មានហេតុការណ៍ផ្ទុះគ្រាប់បែកយ៉ាងខ្លាំងកើតឡើង នៅមុខក្លោងទ្វារចូលសាលារៀន បឋមសិក្សាភាគខាងកើតប្រទេសចិន នៅពេលដែលឪពុកម្តាយ ទៅទទួលកូនចេញពីសាលា បណ្តាលឲ្យមានមនុស្ស ៧នាក់ស្លាប់ និង៥៩នាក់រងរបួស។
ហេតុការណ៍បំផ្ទុះគ្រាប់បែកខាងលើ កើតឡើងនៅសាលាមត្តេយ្យ Chuangxin Kindergarten ស្ថិតនៅស្រុក FengXian វេលាម៉ោង៤និង ៥០នាទីរសៀលម៉ោងនៅក្នុងតំបន់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ចំពេលដែល អាណាព្យាបាលកំពុងតែរង់ចាំយកកូនចេញពីសាលា។ មន្ត្រីទីក្រុង Xuzhou ខេត្តJiangsu កំពុងបើកការស្រាវជ្រាវពីករណីវាយប្រហារគ្រាប់បែកខាងលើ។
នៅពេលនេះ គេមិនទាន់ដឹងថា ហេតុការណ៍ផ្ទុះខាងលើគ្រាន់តែជាគ្រោះថ្នាក់ ឬ ជាការវាយប្រហារភេរវកម្ម ។ សារព័ត៌មានចិន បានផ្សាយថា ហេតុការណ៍ផ្ទុះខាងលើមិនមែនជាគ្រាប់បែកឡើយ គឺផ្ទុះធុងហ្គាសរបស់អ្នកលក់អាហារនៅតាមផ្លូវមុខសាលា។
សាក្សីនៅកន្លែងកើតហេតុ លោកស្រី shi បានឲ្យដឹងថា ការផ្ទុះខាងលើធ្វើឲ្យមនុស្ស មួយចំនួនត្រូវប៉ើងខ្ទាត ជាច្រើនម៉ែត្រទៅលើអាកាស។ បើទោះបីមានសាក្សីឃើញបែបណាក្តី ប៉ូលិសក៏បានបើកការស្រាវជ្រាវឲ្យបានល្អិតល្អន់បំផុត ដោយសារតែសាលារៀន នៅក្នុងប្រទេសចិន គឺជាគោលដៅ វាយប្រហាររបស់ក្រុមជ្រុលនិយម មានកំហឹងជាមួយរដ្ឋាភិបាលចិន។
កាលពីឆ្នាំ២០១០ ក៏មានកុមារជិត២០នាក់ ត្រូវបានសម្លាប់ នៅក្នុងសាលារៀនមួយនៅទីក្រុងប៉េកាំង។ កាលពីឆ្នាំ២០១៦ ក៏មានករណី ប្រើកាំបិត កាប់ ចាក់សិស្ស បណ្តាលឲ្យរបួស៧នាក់ផងដែរ។
រដ្ឋាភិបាលចិនបានបង្កើតការការពារតាមសាលារៀន នានា ដោយសារតែទីនោះជាគោលដៅវាយប្រហារ ដ៏សំខាន់របស់ក្រុមជ្រុលនិយម។ រាល់ការវាយប្រហារនាពេលកន្លងមក រដ្ឋាភិបាលចិន បានទម្លាក់កំហុសទៅលើក្រុម អ្នកកាន់សាសនាអិស្លាមជ្រុលនិងយម នៅតំបន់ស៊ីនជាំង ក្នុងនោះមានជនជាតិអុយហ្គ័រជាដើម៕ ម៉ែវ សាធី