ភ្នំពេញ៖ យោងតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យ គឺលោកអ៊ិត សេដ្ឋា មានជំងឺក្រិនថ្លើម ហើយបានបង្កទៅជា ជំងឺ មហារីកថ្លើមធ្ងន់ធ្ងរនៅមុនពេលស្លាប់។ ក្នុងនោះគ្រូពេទ្យ ដដែលក៏បានប្រាប់ថា លោកមានជំងឺទាចទឹក និងទឹកនោមផ្អែមព្រមគ្នាផងដែរ ទើបបណ្ដាលអោយលោកមានសភាពធ្ងន់ធ្ងរត្រឹមតែរយៈពេលខ្លី។
យ៉ាងណាមិញកូនៗ និងម្ដាយរបស់លោកបានអះអាងថា លោកអ៊ិត សេដ្ឋា មិនធ្លាប់ប្រាប់ថា លោកមាន ជំងឺបែបនេះ នៅមុនពេលស្លាប់នោះទេ ដោយគ្រួសាររបស់លោកបានត្រឹមតែដឹងថា លោកមានជំងឺស្ពឹកដៃស្ពឺកជើង និងមានជំងឹថ្លើមប្រភេទ B ប៉ុណ្ណោះ។
អ្នកស្រីយឹម សំអឿន អាយុ៧៥ឆ្នាំ ជាម្ដាយបង្កើតរបស់លោក អ៊ិត សេដ្ឋា បានអះអាងថា អ្នកស្រីធ្វើដំណើរពីខេត្តបាត់ដំបង មករស់នៅផ្ទះជួលជាមួយលោក អ៊ិត សេដ្ឋា ដើម្បីមើលថែចៅ ក្រោយពីលោក អ៊ិត សេដ្ឋា បែកបាក់ភរិយា ។ អ្នកស្រីអះអាងថា មុនពេលលោក អ៊ិត សេដ្ឋា ធ្លាក់ខ្លួនឈឺធ្ងន់ អ្នកស្រីជាម្ដាយ និងកូនៗរបស់លោក អ៊ិត សេដ្ឋា មិនដែលបានដឹងថា លោកមានជំងឺកាចសាហាវគឺមហារីកនោះឡើយ។ អ្នកស្រី បានត្រឹមតែដឹងថា កូនប្រុសមានជំងឺថ្លើមប្រភេទB និងក្រិនថ្លើម ដោយលោក អ៊ិត សេដ្ឋា ក៏តែងតែលាក់ពីជំងឺធ្ងន់របស់ខ្លួន ហើយក៏មិនដែលឃើញទៅពេទ្យជាទ្រង់ទ្រាយធំដុំក្នុងពេលមិនទាន់ដួល។
អ្នកស្រីថា ក្រោយពេលលោក អ៊ិត សេដ្ឋា បែកប្រពន្ធ លោកបានមករស់នៅបន្ទប់ជួលមួយកន្លែងនៅម្ដុំសាលាបឋមសិក្សាឫស្សីកែវទំហំប្រហែល៤ ម៉ែត្រ ៤ជ្រុងក្នុងតម្លៃ១២០ដុល្លារក្នុងមួយខែ។
អ្នកស្រីថា រយៈពេលចុងក្រោយគ្រួសាររបស់កូនប្រុសដុនដាបយ៉ាងខ្លាំងដោយការរកចំណូល គឺបានត្រឹមតែបង់ថ្លៃផ្ទះ បង់ថ្លៃសាលារៀនរបស់កូន និងបង់លើបំណុលមួយចំនួនប៉ុណ្ណោះ ខណៈដែលការរស់នៅប្រចាំថ្ងៃក៍បានដោយសារតែកូនក្មួយផ្ញើអង្ករអោយទទួលទាន ទើបអាចរស់បានមួយខែៗ។ អ្នកស្រីថាជីវភាពរបស់កូនប្រុសមានការប្រែប្រួលដូចមេឃ និងដី ក្រោយពេលបែកបាក់ភរិយា ហើយត្រូវទំនុកបម្រុងកូនដល់ទៅ៣ដោយអតីតភរិយារបស់លោកមិនបានចូលរួមឈឺឆ្អាលនោះទេ។ យ៉ាងណាមិញ អ្នកស្រីបានបដិសេធមិនទម្លាយព័ត៌មានលម្អិតរបស់កូនប្រុសនោះទេ ដោយអ្នកស្រីប្រាប់ថា អ្នកស្រីមិនអាចឆ្លើយបាន ជាពិសេសគឺរឿងរ៉ាវពាក់ព័ន្ធនឹងរឿងរ៉ាវដែលនាំអោយលោកធ្លាក់ខ្លួនដល់ថ្នាក់រស់នៅផ្ទះជួល និងហេតុផលដែលនាំអោយកូនទាំង៣ត្រូវធ្លាក់ក្នុងបន្ទុករបស់លោក អ៊ិត សេដ្ឋា ម្នាក់ឯង។
អ្នកស្រីនិយាយថា៖ «រឿងហ្នឹងវែងឆ្ងាយខ្ញុំមិនអាចនិយាយបានទេ ទាក់តែកូន (លោក អ៊ិត សេដ្ឋា បានគេមានសិទ្ធិឆ្លើយ!»។អ្នកស្រីបង្ហាញអារម្មណ៍រន្ធត់ចិត្តដែលកូនប្រុសត្រូវទទួលមរណភាពលឿនដូចផ្លេកបន្ទរ ដែលអ្នកស្រីយល់ថាគឺបណ្ដាលមកពីលោកព្យាយាមលាក់ជំងឺ ហើយមិនហ៊ានរកពេទ្យព្យាបាលដិតដល់ ព្រោះតែមានបន្ទុកច្រើន។
អ្នកស្រីបញ្ជាក់ថា ក្រោយពេលលោក អ៊ិត សេដ្ឋា បាត់បង់ជីវិតអ្នកស្រីមិនដឹងថាតើកូនទាំង៣នឹងស្ថិតក្នុងសភាពបែបណានោះទេ ក្នុងពេលដែលកូនរបស់លោកទាំង៣គឺកូនប្រុសកណ្ដាលគឺមានពិការភាពតាំងពីកំណើតផង។
អ្នកស្រីថាស្លុតចិត្តដែលដល់ថ្ងៃស្លាប់ទើបបានដឹងថាកូនប្រុសមានជំងឺមហារីកថ្លើម និងទាចទឹកធ្ងន់ធ្ងរ ដែលគ្រាន់តែបានដឹងក៏ស្ថិតក្នុងសភាពអស់សង្ឃឹមបាត់ទៅហើយ។ អ្នកស្រីថាលោក អ៊ិត សេដ្ឋា បានដាច់ដង្ហើមម្ដងហើយក្នុងពេលបញ្ជូនមកដល់មន្ទីរពេទ្យរុស្សីភ្លាមៗកាលពីវេលាថ្ងៃត្រង់ថ្ងៃទី៤ មិថុនា ប៉ុន្តែដោយសារតែការជួយសង្គ្រោះទើបលោកមានដង្ហើមជាថ្មី តែនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ក៏ទទួលមរណភាពតែម្ដង ដោយសូម្បីតែអ្នកស្រីក៏មិនទាន់ដង្ហើមចុងក្រោយ ដោយសារតែអ្នកស្រីមានជំងឺខ្សោយត្រូវគ្រូពេទ្យមិនអោយចូលក្នុងពេលសង្គ្រោះបន្ទាន់ ហើយដល់ពេលពេទ្យអោយចូលទៅមើល គឺក្រោយពេលលោកផុតដង្ហើមទៅហើយ។
កញ្ញា អ៊ិត សសុវណ្ណវចនា កូនស្រីច្បងរបស់លោក អ៊ិត សេដ្ឋា បានអះអាងថា ក្នុងពេលរស់នៅជាមួយគ្នាលោកបានត្រឹមតែប្រាប់កូនថា ឧស្សាហ៍ចុកដៃចុកជើង និងថារូបលោកអត់មានជំងឺអ្វីធ្ងន់នោះទេ។
កញ្ញាថា លោកឧស្សាហ៍ទៅពេទ្យជាមិត្តស្គាល់គ្នាតែមិនដែលឃើញឪពុកទៅពេទ្យដែលមានការចំណាយលុយច្រើនម្ដងណាទេ ដោយក្រោយពេលទៅពេទ្យម្ដងៗក៏បានត្រឹមតែយកថ្នាំលេបដែលមិនខុសពីលេបដើម្បីពន្យារការធ្វើទុក្ខ។
កញ្ញាថា បានដឹងរឿងឪពុកឈឺធ្ងន់ទើបតែប៉ុន្មានថ្ងៃមុនប៉ុណ្ណោះ គឺដឹងក្នុងពេលដែលលោកមានសភាពធ្ងន់ធ្ងរតែហើយ។ យ៉ាងណាមិញ មិនដឹងថាឪពុកមានជំងឺមហារីកនោះទេ គឺដឹងត្រឹមថាលោកមានជំងឺទាចទឹក ហើយអាចព្យាបាលជាប៉ុណ្ណោះ។
គួរបញ្ជាក់ថាលោក អ៊ិត សេដ្ឋា គឺជាពិធីករល្បីល្បាញយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជាតាំងពីជំនាន់ឆ្នាំ១៩៩០ជាង នៅទូរទស្សន៍IBC។ លោកបានបាត់មុខមួយរយៈចេញទៅរស់នៅអាមេរិក ហើយក្រោយពេលត្រលប់មកវិញ ក៏ចូលកាន់កម្មវិធីសំខាន់នៅទូរទស្សន៍CTN ៕