ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្ទូចធុនធំបើកបុកម៉ូតូអូសជាង២០ម៉ែត្រ របួសធ្ងន់ម្នាក់ ស្រាលម្នាក់

ចែករំលែក៖

ភ្នំពេញៈ រថយន្តស្ទូចធុនធំមួយគ្រឿងបានបុកអូសប្រមាណជាង២០ម៉ែត្របណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់និងស្រាល ត្រូវបានគេដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្តោយវិថីភ្នំពេញ-ហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូហុងដាសេ១២៥ មួយគ្រឿង ជិះដោយបុរស២នាក់ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយក្នុងទិសដៅពីត្បូងទៅជើង។លុះមកដល់ចំណុចកើតហេតុក៏បានឆ្លងចូលគន្លងផ្លូវម៉ូតូជាធម្មតា ស្របពេលនោះ ក៏មានរថយន្តស្ទូចធុនធំមួយគ្រឿងម៉ាក Hyundia ពាក់ស្លាកលេខ ភ្នំពេញ 3A-5568 បើកមកពីក្រោយស្របទិសគ្នាក្នុងល្បឿនលឿនបណ្តាលឲ្យទៅបុកហើយកិនម៉ូតូអូសប្រមាណជាង២០ម៉ែត្រ ចំណែកជនរងគ្រោះបានខ្ទាតចេញពីម៉ូតូបណ្តាលឲ្យរងរបួសស្រាលម្នាក់ និងធ្ងន់ម្នាក់ធ្វើឲ្យរថយន្តទៅមុខលែងរួច។បន្ទាប់បមកអ្នកបើកបររថយន្តបានចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះទាំងពីរនាក់ត្រូវបានប្រជាពលរដ្ឋដឹកយកទៅមន្ទីរពេទ្យ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលចរាចរខណ្ឌសែនសុខ វាស់វែង ហើយយកទៅរក្សាទុកបណ្តោះអាសន្ន ដើម្បីឲ្យម្ចាស់ចូលខ្លួនដោះស្រាយតាមច្បាប់ពេលក្រោយ៕ ប្រាថ្នា


ចែករំលែក៖