ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ីលោក Ahmad Zahid Hamidi បានអំពាវនាវដល់ពលរដ្ឋចូលរួមនៅក្នុងសង្គ្រាមវាយប្រហារក្រុមភេរវកម្ម IS ដែលបង្ហាញខ្លួននៅក្នុងប្រទេសមួយ ចំនួនតំបន់អាស៊ាន។
លោក Ahmad Zahid Hamidi បញ្ជាក់ ទៀតថា សង្គ្រាមប្រឆាំងភេរវកម្មមិនត្រឹមតែជាកាតព្វកិច្ចរបស់រដ្ឋាភិបាលនោះឡើយ គឺត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋតាម រយៈការផ្តល់ព័ត៌មានទើបធ្វើឲ្យសង្គ្រាម ប្រឆាំងក្រុមភេរវកម្មមានប្រសិទ្ធភាព។
លោក Ahmad Zahid Hamidi បន្ត ទៀតថា បច្ចុប្បន្ន ការប្រឆាំងក្រុមភេរវកម្មមិនមែនតែជាសកម្មភាពរបស់ក្រុមប្រឆាំងភេរវកម្ម ឬកម្លាំងប៉ូលិសនោះឡើយ។ ក្រុមភេរវកម្មពេលនេះមាននៅគ្រប់ទីកន្លែងក្នុងនោះមាននៅទីក្រុងបាងកកប្រទេសថៃ ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី និង នៅក្នុងប្រទេសហ្វុីលីពីន។ ដូច្នេះប្រសិនបើពលរដ្ឋគ្រប់រូបមានការសង្ស័យទៅលើបុគ្គលណាមួយជាប់ពាក់ព័ន្ធនឹងក្រុម IS សូមផ្តល់ដំណឹងមកយើងខ្ញុំ។
ការអំពាវនាវរបស់មន្ត្រីជាន់ខ្ពស់ម៉ាឡេស៊ីកើតឡើងក្រោយពេលដែលមានពល រដ្ឋប្រទេសនេះ៤នាក់បានទៅចូលរួមជា មួយក្រុមឧទ្ទាម ម៉ៅតេ មានទំនាក់ទំនង ជាមួយក្រុម IS នៅទីក្រុងម៉ារ៉ាវី កោះមីន ដាណាវ ប្រទេសហ្វុីលីពីន ដើម្បីធ្វើសង្គ្រាមពង្រីកទីតាំងគ្រប់គ្រងនៅទីនោះ។
ក្នុងពេលជាមួយគ្នានេះដែរ សាស្ត្រា ចារ្យមហាវិទ្យាល័យឈ្មោះ Mahmud Ahmad បានត្រៀមលក្ខណៈទទួលតំណែងជាមេដឹកនាំក្រុមIS នៅភាគខាងត្បូង ហ្វុីលីពីន ប្រសិនបើមេដឹកនាំបច្ចុប្បន្នគឺ Isnilon Hapilolon ត្រូវបានទាហានហ្វុីលីពីនសម្លាប់នោះ។
កន្លងមកម៉ាឡេស៊ីបានរឹតបន្តឹងសន្តិ សុខការពារតាមបណ្តោយព្រំដែនដោយខ្លាចមានក្រុមភេរវកម្មចូលទៅក្នុងប្រទេសនេះ។ វត្តមានរបស់ក្រុមភេរវកម្ម IS នៅ តំបន់អាស៊ានគឺជាក្តីបារម្ភយ៉ាងខ្លាំងពីការពង្រីកទីតាំងគ្រប់គ្រង គំរាមកំហែងដល់ សន្តិសុខស្ថិរភាពនៅក្នុងតំបន់ដែលមានសេដ្ឋកិច្ច លេចធ្លោជាងគេលើពិភពលោក មួយនេះ។
ក្រុមអ្នកវិភាគលើកឡើងថា ប្រសិនបើកម្លាំងទាហានហ្វុីលីពីនមិនអាចកម្ចាត់ ក្រុមភេរវកម្មនៅទីក្រុងម៉ារ៉ាវីទេនោះ ក្រុមនេះនឹងកៀរគរកម្លាំងកាន់តែច្រើនដើម្បី ពង្រីកទឹកដីគ្រប់គ្រងដូចការចង់បានរបស់មេដឹកនាំក្រុមភេរវកម្ម IS នៅប្រទេសស៊ីរី ដែលបានអំពាវនាវដល់បក្ខពួករបស់ខ្លួននៅទីនេះ បង្កើតប្រទេសអ៊ិស្លាម IS នៅ អាស៊ាន៕ ម៉ែវ សាធី