ខេត្តស្ទឹងត្រែង៖ កាលពីថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០១៧ អង្គការប៊ឺតឡាយបានសហការជាមួយនឹងមន្ត្រីមន្ទីរកសិកម្មរុក្ខា ប្រមាញ់ខេត្តស្ទឹងត្រែង បើកយុទ្ធនាការចុះ ចាក់វ៉ាក់សាំង និងព្យាបាលដល់សត្វគោ ក្របីរបស់ប្រជាពលរដ្ឋដែលកំពុងឈឺងាប់ជាបន្តបន្ទាប់ និងខ្លះកំពុងមានជំងឺ ដើម្បី ចាក់ថ្នាំទប់ស្កាត់មិនឱ្យមានជំងឺឆ្លងជាបន្តទៀតនៅក្នុងភូមិថ្មដា ឃុំព្រែកមាស ស្រុក សៀមប៉ាង ខេត្តស្ទឹងត្រែង។
នៅក្នុងឱកាសនោះប្រជាពលរដ្ឋដែលជាម្ចាស់គោក្របីរស់នៅក្នុងឃុំព្រែកមាសទាំងមូលមានការរីករាយ សប្បាយចិត្តយ៉ាង ខ្លាំងដោយឃើញមន្ត្រីរបស់មន្ទីរកសិកម្មខេត្តរួមនឹងអង្គការប៊ឺតឡាយចុះមកចាក់ថ្នាំវ៉ាក់សាំង និងជួយព្យាបាលជំងឺដល់សត្វគោក្របីរបស់ពួកគាត់នៅក្នុងឃុំព្រែកមាស ដើម្បីកុំឲ្យឆ្លងជំងឺងាប់បន្តទៀត។
លោក ណយ ខុង ជាជំទប់ទី២ឃុំព្រែក មាស ក្នុងស្រុកសៀមប៉ាង បានឱ្យដឹងថា មុនមន្ត្រីចុះព្យាបាលគោក្របីនេះ មានសត្វគោក្របីឈឺងាប់ជាបន្តបន្ទាប់សរុបទាំងអស់ នៅក្នុងឃុំព្រែកមាសមានរហូតដល់៣០ ក្បាល ហើយមកដល់ថ្ងៃនេះមានសត្វគោក្របីផ្សេងទៀតកំពុងឈឺ។ លោកបានបន្ត ទៀតថា ឥឡូវនេះត្រូវបានអង្គការប៊ឺតឡាយ សហការជាមួយមន្ត្រីមន្ទីរកសិកម្ម និងរុក្ខាប្រមាញ់ខេត្តបានចុះចាក់ថ្នាំវ៉ាក់សាំង និងជួយចាក់ថ្នាំព្យាបាលជំងឺដល់គោក្របីរបស់ប្រជាពលរដ្ឋក្នុងឃុំរបស់ពួកគាត់។
លោកបានបញ្ជាក់ថា ចាប់តាំងពីថ្ងៃចុះចាក់ថ្នាំវ៉ាក់សាំង រហូតមកដល់ថ្ងៃទី១៥ ខែ មិថុនា គឺមានរយៈពេល៥ថ្ងៃមកហើយ ដោយសរុបបានចាក់ទប់ស្កាត់ការឆ្លង ជំងឺទៅលើសត្វគោក្របីមានប្រមាណជាង៣០០ក្បាល៕ មាស សុផាត