រុស្ស៊ីទើបតែសាកល្បងដោយជោគជ័យនៅប្រភេទយន្តហើស៊ីវិលសម្រាប់ដឹកអ្នកដំណើរ រយៈចម្ងាយមធ្យម ប្រភេទ MS-21 ។ នេះជាលើកទីមួយហើយ ដែលរុស្ស៊ីផលិតយន្តហោះដឹកអ្នកដំណើរជាលើកដំបូង ចាប់តាំងពីអតីតសហភាពស៊ូវៀតដួលរលំ។
សារព័ត៌មានរ៉យទ័របានផ្សាយថា នៅក្នុងការប្រកាសរបស់ក្រុមហ៊ុន Irkut Corporation និងក្រុមហ៊ុនមេ គឺក្រុមហ៊ុន United Aircraft Corporation (UAC) បានសាកល្បងដោយជោគជ័យ នូវប្រភេទយន្តហោះ ដឹកអ្នកដំណើរMS-21-300 ដោយបានហោះហើររយៈពេល៣០នាទី ក្នុងកម្ពស់១០០០ម៉ែត្រ ។
មន្ត្រីរុស្ស៊ីបានឲ្យដឹងថា យន្តហោះMS-21 មានប្រៀបទៅលើយន្តហោះផលិតនៅប្រទេសលោកខាងលិច ជាច្រើនមុខ។ ប៉ុន្តែ ក្រុមហ៊ុនផលិត យន្តហោះលើពិភពលោកមានការភ្ញាក់ផ្អើលពីពេលវេលាសាកល្បងខាងលើ ដោយប្រើពេលតិចពេក គួរណាស់តែហោះហើរបានរយៈពេល៣ទៅ៤ម៉ោង និងមានកម្ពស់ខ្ពស់ជាងនេះ។
ក្រោយការប្រកាសពីការសាកល្បងដោយជោគជ័យ ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បាន អបអរសាទរដល់ក្រុមហ៊ុនផលិតយន្តហោះខាងលើដោយចាត់ទុកថា នេះជាព្រិត្តិការណ៍ដ៏សំខាន់របស់រុស្ស៊ី។
ជាមួយនឹងភាពជោគជ័យខាងលើ រុស្ស៊ីអាចនឹងមានយន្តហោះដឹកអ្នកដំណើរ សម្រាប់តម្រូវការធ្វើដំណើរក្នុងស្រុក ហើយនៅពេលខាងមុខ រុស្ស៊ីអាចនឹងប្រជែងទីផ្សារយន្តហោះជាមួយក្រុមហ៊ុនធំ គឺ អ៊ែរបឺស និង ប៊ូអ៊ិន។
កន្លងមក ចិនក៏បានផលិតយន្តហោះដឹកអ្នកដំណើរស៊ីវិល ហើយសាកល្បងដោយជោគជ័យផងដែរ ហើយនៅពេលដ៏ខ្លីខាងមុខ ចិននឹងមានយន្តហោះដឹកអ្នកដំណើរក្នុងស្រុកផលិតដោយខ្លួនឯង។
មិនតែប៉ុណ្ណោះ ចិន និងរុស្ស៊ី ក៏បានចាប់ដៃគ្នាផលិតយន្តហោះពាណិជ្ជកម្ម ដឹកអ្នកដំណើរ ដើម្បីប្រជែងជាមួយ ក្រុមហ៊ុនធំៗ ទាំងពីរលើពិភពលោក គឺ អែរបឺស និងប៊ូអិន នៅលើទីផ្សារអន្តរជាតិ ។ តម្រូវការធ្វើដំណើររបស់ពលរដ្ឋចិន និងរុស្ស៊ីមានច្រើន នៅពេលដែលប្រទេសទាំងពីរមានយន្តហោះដឹកអ្នកដំណើរ ហើយមានតម្លៃថោកជាង នោះអាចនឹងទទួលបានអតិថិជនជាច្រើន កុម្ម៉ង់ទិញ ពិសេសនៅប្រទេសក្រីក្រ ដែលនៅប្រើប្រាស់យន្តហោះចាស់ៗផលិត ក្នុងសម័យសហភាពស៊ូវៀត ជាដើម៕ ម៉ែវ សាធី