ប្រធានាធិបតីបារាំងលោក Emmanuel Macron បានសារភាពទទួលស្គាល់ថា រុស្ស៊ីដើរតួនាទីយ៉ាងសំខាន់នៅក្នុងការដោះស្រាយបញ្ហាធំនានាលើឆាកអន្តរជាតិ។ ការប្រកាសរបស់ប្រធានាធិបតីបារាំងកើតឡើងមុនជំនួបជាមួយប្រធានាធិបតីរុស្ស៊ីលោក ពូទីន នៅទីក្រុងប៉ារីស កាលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧។
សារព័ត៌មាន TASS បានដកស្រង់សម្តីប្រធានាធិបតីបារាំងលោក Emmenuel Macron បញ្ជាក់នៅក្នុងកិច្ចប្រជុំថា «បញ្ហាអន្តរជាតិជាច្រើនមិនអាចដោះស្រាយបាន បើគ្មានរុស្ស៊ី»។ក្រៅពីនេះមេដឹកនាំបារាំងក៏បានបញ្ជាក់ពីការចាំបាច់នៅក្នុងកិច្ចពិភាក្សាជាមួយទីក្រុងមូស្គូស្តីពីបញ្ហាអន្តរជាតិ។
ប្រធានាធិបតី ម៉ាក្រុង បញ្ជាក់ទៀតថា លោកនឹងស្វែងរកកិច្ចពិភាក្សាជាមួយរុស្ស៊ីដោយលោកត្រូវការរុស្ស៊ីដើម្បីដោះស្រាយបញ្ហាអន្តរជាតិនានា។
ការប្រកាសខាងលើរបស់ប្រធានាធិបតីបារាំងក្រោយកិច្ចប្រជុំជាមួយមេដឹកនាំ G 7នៅប្រទេសអីតាលុី និងមុនជំនួបពិភាក្សាជាមួយប្រធានាធិបតី ពូទីន នៅទីក្រុងប៉ារីសកាលពីថ្ងៃទី២៩ ខែឧសភា។ ប្រធានាធិបតី ពូទីន បំពេញទស្សនកិច្ចទៅកាន់បារាំងតាមការអញ្ជើញរបស់ប្រធានាធិបតី ម៉ាក្រុង ហើយនេះក៏ជា លើកដំបូងក្រោយពេលលោក ម៉ាក្រុង ជាប់ឆ្នោតឡើងកាន់តំណែងប្រធានាធិបតីមក។
អំពីបញ្ហាដែលប្រធានាធិបតីបារាំងត្រូវការសំឡេងគាំទ្រពីរុស្ស៊ីនោះគឺស្ថានភាពស៊ីរី និងអ៊ុយក្រែន ហើយនោះក៏ជាប្រធានបទសំខាន់នៅក្នុងជំនួបពិភាក្សារវាងមេដឹកនាំទាំង២នៅទីក្រុងប៉ារីសកាលពីថ្ងៃទី២៩ ខែឧសភា កន្លងទៅផងដែរ។
លោក ម៉ាក្រុង បានបញ្ជាក់ថា «ខ្ញុំនឹងពិភាក្សាពីស្ថានភាពស៊ីរីនៅក្នុងជំនួបនោះ» ហើយលោកបញ្ជាក់ថា «បញ្ហាវិវាទនៅក្នុងប្រទេសតំបន់មជ្ឈឹមបូព៌ានេះគឺត្រូវដោះស្រាយនយោបាយបញ្ចប់ទាំងស្រុងទើបអាចបញ្ចប់សង្គ្រាមនៅទីនោះ»។
តាមការបញ្ជាក់របស់លោក ម៉ាក្រុង កិច្ចប្រជុំគួរតែមានការចូលរួមពីរុស្ស៊ី អ៊ុយក្រែន អាល្លឺម៉ង់ និងបារាំង ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន។ លោក ម៉ាក្រុង បញ្ជាក់ថា ភាពចាំបាច់គឺអនុវត្តកិច្ចព្រមព្រៀងទីក្រុង Minsk ដោយសារតែកិច្ចព្រមព្រៀងនោះនឹងនាំមកនៅសន្តិភាពដល់អ៊ុយក្រែន។
បើទោះបីចង់សហការជាមួយរុស្ស៊ី ប៉ុន្តែការដាក់ទណ្ឌកម្មរបស់លោកខាងលិចទៅលើរុស្ស៊ីនៅតែរក្សាដដែលរហូតដល់ស្ថានភាពនៅប្រទេសអ៊ុយក្រែនត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ៕ ម៉ែវ សាធី