ព័ត៌មានទាន់ហេតុការណ៍៖

លោក​ស្រី​ព្រះ​រាជ​អាជ្ញា​រង​ ស៊ូ​ សុជាតា​ ដោះលែង​បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរ​របួស​ធ្ងន់​ម្នាក់​

ចែករំលែក៖

ខេត្តកណ្តាល​៖ ​ក្រោយ​ការ​សាកសួរ​ពេញ​មួយ​រសៀល​ថ្ងៃទី​៣១​ ខែ​ឧសភា​ លោក​ស្រី​ ស៊ូ​ សុជាតា​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ សម្រេច​ដោះលែង​បុរស​ជនជាតិ​ចិន​ម្នាក់​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ ករណី​បង្ក​គ្រោះថ្នាក់​ចរាចរ​បណ្តាល​ឲ្យ​បុរស​ម្នាក់​របួស​ធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ រាជធានីភ្នំពេញ​ ។

ក្រុម​គ្រួសារ​ជនរងគ្រោះ​ អះអាងថា​ ខ្លួន​សុខចិត្ត​ទទួល​សំណង​ចំនួន​៤០00ដុល្លារ​អាមេរិក​ ហើយ​ព្រម​ដក​ពាក្យ​បណ្ដឹង​ តែ​ការ​សម្រេច​យ៉ាងណា​នោះ​ជា​សមត្ថកិច្ច​របស់​តុលាការ​ ។

អ្នក​ច្បាប់​មួយ​រូប​ អះអាង​ថា​ ការ​ដក​ពាក្យ​បណ្ដឹង​របស់​ជនរងគ្រោះ​មិន​អាច​បញ្ចប់​បណ្ដឹង​អាជ្ញា​បាន​ទេ​ ។​ មន្ត្រី​តុលាការ​ ថ្លែង​ថា​ បើ​ទោះ​ជា​មាន​ដោះលែង​ជនសង្ស័យ​ក៏ដោយ​ តែ​នីតិវិធី​នៅ​ដើរ​ទៅ​មុខ​ដដែល​ ។

នគរបាល​ស្រុក​កៀនស្វាយ​ បញ្ជាក់​ថា​ ជនសង្ស័យ​ឈ្មោះ​ XIA​ JIN ភេទប្រុសអាយុ៣១ឆ្នាំ​ ជនជាតិចិន ស្នាក់នៅក្នុងរោងចក្រសួនឧស្សាហកម្ម សំរោងធំ មានមុខងារប្រធានផ្នែកត្រួតពិនិត្យសំលៀកបំពាក់ក្នុងរោងចក្រ ស្ថិតក្នុង ភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ។

ហេតុការណ៍​នេះ​ កើត​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​៣០​ ខែ​ឧសភា​ នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​១៦និង​១៧​ ភូមិ​ទូល​ក្របៅ​ ឃុំ​គគីរ​ ស្រុក​កៀនស្វាយ​ ។

នគរបាល​សន្និដ្ឋាន​ថា​ ករណីនេះបណ្ដាលមកពីជនរងគ្រោះបើកម៉ូតូឆ្លងផ្លូវបញ្ច្រាស​ទិស ពីឆ្វេងមកស្ដាំខ្វះការ​ប្រុង​ប្រយ័ត្ន។​ ចំណែករថយន្តធ្វេសប្រហែសមិនបានមើលស្ថានភាពផ្លូវខាងមុខគ្រប់ជ្រុងជ្រោយ​ ៕ ចេស្តា


ចែករំលែក៖