ព័ត៌មានទាន់ហេតុការណ៍៖

អគ្គីភ័យឆាបឆេះរោងចក្រផលិតចំណីសត្វនៅខណ្ឌដង្កោបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់កម្មករនិងសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍អគ្គីភ័យបានឆាបឆេះរោងចក្រផលិតចំណីសត្វយ៉ាងខ្លាំង ដោយសារតែក្រុមជាងដែក កំពុងផ្សាធ្វើបន្ទប់នៅក្នុងឃ្លាំង ហើយបានខ្ទាតធូបផ្សាដែកចូលទៅក្នុងគំនរបាវ ដែលទុកសំរាប់ច្រកចំណីសត្វ បង្កឲ្យមានការឆាបឆេះចេញអណ្តាតភ្លើងយ៉ាងសន្ធោរសន្ធៅតែម្ដង។

ហេតុការណ៏អគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១៥និង៤០នាទី ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ ដែលស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជនីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានជាងផ្សាដែកមួយក្រុមបានចូលមកផ្សាដែកនៅក្នុងរោងចក្រខាងលើ ខណៈកំពុងតែផ្សា ក៏បានធ្លាក់កម្ទេចធូបផ្សាចូលក្នុងគំនរបាវ និងចំណីរសត្វដែលផលិតរួចបង្កឲ្យមានការឆាបឆេះចេញជាអណ្តាតភ្លើង ភ្លាមៗនោះក៏មានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលរាជនីភ្នំពេញ និងរថយន្តពន្លត់អគ្គីភយ័របស់ក្រុមហ៊ុនស្រាបៀរសរុប១០គ្រឿង ក្នុងនោះមានចំនួន៦គ្រឿងបានបាញ់ទឹកពន្លត់បាត់រលត់ជាស្ថាពរនៅវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃខែដដែល។

បើតាមសំដីថៅកែរោងចក្រខាងលើមានឈ្មោះMCFARLAND BRENT ROYភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិកាណាដា បានឲ្យដឹងថា សម្ភារដែលខូចខាតរួមមាន៖ ផ្លាស្តិចចំនួនកន្លះតោន សំបកបាវចំនួនកន្លះតោន ម៉ទរ័ចំនួន៥គ្រឿង ប្រេងកាត២០លិត្រ តែមិនបង្ករឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនរណាម្នាក់នោះឡើយ៕ ភារ៉ា ដង្កោ


ចែករំលែក៖