ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តរេវ៉ូពាក់ស្លាកលេខរដ្ឋបុកគ្នាជាមួយរថយន្តដឹកទឹកកកបណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ខេត្តកណ្តាលៈ រថយន្តរេវ៉ូ ពាក់ស្លាកលេខរដ្ឋ16 2-0495 បើកបោះពួយបុកគ្នាជាមួយរថយន្តដឹក​ទឹកកកពេញមួយទំហឹងនៅលើកំណាត់ផ្លូវជាតិលេខ៦ បណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់​ស្រាល កាលពីវេលាម៉ោង១៤ និង៥០នាទី ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣៦-៣៧ ស្ថិត​ក្នុងភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា រថយន្តដឹកទឹកកកម៉ាកហ៊ីយ៉ាន់​ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AE-2713 បើកបរដោយឈ្មោះ អែល ទីរ៉ូ ភេទប្រុស អាយុ២៩ឆ្នាំ (រងរបួសស្រាល) មានទីលំនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ ឆែម សុឃាន់ ភេទប្រុស អាយុ២៤ឆ្នាំ (រង​របួសស្រាល) មានទីលំនៅភូមិជ័យមង្គល ឃុំជ្រាប ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ប្រភពដដែលបានបន្តថា រថយន្តររ៉េវ៉ូ ពណ៌ស ពាក់ស្លាកលេខរដ្ឋ16 2-0495 បើកបរដោយឈ្មោះ ហុង ម៉េងសុង ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅផ្ទះលេខ១៩E៣ ផ្លូវលេខ១៦៦សង្កាត់អូឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងមានអ្នករួមដំនើរជាមួយម្នាក់ឈ្មោះ ចាន់ សុភា ភេទប្រុស អាយុ៤៩ឆ្នាំ (រងរបួសធ្ងន់) មានទីលំនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានបញ្ជាក់ថា នៅមុនពេលកើតហេតុរថយន្ត​វីហ្គោបានបើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើងដោយប្រកាន់គន្លង​ផ្លូវខាងស្តាំរបស់ខ្លួន ។ លុះមកដល់ម្តុំកន្លែងកើតហេតុក្រុមហ៊ុនចិនបានបិតគន្លងផ្លូវមួយ​ចំហៀ​ងដើម្បីជួសជូលផ្លូវ ទើបអ្នកបើកបររថយន្តរ៉េវ៉ូបើកប្តូរទៅគន្លងខាងឆ្វេងដៃ ខណៈកំពុងបើក​ក៏បានបុក​គ្នាជាមួយរថយន្តដឹកទឹកកកដែលបើកបរច្រាស់ទិសគ្នាពេញមួយទំហឹង បណ្តាលឲ្យ​មានអ្នក​រងរបួសយ៉ាងដូច្នេះ ។

ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្ត​សាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែករកាកោង ។ ចំណែកឯរថយន្តទាំង២គ្រឿង​ត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។

នគរបាលចរាចរណ៍ស្រុកមុខកំពូលបានបញ្ជាក់ថា ផ្លូវជាតិលេខ៦មានសួនច្បារពុះ​ចែក​ទ្រូងផ្លូវ ហើយនៅមុនពេលកើតហេតុក្រុមហ៊ុនចិនបានបិតគន្លងផ្លូវមួយចំហៀង ដើម្បីជួស​ជុលផ្លូវ ដោយទុកមួយចំហៀងឲ្យមធ្យោបាយធ្វើដំណើរឆ្លងកាត់ ខណៈដែលរថយន្តរ៉េវ៉ូបើក​ទៅគន្លងផ្លូវខាងឆ្វេង អ្នកបើកបររថយន្តដឹកទឹកកកមិនបានបើកអែមកៀននោះទេ ពោលគឺ​បើកនៅក្បែរសួនច្បារ ដោយនឹកស្មានថារថយន្តវីហ្គោបើករំលោភលើផ្លូវរបស់ខ្លួន ទើបមិន​ព្រមគេច ក៏បណ្តាលឲ្យបុកគ្នាពេញមួយទំហឹងតែម្តង ៕ ស្អាងជ័យ


ចែករំលែក៖