ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកសង្កែឃាត់ខ្លួនសកម្មជនគណបក្សសង្រ្គោះជាតិម្នាក់ចោទប្រកាន់ពីបទក្លែងបន្លំឯកសាររដ្ឋបាលសារធារណៈ តាំងខ្លួនជាមេភូមិចេញលិខិតឲ្យប្រជាពលរដ្ឋប្រើប្រាស់

ចែករំលែក៖

ខេត្តបាត់ដំបង៖ សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ ត្រូវនគរបាលស្រុកសង្កែខេត្តបាត់ដំបងឃាត់ខ្លួន រងការចោទថា តាំងខ្លួនជាមេភូមិ ក្លែងឯកសាររដ្ឋបាលសាធារណៈ រំលោភអំណាចអាជ្ញាធរ ចេញលិខិតឯកសារឲ្យប្រជាពលរដ្ឋនៅក្នុងភូមិប្រើប្រាស់ជាផ្លូវការ ។

លោកវរសេនីយ៍ត្រី សួន សុវណ្ណ អធិការនៃអធិការដ្ឋាននគរបាលស្រុកសង្កែខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី១២ ខែមិថុនាថា កម្លាំងនគរបាល បានចុះឃាត់ខ្លួនបុរសម្នាក់ជាសកម្មជនរបស់គណៈបក្សសង្គ្រោះជាតិ មានឈ្មោះ ទុយ ចាន់ ភេទប្រុស មានទីលំនៅ នៅភូមិអង្លង់ល្វា ឃុំ វត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបងសមត្ថកិច្ចបានបញ្ចាក់ទៀតថា ឈ្មោះ ទុយ ចាន់ បានប្រព្រឹត្ត ល្មើសដោយតាំងខ្លួនឯងជាមេភូមិ ហើយចេញលិខិតបញ្ជាក់រដ្ឋបាលទៅអោយប្រជាពលរដ្ឋ កាលពីថ្ងៃទី៧មិថុនាឆ្នាំ២០១៧។ ជនសង្ស័យ កំពុងឃាត់ខ្លួននិងបញ្ជូនទៅស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងដើម្បីយកទៅអនុវត្តតាមផ្លូវច្បាប់។

ការឃាត់ខ្លួនជនសង្ស័យជាសកម្មជនសមាជិកគណបក្សសង្រ្គោះជាតិ នៅឃុំតាមិម ស្រុសង្កែ ខេត្តបាត់ដំបងតាំងខ្លួនជាមេភូមិ គ្មានការតែងតាំង ក្រោយពីគេមើលឃើញថា កាលពីអំឡុងបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អណត្តីទី៤ កន្លងទៅថ្មីៗនេះ គណបក្សសង្រ្គោះជាតិនៅក្នុងឃុំតាមិម ស្រុកសង្កែទទួលបានជ័យជំនះ នៃការបោះឆ្នោតនោះ ។ការតាំងខ្លួនជាមេភូមិពីសំណាក់សកម្មជនគណបក្សសង្រ្គោះជាតិខាងលើនោះដែរក្រោយពីលិចធ្លាយព័ត៌មានបឲ្យដឹងថាគណបក្សសង្រ្គោះជាតិមានគម្រោងផ្លាស់ប្តូរប្រធានភូមិ និងអនុប្រធានភូមិ នៅតាមបណ្តាឃុំសង្កាត់ទាំងអស់ដែលគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត កាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៤ កន្លងទៅថ្មីៗនេះផងដែរ។

សូមបញ្ជាក់ថា យោងតាមច្បាប់ ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ដែលមានស្រាប់គឺមិនត្រូវបានកំណត់អាណត្តិការងារឡើយ។ ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិត្រូវបាត់បង់ពីមុខតំណែងក្នុងករណី សាមីខ្លួនទទួលមរណភាព សាមីខ្លួនដាក់ពាក្យសុំលាឈប់ពីមុខតំណែងជាលាយលក្ខ័អក្សរ សាមីខ្លួនបាត់បងសម្បទាវិជ្ជាជីវៈដោយមានលិខិតបញ្ជាក់ពីភ្នាក់ងារមានសមត្ថកិច្ច សាមីខ្លួនត្រូវបានលប់ឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោតនៃឃុំសង្កាត់របស់ខ្លួន សាមីខ្លួនត្រូវតុលាការផ្ដន្ទារទោសពីបទឧក្រិដ្ឋ ឬមជ្ឈឹមណាមួយ សាមីខ្លួនផ្លាស់ទីលំនៅទៅភូមិផ្សេង និងសាមីខ្លួនមានកំហុសឆ្គងក្នុងការងារ ហើយត្រូវបញ្ឈប់ពីមុខតំណែងដោយក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន។

សេចក្តីរាយការណ៍ព័ត៌មានចុងក្រោយពីខេត្តបាត់ដំបនៅល្ងាចថ្ងៃនេះឲ្យដឹងថា ពាក់ព័ន្ធឈ្មោះ ទុយ ចាន់ សកម្មជនគណបក្សសង្រ្គោះជាតិនៅឃុំតាមិម រងការឃាត់ខ្លួនចោទប្រកាន់ពីបទក្លែងបន្លំឯកសារដ្ឋបាលសាធារណៈ ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់តុលាការនោះហើយ។ ប៉ុន្តែខាងតុលាការមិនទាន់សម្រេចថា ត្រូវឃុំខ្លួនជនសង្ស័យ ឬដោះលែងវិញនោះឡើយ ជនសង្ស័យត្រូវបានបញ្ជូនយកឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនោះវិញ ក្រោយពីមានការសាកសួរមួយចំនួននៅអយ្យការអមសាលាដំបូងខេត្តបាត់ដំបងរួចហើយនោះ៕ សំ វិច្ឆិកា


ចែករំលែក៖