ប្រធានាធិបតីបារាំងលោក ម៉ាក្រុង បានរិះគន់ប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ីថា បានផ្សាយព័ត៌មានមិនពិតនៅក្នុងពេលធ្វើសន្និសីទកាសែតរួមជាមួយប្រធានាធិបតី ពូទីន នៅទីក្រុងប៉ារីសប្រទេសបារាំង។
សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីប្រធានាធិបតីបារាំង Emmanuel Macron ប្រកាសនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២៩ ខែឧសភាថា «នៅក្នុងពេលបោះឆ្នោត សារព័ត៌មានរុស្ស៊ី Russia Today និងSputnik ដែលជាបណ្តាញព័ត៌មានល្បីនៅរុស្ស៊ីបានផ្សាយព័ត៌មានមិនពិតស្តីពីរូបខ្ញុំនិងយុទ្ធនាការឃោសនាបោះឆ្នោត »។
ប្រធានាធិបតីបារាំងបានឲ្យដឹងទៀតថា លោកធ្លាប់បានលើកឡើងនៅក្នុងជំនួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីក្រោយពេលបោះឆ្នោត ដោយចាត់ទុកហេតុការណ៍នោះជារឿងអតីតកាលទុកវាទីនោះចុះ។
នៅក្នុងពេលបោះឆ្នោតក្រុមការងាររបស់លោក ម៉ាក្រុង បានហាមអ្នកសារព័ត៌មានរុស្ស៊ី Russia Today និង Sputnik ចូលទៅកៀកទីស្នាក់ការដោយចោទប្រកានថា បានផ្សាយពាក្យចចាមអារាមជាងព័ត៌មានពិត។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានចាត់ទុកសកម្មភាពទាំងនោះជាការប្រកាន់ហួសហេតុ។
ជាមួយគ្នានោះដែរ លោក ពូទីន បានប្រតិកម្មចំពោះការលើកឡើងរបស់លោក ម៉ាក្រុង ពីប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី និងចោទប្រកាន់រុស្ស៊ីថាជាអ្នកនៅពីក្រោយការវាយប្រហារបណ្តាញទៅលើយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ម៉ាក្រុង។ លោក ពូទីន បញ្ជាក់ថាការចោទប្រកាន់ទាំងនោះគ្មានមូលដ្ឋានច្បាស់លាស់។
ជាការពិតណាស់នៅពេលឃោសានបោះឆ្នោតរុស្ស៊ីបានគាំទ្របេក្ខភាពលោកស្រី Le Pen ដែលមានគោលនយោបាយងាកគាំទ្ររុស្ស៊ី។ មិនត្រឹមតែប៉ុណ្ណោះនៅមុនពេលបោះឆ្នោត១ខែ លោក ពូទីន បានជួបពិភាក្សាជាមួយលោកស្រី Le Pen ទៀតផង។ ចំពោះសកម្មភាពនេះលោក ពូទីន បញ្ជាក់ថា ជំនួបជាមួយលោកស្រី Le Pen មិនមានន័យថារុស្ស៊ីជៈឥទ្ធិពលទៅលើការបោះឆ្នោតនោះឡើយ។
កាលពីថ្ងៃទី២៩ ខែឧសភា លោក ពូទីន និងលោក ម៉ាក្រុង បានជួបពិភាក្សាគ្នាដោយផ្ទាល់នៅក្នុងប្រទេសបារាំងជាលើកតំបូងចាប់តាំងពីលោក ម៉ាក្រុង ឡើងកាន់តំណែងប្រធានាធិបតីបារាំង។ លោក ម៉ាក្រុង បានបញ្ជាក់ថា លោកបានពិភាក្សាត្រង់ៗជាមួយរុស្ស៊ីលើបញ្ហាស៊ីរី និងអ៊ុយក្រែន៕ ម៉ែវ សាធី