ព័ត៌មានទាន់ហេតុការណ៍៖

មីយ៉ានម៉ា៖ យន្តហោះដឹកអ្នកដំណើរ១២០នាក់ដាំក្បាលចូលសមុទ្រ

ចែករំលែក៖

យន្តហោះដឹកជញ្ជូនយោធាប្រភេទ Shaanxi Y-8F-200 របស់មីយ៉ានម៉ាដឹកអ្នកដំណើរ១២០នាក់ បានជួបគ្រោះថ្នាក់កាលពីវេលាម៉ោង១ និង៣៥នាទី ថ្ងៃទី៧ ខែមិថុនា។ សកម្មភាពរ៉ុករកជួបផលលំបាកយ៉ាងខ្លាំង ហើយក្នុងចំណោមអ្នកដំណើរមាន១៥នាក់នៅរស់។

ប្រភពព័ត៌មានពីកម្លាំងយោធាមីយ៉ានម៉ាបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់យន្តហោះយោធាខាងលើកើតឡើងកាលពីរសៀលថ្ងៃទី៧ ខែមិថុនា ដោយយន្តហោះធ្លាក់ចូលសមុទ្រ។ យន្តហោះ Shaanxi Y-8F-200 បានហោះហើរចេញពីអាកាសយានដ្ឋាន Myeik ភាគខាងត្បូងប្រទេសមីយ៉ានម៉ា នៅពេលជួបគ្រោះថ្នាក់យន្តហោះខាងលើ ហោះក្នុងកំពស់ ៥.៤៨៦ម៉ែត្រ ឆ្ពោះទៅកាន់ទីក្រុង Yangon ដែលជាទីក្រុងធំបំផុតរបស់មីយ៉ានម៉ា។

ទីបញ្ជាការកងទ័ពមីយ៉ានម៉ាបានប្រកាសឲ្យដឹងថា យន្តហោះខាងលើ បាត់ទំនាក់ទំនងនៅវេលាម៉ោង១ និង៣៥នាទីរសៀល ពេលនៅចម្ងាយពីទីក្រុងDawei ៣២គីឡូម៉ែត្រ លើដែនដមុទ្រ Andaman ។

កម្លាំងទាហានជើងទឹកបានបញ្ជូននាវា៦គ្រឿង និងយន្តហោះ៣គ្រឿងទៅរ៉ុករក និងជួយសង្គ្រោះ។ ដល់យប់ថ្ងៃទី៧ ខែមិថុនា ក្រុមជួយសង្គ្រោះបានរកឃើញបំណែកយន្តហោះអណ្តែតលើផ្ទៃទឹក ចម្ងាយពីទីក្រុង Dawei ប្រមាណ២១៨គីឡូម៉ែត្រ។ ពេលនេះកម្លាំងទាហានមីយ៉ានម៉ាកំពុងស្វែងរកនៅតំបន់ខាងលើ ។

ចំណែកសារព័ត៌មាន Mirror បានផ្សាយថា ពេលនេះមិនទាន់ទទួលបានព័ត៌មានលម្អិតពីស្ថានភាពសុខភាពរបស់មនុស្ស ១៥នាក់ដែលនៅរស់នៅឡើយ ហើយក៏មិនទាន់បញ្ជាក់ព័ត៌មានពិតថា តើពិតជាមានអ្នកនៅរស់ដែរឬទេ។

ចំណែកព័ត៌មានស្តីពីចំនួនមនុស្សនៅលើយន្តហោះក៏មិនទាន់ស្របគ្នាដែរ។ ក្នុងពេលនេះតំណែងអាកាសយានដ្ឋាន Myeik ប្រកាសថាមានអ្នកដំណើរ៩០នាក់ និងក្រុមពហុនិកា១៤នាក់ លើយន្តហោះ។ ចំណែកតំណាងទាហានមីយ៉ានម៉ា បញ្ជាក់ថាមាន អ្នកដំណើរ១០៥នាក់ និងក្រុមពហុនិកា១១នាក់។ ដោយឡែកសារព័ត៌មាន Channel News Asia បានផ្សាយថា មានអ្នកដំណើរ១០៦នាក់ និងក្រុមពហុនិកា១៤នាក់។ ចំណែកប្រភពព័ត៌មានផ្សេងទៀតថា មានកុមារ១០នាក់នៅលើយន្តហោះ។

សារព័ត៌មានរ៉យទ័របានសកស្រង់សម្តីមន្ត្រីយោធាបានឲ្យដឹងថា ភាគច្រើនអ្នកដំណើរនៅលើយន្តហោះជួបគ្រោះថ្នាក់គឺជាទាហាន និងសាចញ្ញាត្តិទាហាន។ មីយ៉ានម៉ាមានច្បាប់អនុញ្ញាត្តិឲ្យទាហាន និងគ្រួរសារធ្វើដំណើរពីតំបន់ដាច់ស្រយាលទៅកាន់ទីក្រុងធំៗ១ខែម្តង។

នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុច្បាស់លាស់បណ្តាលឲ្យជួបគ្រោះថ្នាក់ខាងលើ នៅឡើយ។ តាមការសន្និដ្ឋានជាបឋមអាចបណ្តាលមកពីអាកាសធាតុ មិនអំណោយផល។ នៅពេលដែលជួបគ្រោះថ្នាក់តំបន់នោះមានភ្លៀងធ្លាក់តិចតួចផងដែរ។

សូមបញ្ជាក់ថាយន្តហោះ Shaanxi Y-8F-200 ដែលជួបគ្រោះថ្នាក់នោះផលិតនៅក្នុងប្រទេសចិន ហើយតែងតែត្រូវបានទាហានមីយ៉ានម៉ាប្រើប្រាស់សម្រាប់ដឹកទំនិញ។ យន្តហោះខាងលើទើបតែហោះហើរបាន៨០៩ម៉ោងប៉ុណ្ណោះ ហើយទាហានមីយ៉ានម៉ាទើបតែទទួលបានកាលពីខែមីនា ឆ្នាំ២០១៦៕ ម៉ែរ សាធី


ចែករំលែក៖