ព័ត៌មានទាន់ហេតុការណ៍៖

គយបើកយុទ្ធនាទ្រង់ទ្រាយធំបង្រ្កាបទំនិញគេចពន្ធស្តុកទុក៦ឃ្លាំងនៅក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីគយសាខាខេត្តបន្ទាយមានជ័យសហការជាមួយនិងមន្រ្តីគយនៃការិយាល័យគយច្រកអន្តរជាតិប៉ោយប៉ែត ដោយមានការសម្របសម្រួលនីតិវិធីពីស្ថាប័នតុលាការ បានបើកយុទ្ធនាការទ្រុងទ្រាយធំចុះបង្រ្កាបទំនិញគេចពន្ធខុសច្បាប់ ដែលឈ្មួញបានដឹកនាំលួចលាក់យកមកស្តុកទុកក្នុងឃ្លាំងចំនួន៦ឃ្លាំង នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការចុះបង្រ្កាបទំនិញគេចពន្ធខុសច្បាប់នេះធ្វើឡើងនៅក្រុងប៉ោយប៉ែតជាប់ព្រំដែនកម្ពុជា-ថៃ ។ សេចក្តីរាយការណ៍ពីក្រុងប៉ោយប៉ែតឲ្យដឹងថា សមត្ថកិច្ចគយ បានចាប់ផ្តើមអនុវត្តធ្វើឡើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ រហូតដល់រសៀលថ្ងៃដដែលមន្រ្តីគយមិនទាន់បញ្ចប់នីតិវិធីនៃការត្រួតពិនិត្យឆែកឆេរឃ្លាំងទាំង៦នោះនៅឡើយនោះទេ។ឃ្លាំងទាំង៦រងការឆែកឆេរត្រួតពិនិត្យនោះរួមមានឃ្លាំង យីហោ ១, លឹម ហេង ២,ចែ ឡេង ៣,ចែ សា ៤,ឈឿន ដា ៥,អាំង គុយហៀង និង៦,ឃ្លាំងគ្មានស្លាកយីហោ ដែលមានទីតាំង ផ្លូវទៅកាន់ស្តង់តាងួន។

ការចុះត្រួតពិនិត្យនិងស្វែងរកបង្រ្កាបទំនិញគេចពន្ធនៅក្រុងប៉ោយប៉ែត គឺសមត្ថកិច្ចគយអនុវត្តដើម្បីពង្រឹងនៃការប្រមូលពន្ធចូលរដ្ឋ សម្រាប់រដ្ឋយកថវិកាទាំងនោះប្រើប្រាស់ ផ្គត់ផ្គង់បើកប្រាក់ខែជូនដល់មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធ បំរើការងារក្នុងស្ថាប័នរដ្ឋ។ទន្ទឹមដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជាគោការណ៍គ្រោងតំឡើងប្រាក់ខែជូនដល់មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធថែមទៀត នៅឆ្នាំ២០១៨ខាងមុខនេះ។

លោក សាំង ណន អនុប្រធានការិយាល័យគយនិងរដ្ឋាករច្រកអន្តរជាតិប៉ោយប៉ែតប្រាប់ឲ្យដឹងថា ទំនិញដែលមន្រ្តីគយត្រួតពិនិត្យនិងបង្រ្កាបនៅក្នុងឃ្លាំងទាំង៦ខាងលើ គឺមន្រ្តីគយស្វែងរកទំនិញណាគ្មានបង្កាន់ដៃបង់ពន្ធ ដែលគ្មានការបិទភ្ជាប់ទៅលើមុខទំនិញនីមួយៗ។ទំនិញក្នុងឃ្លាំងទាំងនោះដែរមានជាច្រើនប្រភេទប៉ុន្តែភាគច្រើនសមត្ថកិច្ចគយពិនិត្យរកឃើញទំនិញគេចពន្ធជាប្រភេទទឹកដោះគោឆៅ ដែលជាប្រភេទទំនិញជាប់ពន្ធខ្ពស់ផងដែរ។

លោកប្រាប់ឲ្យដឹងទៀតថា សម្រាប់លទ្ធផលនៃការចុះបង្រ្កាបទំនិញគេចពន្ធនៅក្នុងឃ្លាំងទាំង៦នៅរសៀលថ្ងៃនេះ សមត្ថកិច្ចគយមិនទាន់ដឹងច្បាស់លាស់នៅឡើយនោះទេពីព្រោះកំពុងតែបន្តនីតិវីធីឆែកឆេរត្រួតពនិត្យ ដោយរងចាំលទ្ធផលច្បាស់លាស់នៅល្ងាចថ្ងៃដដែល។

ពាក់ព័ន្ធនឹងការចុះបង្រ្កាបទំនិញគេចពន្ធខុសច្បាប់នៅក្នុងឃ្លាំងខាងលើនោះដែរ សេចក្តីរាយការណ៍ពីក្រុងប៉ោយប៉ែតឲ្យដឹងថា ទំនិញដែលបានស្តុកក្នុងឃ្លាំងទាំងនោះគឺឈ្មួញបានដឹកលួចលាក់បង្កប់តាមរទេះកម្មករនាំឆ្លងដែនប្រទេសថៃយកចូលមកលាក់ស្តុកទុកក្នុងឃ្លាំងនៅក្រុងប៉ោយប៉ែតនោះ តែម្តង៕ សំ វិច្ឆិកា


ចែករំលែក៖