រដូវស្សាឈានចូលមកដល់ខ្យល់ព្យុះបានវាយប្រហារនៅគ្រប់ទិសទីជុំវិញពិភពលោកដោយបានបំផ្លាញទ្រព្យសម្បត្តិនិងអាយុជីវិតជាច្រើន។ កន្លងមកនៅក្នុងតំបន់ អាស៊ី មានប្រទេស ស្រីលង្កា បង់ក្លាដែស ចិន និងមីយ៉ាន់ម៉ាជាដើម បានរងការវាយ ប្រហារដោយខ្យល់ព្យុះ បង្កជាទឹកជំនន់ សម្លាប់មនុស្សអស់ជាច្រើន។
ក្រៅពីតំបន់អាស៊ី ដែលជាតំបន់ងាយ រងការវាយប្រហារដោយខ្យល់ព្យុះជាងគេនោះ នៅទ្វីបអាហ្រ្វិកក៏រងការវាយប្រហារដោយខ្យល់ព្យុះផងដែរ។ នៅពេលនេះខ្យល់ ព្យុះបានវាយប្រហារនៅក្នុងទ្វីបអាហ្វ្រិក ដែលជាតំបន់ កម្រជួបនូវខ្យល់ព្យុះខ្លាំង ណាស់ គឺមានតែគ្រោះរាំងស្ងួតប៉ុណ្ណោះ។
ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃ ព្រហស្បតិ៍ ទី៨ខែមិថុនាឆ្នាំ២០១៧នេះ បានឲ្យដឹងថា មនុស្ស៨នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ខ្យល់ ព្យុះមួយដែលបានវាយប្រហារមកលើ ទីក្រុង Cape របស់ប្រទេសអាហ្វ្រិកខាង ត្បូង។
នៅក្នុងចំណោមអ្នកស្លាប់គេបានដឹងថា មានក្រុមគ្រួសារសមាជិក៤នាក់បានស្លាប់ដោយសារភ្លើងឆេះ ដែលបណ្តាល មកពីរន្ទះបាញ់។ នេះបើយោងតាមការ អះអាងរបស់អាជ្ញាធរ ហើយជឿជាក់ថា មនុស្សជាច្រើនពាន់នាក់ទៀតកំពុងរស់នៅគ្មានកន្លែងជ្រកកោន ។
គួរបញ្ជាក់ថា ខ្យល់ព្យុះបានធ្វើដំណើរមកដល់ទីក្រុងរបស់ប្រទេសអាហ្វ្រិកមួយនេះ នៅក្រោយពេលតែ២សប្តាហ៍នៃការប្រកាសអំពីគ្រោះរាំងស្ងួតដែលបានកើតឡើងនៅក្នុងប្រទេស៕ ម៉ែវ សាធី