ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីយោធាដកកាំភ្លើងបាញ់មេឃ១គ្រាប់ បំបែកហ្វូងក្រុមក្មេងស្ទាវជាង៣០ម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមក្មេងស្ទាវមួយហ្វូងប្រមាណ៣០ម៉ូតូ ដែលកំពុងធ្វើសកម្មភាពដេញវៃកាប់ទៅលើយុវជន២នាក់ ដែលទើបចេញមកពីកោះពេជ្រ ធ្វើដំណើរត្រឡប់ទៅផ្ទះ តែមិនទាន់បានវៃផង ស្រាប់តែមានមន្រ្តីយោធាប្រុសស្រី៣នាក់ ជិះរថយន្តស៊េរីទំទើបធុនត្រា មួយគ្រឿង មកដកកាំភ្លើងខ្លីបាញ់១គ្រាប់ ដើម្បីបំបែកហ្វូងក្រុមក្មេងស្ទាវទាំងនោះ បណ្តាលឲ្យយុវជន២នាក់នោះភ័យជិះរត់ក៏បានជ្រុលចង្កូតបុកជញ្ជាំងទ្វារផ្ទះប្រជាពលរដ្ឋ ហើយបានរត់យករួចខ្លួនទាំង២នាក់ ហើយក្នុងហេតុការណ៍នោះដែរក៏មានម៉ូតូហុងដាឌ្រីម២០១៧មួយគ្រឿងផ្សេងទៀតដែលម្ចាស់រត់គេចខ្លួនផងដែរ ។

ហេតុការណ៍ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលស្ទើរពេញមួយចំហៀងក្រុងនេះ បានកើតឡើងនៅវេលាម៉ោង១យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ២៧១ ទល់មុខធនាគារ អេស៊ីលីដា ដែលស្ថិតក្នុងសង្កាតផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ២នាក់ដែលត្រូវក្រុមក្មេងស្ទាវទាំងនោះដេញកាប់ ឈ្មោះ ជុំ តុលា អាយុ១៧ឆ្នាំ មុខរបរអ្នកលើកម្ហូបក្នុងហាង ស្នាក់នៅភូមិអូបែកក្អម សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ជាអ្នកបើកបរម៉ូតូម៉ាក NEX ស្លាកលេខ ភ្នំពេញ 1BZ-1339 រួមដំណើរជាមួយមិត្តភក្តិម្នាក់ឈ្មោះ ឈុំ ហៀង អាយុ១៧ឆ្នាំ មុខរបរជាកូនជាងមាស ស្នាក់នៅម្តុំផ្សារ PC សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រីឯម៉ូតូហុងដាឌ្រីមស៊េរី២០១៧ មួយគ្រឿង ដែលស្នាមកាប់យកស្លាកលេខទៅបាត់ ហើយម្ចាស់ម៉ូតូមិនដឹងថាទៅទីណាទេ។

ចំណែករថយន្តស៊េរីទំនើបមួយគ្រឿងបើកបរដោយស្រ្តីម្នាក់រួមដំណើរជាមួយបុរស២នាក់ទៀតនៅក្នុងរថយន្តដែលមានម៉ាក “ធុនត្រា” គ្មានស្លាកលេខ។

បើតាមសម្តីរបស់យុវជនឈ្មោះ ជុំ តុលា ដែលសមត្ថកិច្ចចាត់ទុកថា ជាជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួននិងមិត្តភក្តិឈ្មោះ ឈុំ ហៀង បានធ្វើដំណើរជិះម៉ូតូម៉ាក់NEXខាងលើ ទៅលេងនៅកោះពេជ្រ ហើយក៏បានជិះត្រឡប់មកផ្ទះនៅអូបែកក្អម តែដោយសារយប់ជ្រៅពេកមិនហ៊ានហៅទ្វារអ្នកផ្ទះ ក៏បានត្រឡប់ទៅផ្ទះរបស់ ឈុំ ហៀង នៅឯបឹងទំពុនវិញ ដោយបានធ្វើដំណើរឆ្លងកាត់ស្ពានអាកាសស្ទឹងមានជ័យ ក៏ស្រាប់តែមានក្រុមស្ទាវមួយក្រុម ប្រមាណជាង២០ទៅ៣០ម៉ូតូបានជិះដេញតាមខ្លួនពីក្រោយ ខ្លួនក៏បានបន្ថែមល្បឿនក្នុងគោលបំណងគេចឲ្យផុតពីក្រុមទាំងនោះ ក៏ស្រាប់តែដល់កើតហេតុខាងលើគឺរថយន្តស៊រីទំនើបនៅពីមុខ បើកស្រប់ទិសគ្នាបានដកកាំភ្លើងខ្លីមួយដើមបាញ់ឡើងលើ១គ្រាប់ ពេលនោះ ពួកខ្លួនភ័យពេកជិះបុកជញ្ជាំងទ្វារហើយរត់គេចខ្លួន ហើយបាន ពេលសមត្ថកិច្ចមកដល់ទើបចេញបង្ហាញមុខតែម្តង។

ចំណែកឯម្ចាស់រថយន្តស៊េរីទំនើបខាងលើមិនត្រូវបានបង្ហាញអត្តសញ្ញាណឲ្យដឹងនោះទេ គ្រាន់តែបានប្រាប់ថា គាត់ជាមន្រ្តីយោធា ហើយគាត់បានបញ្ជាក់បន្ថែមទៀតថា៖ មូលហេតុដោយសារគាត់សម្រេចចិត្តដកកាំភ្លើងបាញ់ឡើងលើនោះគឺ ខ្លាចក្រែងមានករណីមិនល្អមកលើខ្លួន ព្រោះស្ថានភាពពេលនោះ មិនដឹងថា ក្រុមក្មេងស្ទាវទាំងនោះដេញតាមអ្វី ទើបគាត់សម្រេចចិត្តបាញ់ដើម្បីបំបែកហ្វូងក្មេងទាំងនោះ។

ក្រោយពេលបន្ទុះសម្លេងគ្រាប់កាំភ្លើង១គ្រាប់រួច សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុហើយបានឃាត់រថយន្តរបស់មន្រ្តីយោធា និងម៉ូតូ២គ្រឿង នាំទៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ ដើម្បីសាកសួរបន្ថែម ៕ ភារ៉ា ដង្កោ


ចែករំលែក៖