ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះឆេះយ៉ាងខ្លាំង រោងចក្រចម្រាញ់ប្រេង នៅប្រទេសចិន

ចែករំលែក៖

នៅព្រឹកថ្ងៃទី៥ ខែមិថុនា មានករណីផ្ទុះឆេះយ៉ាងខ្លាំងនៅរោងចក្រចម្រាញ់ប្រេង ក្នុងទីក្រុងLinyi ខេត្ត Shandong ស្ថិតនៅភាគខាងកើតប្រទេសចិន។ មកទល់ពេលនេះ គេមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យមានការផ្ទុះឆេះខាងលើនៅឡើយទេ។

សារព័ត៌មានស៊ីនហួបានផ្សាយថា ករណីផ្ទុះខាងលើ កើតឡើងនៅវេលាម៉ោង ១រំលងអធ្រាត្រ ស្ថិតនៅ ទីតាំង ដាក់សយកឥវ៉ាន់ស្ថិតនៅក្នុងរោងចក្រ ចម្រាញ់ប្រេង Linyi Petrochemical Co., Ltd ក្នុងខេត្ត shangdong។

មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ស្តីពីការខូចខាតទ្រព្យសម្បត្តិ ឬអាយុជីវិតនៅឡើយទេ ហើយមូលហេតុបណ្តាលឲ្យផ្ទុះ ក៏មិនទាន់ដឹងច្បាស់នៅឡើយ ។ ក្រុមអ្នកឯកទេសកំពុងតែស្រាវជ្រាវ បញ្ជាក់ពីមូលហេតុច្បាស់លាល់។

គ្រោះថ្នាក់សម្លាប់មនុស្សជាច្រើនតែងតែកើតឡើង នៅតាមរោងចក្រ ឧស្សាហកម្មនានាក្នុងប្រទេសចិន រយៈពេល៣ទសវត្សរ៍កន្លងមក ដោយសារតែចិនមានរោងចក្រឧស្សាហកម្មកើនឡើងច្រើន ហើយ មិនគោរពច្បាប់សុវត្ថិភាព ការងារ បណ្តាលឲ្យមានហេតុការណ៍ផ្ទុះឆេះកើតឡើងជាបន្តបន្ទាប់។

ហេតុការណ៍ផ្ទុះធំជាងគេកើតឡើង នៅទីក្រុងកំពង់ផែ Tianjin កាលពីឆ្នាំ២០១៥ ដោយបានសម្លាប់មនុស្សរហូតដល់ទៅ១៧០នាក់ ។ ក្រោយហេតុការណ៍នោះ ប្រធានាធិបតីចិន លោកស៊ី ជីងពីន បានស្នើដល់មន្ត្រី គ្រប់គ្រងវិស័យឧស្សាហកម្ម ត្រូវតែដកបទពិសោធន៍ ពីគ្រោះថ្នាក់សម្លាប់មនុស្សយ៉ាងច្រើននេះ ទុកជាមេរៀនដើម្បីកុំឲ្យមានហេតុការណ៍បែបនេះកើតឡើង ជាថ្មី។

ប៉ុន្តែដោយសារតែ ការគ្រប់គ្រងរបស់ថៅកែក្រុមហ៊ុនមានភាពធូរលុង មិនគោរពច្បាប់ សុវត្ថិភាពការងារដោយសារតែផលប្រយោជន៍ ទើបបណ្តាលឲ្យមានការផ្ទុះឆេះកើតឡើងជាបន្តបន្ទាប់ ដូចជាការផ្ទុះឆេះនាពេលនេះជាដើម៕ ម៉ែវ សាធី


ចែករំលែក៖