ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបោះឆ្នោតបឋម៖ CPP ឈ្នះ២២ខេត្ត ស្មើ៧០ភាគរយ CNRP ឈ្នះ៣ ខេត្ត ស្មើ៣០ភាគរយ

ចែករំលែក៖

ភ្នំពេញ៖ លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅទូទាំងប្រទេស គេសង្កេតឃើញមានតែគណបក្សធំៗគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិទទួលបានសន្លឹកឆ្នោតច្រើនលើសលប់ រីឯគណបក្សចំនួន១០ទៀតទទួលបានសន្លឹកឆ្នោតតិចតួច ប៉ុណ្ណោះ ។

លទ្ធផលបណ្តោះអាសន្ននៃអាសនៈ ក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង១.៦៤៦ នៅ ទូទាំងប្រទេសនោះគឺគណបក្សប្រជាជន កម្ពុជា (CPP) ឈ្នះបាន២២ខេត្ត ស្មើនឹង ៧០ភាគរយ ឬ១.១៦១ឃុំ-សង្កាត់ និងគណ បក្សសង្គ្រោះជាតិ (CNRP) ឈ្នះតែ៣រាជ ធានី-ខេត្តប៉ុណ្ណោះ។ ក្នុងនោះរួមមាន រាជ ធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តកំពង់ចាម ស្មើនឹង៣០ភាគរយ ឬ៤៨៤ឃុំ-សង្កាត់។ ដោយឡែកគណបក្សខ្មែររួបរួមជាតិឈ្នះបានមួយឃុំ នៅខេត្តបន្ទាយមានជ័យ ។

ស្របពេលនឹងការប្រកាសលទ្ធផល បឋមតាមកញ្ចក់ទូរទស្សន៍កាលពីយប់ថ្ងៃទី៤ ខែមិថុនា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះ ជាតិលោក យឹម សុវណ្ណ ក៏បានធ្វើសន្និសីទ សារព័ត៌មានទាំងយប់ដែរ ។

លោក យឹម សុវណ្ណ បានលើកឡើងថា ជាទូទៅការបោះឆ្នោតអាណត្តិទី៤នេះ ដំណើរការល្អ ប៉ុន្តែនៅមុនការបោះឆ្នោត គណបក្សសង្គ្រោះជាតិបានរងការគំរាម កំហែងពីអ្នកនយោបាយដូចជាករណីប្រើសម្ដីវោហាសាសព្ទគំរាមកំហែងផ្សេងៗ មានដូចជា ការគំរាមធ្វើសង្គ្រាម បើចាញ់ ឆ្នោតជាដើម។ លោកបញ្ជាក់ថា លទ្ធផល បឋមនៃការបោះឆ្នោតនេះគណបក្ស សង្គ្រោះជាតិទទួលជ័យជម្នះបាន៤៦ភាគរយដែលនេះមានន័យថា ការបោះឆ្នោត តំណាងរាស្ត្រនៅឆ្នាំ២០១៨គណបក្សនឹង ឈ្នះរហូតដល់៦០ភាគរយដើម្បីកាន់កាប់ រដ្ឋាភិបាល ។

លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប. ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីដំណើរ ការទូទៅ និងការប្រកាសលទ្ធផលបឋមនៃការបោះឆ្នោតក្រុមប្រឹក្សានេះថា ដំណើរ ការបោះឆ្នោតនៅអាណត្តិទី៤នេះទទួលបានជោគជ័យជាងអាណត្តិមុន ហើយបានប្រព្រឹត្តទៅដោយប្រក្រតីភាពមិនមានការ រំខានអ្វីនោះទេ ។

បើតាមលោក ស៊ិក ប៊ុនហុក បញ្ជាក់ថា នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ចាប់ពី ម៉ោង៧ព្រឹកគ្រប់ការិយាល័យបោះឆ្នោត ទូទាំងប្រទេសជាង២ម៉ឺនការិយាល័យបានបើកបម្រើឲ្យការបោះឆ្នោតដោយមិនមានការិយាល័យណាមួយមិនបានបើកនោះ ទេ។ លោកបន្ថែមថា មានការិយាល័យមួយ ចំនួនបានបិទមុនម៉ោង៣ដោយសារអ្នក មានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃការិយា ល័យនោះបានមកបោះឆ្នោតអស់និងការិយាល័យភាគច្រើនបិទនៅម៉ោង៣រសៀល។

រីឯតំណាងមកពីគណបក្សសង្គ្រោះជាតិដែលបានចូលរួមក្នុងសន្និសីទដែរនោះ បានទទួលស្គាល់ថា ដំណើរការបោះឆ្នោតមានភាពប្រក្រតីច្រើនមិនមានបញ្ហាអ្វីចោទខ្លាំងនោះទេ ប៉ុន្តែទោះបីយ៉ាងណាពេលរាប់ សន្លឹកហាក់មានបញ្ហាច្រើន ។

តំណាងគណបក្សសង្គ្រោះជាតិបានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់សន្និសីទថា «បើយើងពិនិត្យមើលទៅលើការរាប់សន្លឹកឆ្នោតមានភាពមិនប្រក្រតីជាច្រើន។ ក្នុងសេចក្តីណែនាំរបស់ គ.ជ.ប. ពលរដ្ឋមិនអាចនៅក្នុងការិយាល័យរាប់ក៏ ដូចជាបរិវេណខាងក្នុងការិយាល័យ។ បរិវេណខាងក្នុងមានន័យថា ១៥ម៉ែត្រពី ការិយាល័យរាប់ ប៉ុន្តែប្រជាពលរដ្ឋខ្លះនៅឆ្ងាយលើស១៥ម៉ែត្រក៏នៅតែដេញគាត់ ចេញមិនឲ្យនៅក្នុងបរិវេណដែលគាត់អាចមានសិទ្ធិបានទេ» ។

លទ្ធផលបឋមក្រៅផ្លូវការដែលភ្នាក់ងារព័ត៌មានទទួលបានពីតាមបណ្តាខេត្តនានា បង្ហាញថា គណបក្សប្រជាជនកម្ពុជាបាន បន្តឈ្នះដោយគ្រប់គ្រងឃុំ-សង្កាត់ភាគ ច្រើនជាថ្មីម្តងទៀតក្នុងចំណោមឃុំ-សង្កាត់ សរុប១.៦៤៦នៅទូទាំងប្រទេសសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។

លទ្ធផលបឋមក្រៅផ្លូវការដែលទទួលបានពីបណ្តាខេត្តទូទាំងប្រទេសរួមមាន ដូចខាងក្រោម៖

១-រាជធានីភ្នំពេញ សុរប១០៥សង្កាត់៖ CPP 51 CNRP 54

២-ខេត្តពោធិ៍សាត់សរុប៤៩ឃុំ-សង្កាត់៖ CPP 49 CNRP 0

៣-ខេត្តបាត់ដំបងសរុប១០២ឃុំ-សង្កាត់៖ CPP 54 CNRP 48

៤-ខេត្តព្រៃវែងសុរប១១៦ឃុំ-សង្កាត់៖ CPP 73 CNRP 43

៥-ខេត្តត្បូងឃ្មុំសុរប៦៤ឃុំ-សង្កាត់៖ CPP 46 CNRP 18

៦-ខេត្តព្រះវិហារសរុប៥១ឃុំ-សង្កាត់៖ CPP 45 CNRP 6

៧-ខេត្តសៀមរាបសរុប១០០ឃុំ-សង្កាត់៖ CPP 44 CNRP 56

៨-ខេត្តស្វាយរៀងសរុប៨០ឃុំ-សង្កាត់៖ CPP 73 CNRP 7

៩-ខេត្តក្រចេះសរុប៤៧ឃុំ-សង្កាត់៖ CPP 38 CNRP 9

១០-ខេត្តបន្ទាយមានជ័យសរុប៦៥ឃុំ- សង្កាត់៖ CPP 54 CNRP 10 ខ្មែររួបរួមជាតិ1

១១-ខេត្តកំពង់ស្ពឺសរុប៨៧ឃុំ-សង្កាត់៖ CPP78 CNRP 9

១២-ខេត្តកំពង់ធំសរុប៨១ឃុំ-សង្កាត់៖ CPP 42 CNRP 39

១៣-ខេត្តកណ្តាលសរុប១២៧ឃុំ-សង្កាត់៖ CPP 79 CNRP 48

១៤-ខេត្តឧត្តរមានជ័យសរុប២៤ឃុំ-សង្កាត់៖ CPP 23 CNRP 1

១៥-ខេត្តមណ្ឌលគិរីសរុប២១ឃុំ-សង្កាត់៖ CPP 21 CNRP 0

១៦-ខេត្តរតនគិរីសរុប៥០ឃុំ-សង្កាត់៖ CPP 48 CNRP 2

១៧-ខេត្តកំពតសរុប៩៣ឃុំ-សង្កាត់៖ CPP 71 CNRP 22

១៨-ខេត្តកោះកុងសរុប២៩ឃុំ-សង្កាត់៖ CPP 26 CNRP 3

១៩-ខេត្តព្រះសីហនុសរុប២៩ឃុំ-សង្កាត់៖ CPP 26 CNRP 3

២០-ខេត្តកែបសរុប៥ឃុំ-សង្កាត់៖CPP 5 CNRP 0

២១-ខេត្តប៉ៃលិនសរុប៨ឃុំ-សង្កាត់៖ CPP 7 CNRP 1

២២-ខេត្តកំពង់ចាមសរុប១០៩ឃុំ-សង្កាត់៖ CPP 33 CNRP 76

២៣-ខេត្តកំពង់ឆ្នាំងសរុប៧០ឃុំ-សង្កាត់៖ CPP 62 CNRP 8

២៤-ខេត្តស្ទឹងត្រែងសរុប៣៤ឃុំ-សង្កាត់៖ CPP 33 CNRP 1

២៥-ខេត្តតាកែវសរុប១០០ឃុំ-សង្កាត់៖ CPP 82 CNRP 18

សរុបទូទាំងប្រទេស៖ CPP ឈ្នះ២២ ខេត្តCNRP ឈ្នះ៣រាជធានីខេត្ត (ភ្នំពេញ, ខេត្តសៀមរាប និងខេត្តកំពង់ចាម)។ គណ បក្សប្រជាជនកម្ពុជា(CPP)ទទួលបាន 1.163 ឃុំ-សង្កាត់, គណបក្សសង្គ្រោះជាតិ (CNRP) ទទួលបាន482ឃុំ-សង្កាត់ និង គណបក្សខ្មែររួបរួមជាតិ1ឃុំ ។

អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជាថ្លែងឲ្យដឹងថា បើទោះបីគណ បក្សសង្គ្រោះជាតិទទួលបានការកើនឡើង ឃុំ-សង្កាត់មួយចំនួនរហូតដល់ប្រមាណ ៤៨២ឃុំ-សង្កាត់មែន ប៉ុន្តែបើប្រៀបធៀបសំឡេងឆ្នោតឆ្នាំ២០១៣គណបក្សសង្គ្រោះជាតិបានស្រុតថយសំឡេងមួយចំនួនធំ។

បើតាមតួលេខសន្លឹកឆ្នោតរបស់គណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៣គណបក្សសង្គ្រោះជាតិអាចនឹងឈ្នះរហូតដល់ជាង៦០០ឃុំ-សង្កាត់ឯណោះ ប៉ុន្តែនៅ ពេលនេះឈ្នះបានត្រឹមតែជាង៤៨០ឃុំ-សង្កាត់តែប៉ុណ្ណោះប្រមាណជិត៣០ភាគ រយមិនបាន១,៣ភាគនោះទេ។ នេះបង្ហាញ ថា សំឡេងឆ្នោតនៅឆ្នាំ២០១៧នេះមានការថយចុះអ្នកគាំទ្រអស់ជាច្រើន។

អ្នកវិភាគដដែលរូបនោះបានបញ្ជាក់ថា សំឡេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់បើ ប្រៀបធៀបសំឡេងឆ្នោតកាលពីឆ្នាំ២០១៣ កន្លងទៅ។ ដូច្នេះប្រសិនបើសំឡេងឆ្នោត របស់គណបក្សប្រជាជនទទួលបានដូច ខាង លើនេះនោះមានន័យថា ការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្តឆ្នាំ២០១៨ខាងមុខ គណបក្សប្រជាជននឹងកើនកៅអីតំណាងរាស្រ្តនៅក្នុងសភា ហើយនៅតែទទួលបានជោគជ័យដឹកនាំរាជរដ្ឋាភិបាលដដែល ។

សូមជម្រាបថា ការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ ២០១៧ នៅកម្ពុជាមានអ្នកចូលរួមបោះឆ្នោតទូទាំងប្រទេសចំនួន៦.៧៤៣.៣២៩នាក់ ស្មើនឹង៨៥,៧៤ភាគរយ ក្នុងចំណោម ប្រជាពលរដ្ឋគ្រប់អាយុបានចុះឈ្មោះបោះឆ្នោតចំនួន៧.៨៦៥.០៣៣នាក់ និងមានចំនួន២២.១៤៨ការិយាល័យបោះឆ្នោត៕ ហេង សូរិយា


ចែករំលែក៖