ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទំនិញធុនធំបុកម៉ូតូកន្លែងផ្លូវងងឹតបុកម៉ូតូពីរគ្រឿងស្លាប់នារីម្នាក់របួសបុរសម្នាក់

ចែករំលែក៖

ភ្នំពេញៈ នារីវ័យជាង២០ឆ្នាំម្នាក់ បានបាត់បង់ជីវីតក្នុងថ្លុកឈាមគួរឲ្យរន្ធត់ ខណៈនារីរងគ្រោះជិះម៉ូតូហុងដាគុបតាមដងផ្លូវ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ផងដែរពេលកំពុងជិះម៉ូតូCBR ហើយត្រូវរថយន្តដឹកទំនិញធុនធំមួយគ្រឿងបើកបរជែងគ្នា ជ្រុលចង្កូតបុកម៉ូតូទាំងពីរគ្រឿងយ៉ាងពេញទំហឹងហើយ រថយន្តបង្កបានបើកគេចបាត់ស្រមោលតែម្តង។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចខាងត្បូងស្តុបទេពផន ប្រហែល១០០ម៉ែត្រតាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

នារីរងគ្រោះឈ្មោះ ខែម ឌឿន អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃក្តូច ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ជិះម៉ូតូម៉ាក ហុងដាគុបជ្រុង ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ ១CK ៥៧៧៣។ឯបុរសម្នាក់ទៀតដែលជិះម៉ូតូCBR មិនត្រូវបានគេស្គាល់ឡើយ គ្រាន់តែដឹងថាបានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះជិះម៉ូតូម៉ាកហុងដាគុបពាក់ស្លាកលេខ 1CK-5773 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុផ្លូវមានស្ថានភាពងងឹត ដោយពុំមានភ្លើងបំភ្លឺនោះទេ ស្រាប់តែមានរថយន្តបើកបញ្ច្រាសទិសគ្នាមួយគ្រឿងមិនចាំម៉ាក ប្រភេទទម្ងន់៥តោន ពាក់ស្លាកលេខភ្នំពេញ ៣D-៨៧៦១ បើកបរក្នុងល្បឿនយ៉ាងលឿន ហើយក៏ព្យាយាមជែងខាងឆ្វេងរថយន្តមិនចាំម៉ាកមួយគ្រឿងទៀត ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះទាំងពីរនាក់ពេញទំហឹង បណ្តាលឲ្យនារីរងគ្រោះបោកក្បាល និងថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ឯបុរសម្នាក់ទៀតរបួសធ្ងន់។បន្ទាប់មករថយន្តបង្ក បានបើកគេចបាត់ទៅ។

បើតាមសម្តីបុរសម្នាក់សូមមិនបញ្ចេញឈ្មោះ បានរៀបរាប់ឱ្យដឹងថា រូបគាត់ជាបងប្រុសបង្កើតរបស់ស្រ្តីរងគ្រោះ។ នៅមុនពេលកើតហេតុ ស្រ្តីរងគ្រោះបានមកប្រាប់គាត់ថា នាងឈ្លោះជាមួយនឹងប្តី ពេលនោះគាត់បាននិយាយថា មិនគិតធ្វើការទេ គិតតែពីឈ្លោះគ្នា ហើយនាងបានតបវិញថា បើនាងស្លាប់ ឬរស់ក៏មិនបាច់ខ្វល់ពីនាងដែរ រួចហើយនាងក៏ជិះម៉ូតូចេញមក តែគាត់មិនដឹងថានាងជិះទៅណានោះទេ ។លុះក្រោយមកស្រាប់តែមានហេតុការណ៍អាក្រក់បែបនេះពិតជាមិនគួរឲ្យជឿមែន។

ក្រោយពេលកើតហេតុម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដោយឡែកសពនារី ត្រូវសាច់ញាតិដឹកយកទៅតម្កល់នៅវត្តទឹកថ្លាដើម្បីក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ប្រថ្នា


ចែករំលែក៖