ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបានគំរាមដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ

ចែករំលែក៖

អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការ សហប្រជាជាតិលោកស្រី Nikki Haley បានប្រកាសឲ្យដឹងថា អាមេរិកកំពុងតែ ត្រួតពិនិត្យពីការដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដោយសារតែអង្គការនេះមានសកម្មភាព មិនតម្លាភាពទៅលើសម្ពន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោនគឺអុីស្រាអែល។

សារព័ត៌មាន BBC បានដកស្រង់សម្តីអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បាន ប្រកាសនៅក្នុងវេទិកាសិទ្ធិមនុស្សនៅទី ក្រុងហ្សឺណែវ កាលពីថ្ងៃទី៦ ខែមិថុនា ថា «អាមេរិកកំពុងតែត្រួតពិនិត្យទៅលើក្រុមប្រឹក្សាសិទ្ធិមនុស្សក្នុងនាមជាសមាជិក ហើយយើងខ្ញុំបានមើលឃើញវិស័យមួយចំនួនចាំបាច់ត្រូវតែកែប្រែ។ ពិតជាមិន អាចទទួលបាននៅពេលដែលក្រុមប្រឹក្សាសិទ្ធិមនុស្សបានអនុម័តទៅលើសេចក្តី សម្រេចចំនួន៥ ដែលគ្មានតម្លាភាព ប្រឆាំងនឹងអុីស្រាអែល ដែលជាសម្ពន្ធមិត្ត របស់អាមេរិក។ ប៉ុន្តែអង្គការនេះមិនបាន អនុម័តប្រឆាំងប្រទេសវេណេហ្សុ៊យអេឡា នោះឡើយ បើទោះបីមានបាតុកម្មបង្ហូរឈាមក្តី»។

លោកស្រី Nikki Haley បានអំពាវនាវដល់អង្គការសិទ្ធិមនុស្ស ដោះស្រាយរាល់ការបំពានសិទ្ធិមនុស្ស យ៉ាងធ្ងន់នៅក្នុង ប្រទេសវេណេហ្ស៊ុយអេឡា។ លោកស្រី បន្តទៀតថា «ចំណុចសំខាន់គឺ ក្រុមប្រឹក្សាត្រូវតែលុបចោលនូវការអនុម័តថ្កោល ទោសអុីស្រាអែល បំពានសិទ្ធិមនុស្ស មានតែធ្វើដូច្នេះទើបធានាបាននូវតម្លាភាព របស់ខ្លួន»។

ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហ ប្រជាជាតិមានសមាជិក៤៧ប្រទេស ក្នុងនោះមាន សមាជិកមួយចំនួនបានថ្កោលទោសការគ្រប់គ្រងរបស់អុីស្រាអែលទៅលើទឹកដីប៉ាឡេស្ទីន ពិសេសគឺការសាង សង់លំនៅឋានក្នុងតំបន់ដែលមានវិវាទ។

សកម្មភាពរបស់អាមេរិកនៅក្នុងអង្គ ការសហប្រជាជាតិកន្លងមកត្រូវបានអ្នក ឯកទេសចាត់ទុកថា នឹងធ្វើឲ្យអាមេរិក បាត់បង់ឥទ្ធិពលនៅលើឆាកអន្តរជាតិ នៅពេលដែលប្រទេសនេះ បានកាត់ បន្ថយចំនួនហើយគំរាមដកខ្លួនចេញពី ស្ថាប័នមួយចំនួននៅក្នុងអង្គការសហ ប្រជាជាតិ។

កន្លងមកអគ្គលេខាធិការអង្គការសហប្រជាជាតិធ្លាប់បានព្រមានថា បើអាមេរិក កាត់បន្ថយជំនួយដល់អង្គការនេះ នឹងមានប្រទេសផ្សេងទៀតចូលមកជំនួសតំណែងភ្លាម ហើយពេលនោះសម្តីអាមេរិក នឹងមិនមានប្រសិទ្ធភាពទៀតឡើយនៅក្នុងអង្គការ កំពូលមួយនេះ៕ ម៉ែវ សាធី


ចែករំលែក៖