ខេត្តកំពង់ធំ៖ រថយន្ដឡង់គ្រឺស័រមួយគ្រឿង ដឹកឈើប្រណីតលោតឆត្រ ឆ្លងកាត់ខេត្តកំពង់ធំ សមត្ថកិច្ចកំពង់ថ្មចាប់បានកាលពីវេលាម៉ោង ២០ និង៤០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ នៅចំណុច ភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
តាមការឲ្យដឹងពីសមត្ថកិច្ច បានប្រាប់ថា ដោយសារបញ្ជាផ្ទាល់ ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ ឲ្យកម្លាំងសមត្ថកិច្ចចម្រុះ សហការគ្នាស្ទាក់ចាប់រថយន្ដលួចដឹកឈើធ្នង់ កំពុងឆ្លងកាត់ខេត្តកំពង់ធំ ជាលទ្ធផល សមត្ថកិច្ចឃាត់បានរថយន្ដឡង់គ្រឺស័រមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាក់លេខ ភ្នំពេញ 2 F2724 បើកបរដោយឈ្មោះ គ្រី គឹម សុង អាយុ៤៣ឆ្នាំ រស់នៅភូមិកោះដាច់ ឃុំ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ អ្នករួមដំណើរឈ្មោះ ពៅ លីហ័រ ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិ ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ក្រោយឃាត់រថយន្ដរួចបានប្រគល់ ទាំងមនុស្ស និងវត្តុតាង ឲ្យមន្រ្ដីជំនាញ រដ្ឋបាលព្រៃឈើកំពង់ថ្ម រក្សាទុក ដើម្បីវាស់វែង និងចាត់វិធានការណ៍តាមច្បាប់ ។
លោក សុត ម៉ារី នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មបានឲ្យដឹង ក្រោយវាស់វែង មានចំនួនឈើ៣១ដុំស្មើ០/៨០០ (៨ផ្លាន)។ បច្ចុប្បន្នផ្នែករដ្ឋបាលព្រៃកំពង់ថ្ម កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំដើម្បីចាត់ការទៅតាមច្បាប់ ៕ ប៊ុន រិទ្ធី