ហើយកងទ័ពហ្វីលីពីនកំពុងបើកយុទ្ធនាការវាយប្រហារតាមអាកាស និងថ្មើរជើង ដើម្បីបណ្តេញពួកអ្នកប្រយុទ្ធទាំងនេះចេញពីប្រទេសហ្វីលីពីន។

តាមរបាយការណ៍មនុស្សយ៉ាងតិច១០០នាក់ត្រូវបានសម្លាប់ រួមមានជនស៊ីវិល២៧នាក់ និងពួកភេរវករ៦១នាក់ ហើយមនុស្សប្រមាណ ២.០០០នាក់កំពុងជាប់នៅក្នុងដៃរបស់ពួកអ្នកប្រយុទ្ធដែលគម្រាមសម្លាប់ដោយគ្មានមេត្តា បើហ៊ានព្យាយាមរត់គេចចេញពីទីក្រុងម៉ារ៉ាវីនេះ។

លោក ជូអា ហ៊ើរ៉េរ៉ា អ្នកនាំពាក្យយោធាប្រចាំតំបន់បាននិយាយថា ពួកជីវពលហាក់ដូចជាចុះខ្សោយដោយសារប្រតិបត្តិការយោធា ហើយមិនបង្ហាញការប្រឆាំងខ្លាំងក្លាទេ។ «យើងជឿថា ឥឡូវនេះពួកអ្នកប្រយុទ្ធនៅសល់គ្រាប់ និងម្ហូបអាហារបន្តិចបន្តួច»។

សារព័ត៌មាន​ Philstar បានដកស្រង់សម្តី​មន្ត្រីជាន់ខ្ពស់ហ្វីលីពីនបានឲ្យដឹងថា មកទល់ពេលនេះមានពលរដ្ឋស្លូតត្រង់ ៧៨នាក់ ត្រូវបានកម្លាំងទាហានរដ្ឋាភិបាលរំដោះចេញពីមន្ទីពេទ្យ Amai Pakpak ដែលក្រុមភេរវកម្មប្រើប្រាស់ធ្វើជារនាំងការពារគ្រាប់​ រារាំងការវាយប្រហាររបស់ទាហានរដ្ឋាភិបាល។

មន្ត្រីហ្វីលីពីនមិនបានបញ្ជាក់ពីចំនួនអ្នកស្លាប់ច្បាស់លាស់នោះឡើយ ដោយបានបញ្ជាក់ថា​មានទាហាន​ ៣១នាក់រងរបួសនៅក្នុងសមរភូម។

ការកម្ចាត់ក្រុមភេរវកម្មយឺតយ៉ាង​​​ជាក្តីបារម្ភយ៉ាងខ្លាំងដល់​បណ្តាប្រទេសនៅក្នុងតំបន់ ដោយខ្លាចក្រុមនេះមានកម្លាំងទាហានកាន់តែច្រើនឡើងនោះ​អាចធ្វើឲ្យ ទាហានហ្វីលីពីនពិបាកយកឈ្នះ​ ពេលនេះទីតាំងគ្រប់គ្រងរបស់ក្រុម​ IS នឹងរីកធំឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ពេលនោះតំបន់អាស៊ានទាំងមូលនឹងជួបគ្រោះថ្នាក់ហើយ។

កាលពីក្រុម​ IS កកើតតំបូងនៅក្នុងប្រទេសស៊ីរី គឺមានគ្នាប្រមានតែ ៥០០ទៅ ១.០០០នាក់ដូចគ្នា។ ប៉ុន្តែ​ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ក្រុម IS បានកៀរគ ប្រមូលកម្លាំងបានរាប់មុឺននាក់ ពង្រឹងទីតាំងគ្រប់គ្រងដល់ប្រទេសអុីរ៉ាក់ទៀតផង។

ពេលនេះនៅប្រទេសហ្វីលីពីនដូចគ្នាប្រសិនបើ​មិនអាចកម្ចាត់ទាន់ពេលវេលាទេនោះ​ ស្ថានភាពដូចនៅក្នុងប្រទេសស៊ីរីនឹងកើតឡើងនៅហ្វីលីពីន៕ ម៉ែវ សាធី


ចែករំលែក៖