ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ សង្គ្រាមប្រឆាំងភេរវកម្មនៅម៉ារ៉ាវីធ្វើឲ្យហ្វុីលីពីនងាកឆ្ងាយពីចិនទៅរកអាមេរិកវិញ

ចែករំលែក៖

ជាច្រើនលើកមកហើយ ប្រធានាធិបតីហ្វុីលីពីនបានប្រកាសថា នឹងចាកចេញពី អាមេរិក ងាកទៅរកចិននិងរុស្ស៊ីវិញ ដើម្បី ផលប្រយោជន៍សេដ្ឋកិច្ចជាតិ ហើយបណ្តេញ ទាហានអាមេរិកចេញពីហ្វុីលីពីនទៀតផង។ ប៉ុន្តែនៅពេលដែលក្រុមភេរវកម្ម បង្កើន ការវាយប្រហារ ដណ្តើមទីតាំងគ្រប់គ្រងនៅហ្វុីលីពីននោះ ពេលនេះតួនាទីរបស់ ទាហានអាមេរិក ពិតជាមានសារសំខាន់ ពិបាកផ្លាស់ប្តូរខ្លាំងណាស់។

កាលពីខែតុលាឆ្នាំ២០១៦ ប្រធានា ធិបតីហ្វុីលីពីនលោកឌុយទែរតេ បាន ប្រកាសថា ហ្វុីលីពីននឹងឃ្លាតឆ្ងាយពី ​ អាមេរិកដែលជាសម្ពន្ធមិត្តយូរឆ្នាំ ក្រោយពេលដែលទំនាក់ទំនងប្រទេសទាំងពីរ កាន់តែអាក្រក់ទៅ ក្រោយអាមេរិកបានថ្កោលទោសសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោកដែលបានសម្លាប់មនុស្សជាច្រើន។ នៅពេលនោះហ្វុីលីពីន ក៏បានសម្រេចចិត្ត ងាកទៅរកចិននិង រុស្ស៊ីដើម្បីមកជំនួស តំណែងរបស់អាមេរិកនៅទីនេះ។ មិនត្រឹមតែប៉ុណ្ណោះប្រធានាធិបតីឌុយទែរតេ ក៏ បានបដិសេធ ទទួលប្រាក់ជំនួយពីអឺរ៉ុប ទៀតផង ក្រោយទទួលបានជំនួយពីចិនដ៏ច្រើសន្ធឹកសន្ធាប់មក។

បើនិយាយពីសេដ្ឋកិច្ច ការដែលហ្វុីលីពីនចាកចេញពីអាមេរិកទៅរកចិនគឺជារឿង ត្រឹមត្រូវ ប៉ុន្តែបញ្ហាសន្តិសុខជាតិ គឺហ្វុីលី ពីនមិនអាចខ្វះអាមេរិកបានឡើយ ព្រោះអាចធ្វើឲ្យប្រទេសនេះធ្លាក់នៅក្នុងកណ្តាប់ដៃក្រុមភេរវកម្ម ។ កាលពីខែមុន ប្រធានា ធិបតីឌុយទែរតេ បានប្រកាសថា កម្លាំង​ ទាហានអាមេរិកដែលឈរជើងនៅកោះ មីនដាណាវ ដែលជាកន្លែងមានសង្គ្រាម​វាយប្រហារក្រុមភេរវកម្ម នៅពេលទីក្រុងម៉ានីលចាំបាច់ត្រូវតែវាយតម្លៃជាថ្មីឡើង វិញពីគោលនយោបាយ តើត្រូវអនុញ្ញាត្តិឲ្យទាហានអាមេរិកចូលរួមក្នុងសង្គ្រាមវាយប្រហារក្រុមភេរវកម្មដែរឬទេ?

ក្រោយរយៈពេលជាង៣សប្តាហ៍ក្នុងការធ្វើសង្គ្រាមវាយប្រហារក្រុមភេរវកម្ម ម៉ូតេ ដែលជា ក្រុមមានទំនាក់ទំនងជាមួយក្រុមភេរវកម្ម IS នៅក្នុងប្រទេសស៊ីរីនិង អុីរ៉ាក់ ទាហានហ្វុីលីពីនមិនមានការរីក ចម្រើននៅក្នុងសង្គ្រាមនោះឡើយ។ នៅ ពេលនេះទាហានហ្វុីលីពីន កំពុងត្រូវការ ទាហានអាមេរិក ជួយកម្ចាត់ក្រុមភេរវកម្ម ក្រោយពេលដែលហ្វុីលីពីន មិនអាចដណ្តើម​ បានទីតាំងមកវិញ។

លោកស្រី Emma Nagy អ្នកនាំពាក្យ ស្ថានទូតអាមេរិកប្រចាំនៅហ្វុីលីពីនបាន ឲ្យដឹងថា«ក្រោយពេលមានសំណើពីរដ្ឋាភិបាលទីក្រុងម៉ានីល កម្លាំងពិសេសរបស់អាមេរិកបានជួយដល់ទាហានហ្វុីលីពីននៅក្នុងសង្គ្រាមវាយប្រហារក្រុមភេរវកម្ម ដោយអាមេរិកបានផ្តល់ជំនួយអាវុធនិង យុទ្ធសាស្ត្រ ដល់ទាហានហ្វុីលីពីន »។

នៅពេលនេះ អាមេរិកបានផ្គត់ផ្គង់អាវុធដល់ទាហានហ្វុីលីពីនសម្រាប់ប្រឆាំងក្រុមភេរវកម្ម បើទោះបីពេលមុន ហ្វុីលីពីន បានផ្អាកការទិញអាវុធពីអាមេរិកដោយ ទៅទិញអាវុធពីចិននិងរុស្ស៊ីវិញក៏ដោយ។កាលពីខែមុននៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី លោកឌុយទែរតេបានធ្វើស្នើទិញអាវុធពីរុស្ស៊ី ។ ដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ីកើតឡើងក្រោយមួយ សប្តាហ៍ដែល ប្រធានាធិបតីហ្វុីលីពីនបានទស្សនកិច្ចទៅកាន់ប្រទេសចិនជាលើកទីពីរ ហើយប្រធានាធិបតីឌុយទែរតេ ទទួលបានការយល់ព្រមពីចិនឲ្យប្រាក់កម្ចី៥០០លានដុល្លារ សម្រាប់ទិញអាវុធពីចិន។

ប៉ុន្តែក្រុមអ្នកវិភាគបានលើកឡើងថា អាវុធដែលទិញពីចិននោះ បានត្រឹមតែ ប្រឆាំងនឹងពលរដ្ឋស្លូតត្រង់ ដែលគ្មាន អាវុធនៅក្នុងដៃ ដូចជា ក្រុមប្រើប្រាស់និងជួញដូរគ្រឿងញៀនប៉ុណ្ណោះ មិនអាច ប្រឆាំងជាមួយក្រុមភេរវកម្មបានឡើយ។

លោក Jay Batongbacal ប្រធានមជ្ឈ មណ្ឌល ស្រាវជ្រាវស្តីពីបញ្ហាសមុទ្រនិង ច្បាប់នៅដែនសមុទ្ររបស់ទីក្រុងម៉ានីលបានឲ្យដឹងថា ការសម្រេចកាត់បន្ថយទំនាក់ទំនងយោធាជាមួយអាមេរិកគ្រាន់តែជា ការបង្វែរទិសដៅប៉ុណ្ណោះ ។ ក្រោយពេលដែលមានសង្គ្រាមវាយប្រហារក្រុមភេរ វកម្មកើតឡើង នៅទីក្រុងម៉ារ៉ាវី បាន បង្ហាញយ៉ាងច្បាស់ថា លោកឌុយទែរតេ មិនយល់ ពីវិធីសាស្ត្រនិងសកម្មភាពផ្សារភ្ជាប់រវាងទាហានអាមេរិកនឹងហ្វុីលីពីន ក៏ដូចជាទំនាក់ទំនង ប្រពៃណីជាង៧០ឆ្នាំ របស់ប្រទេសនេះជាមួយអាមេរិក។

ក្រោយហេតុការណ៍នេះ លោកឌុយទែរ តេ នឹងទទួលបានបទពិសោធន៍ ពីមេរៀន ដ៏សំខាន់មួយនេះ ។លោក Jay Batongbacal បន្តទៀតថា រាប់សិបឆ្នាំកន្លងមកទាហានអាមេរិកនិងហ្វុីលីពីនបានកៀកស្មាគ្នា រហូត ទាំងយុទ្ធសាស្ត្រ និងការវាយប្រហារ បានក្លាយទៅជាទម្លាប់ទៅហើយ ។ នៅ ពេលដែលទាហានហ្វុីលីពីន ធ្វើសកម្មភាពដោយគ្មានអាមេរិកមិនខុសអ្វីពី« ក្រុមបាល់ទាត់គ្មានខ្សែប្រយុទ្ធគ្មានគ្រូបង្វឹក បានត្រឹម តែបណ្តើរចុះឡើងប៉ុណ្ណោះ មិនអាចស៊ុត បាល់បញ្ចូលគោលដៅឡើយ»។

នៅពេលនេះប្រធានាធិបតីហ្វុីលីពីនលោកឌុយទែរតេ បានបកស្រាយពីមូល ហេតុដែល ស្នើរទាហានអាមេរិកឲ្យជួយ រំដោះទីក្រុងម៉ារ៉ាវី ដែលលោកមិនបាន ដឹង។លោកឌុយទែរតេបញ្ជាក់ថា« ស្ទើរតែ ទាំងអស់មន្ត្រីយោធា ហ្វុីលីពីន គឺរៀនពី អាមេរិក។ទាំងនោះជាមូលហេតុ ដែល មានទំនាក់ទំនងយោធាល្អ មិនអាចបដិ សេធបាន»។

មកទល់ពេលនេះ ប្រធានាធិបតីហ្វុីលី ពីន មិនទាន់ស្នើអាមេរិកជាផ្លូវការឲ្យជួយនោះឡើយ ប៉ុន្តែសង្គ្រាមវាយប្រហារទីក្រុងម៉ារ៉ាវី មិនអាចគ្មានអាមេរិកបានទេ ហើយ ហ្វុីលីពីនក៏មិនអាច ស្នើឲ្យចិនបញ្ជូនទាហានមកជួយបានដែរ ។ អ្នកវិភាគលើកឡើងថា បើហ្វុីលីពីនស្នើឲ្យចិន មកជួយនោះ អ្នក នយោបាយទាំងអស់នៅហ្វុីលីពីនប្រាកដជាប្រឆាំង ហើយបើចិនបញ្ជូនទាហានមកហ្វុីលីពីននោះ អាចធ្វើឲ្យហ្វុីលីពីនត្រូវបាត់បង់ទាំងដែនទឹកនិងដែនគោកទៀតផង។

ដូច្នេះបើហ្វុីលីពីនចង់កម្ចាត់ក្រុមភេរវ កម្ម កុំឲ្យពង្រីកទីតាំងធំឡើងនោះ មានតែ ស្នើដល់អាមេរិកប៉ុណ្ណោះ បើមិនដូច្នេះទេហ្វុីលីពីននឹងត្រូវបាត់កោះ មីនដាណាវ មិនមែនតែទីក្រុងម៉ារ៉ាវីនោះឡើយ ។ លើសពីនេះទៅទៀត ពេលក្រុមភេរវកម្មមានកម្លាំងច្រើននោះនឹងបន្តគ្រប់គ្រង ទីក្រុងធំៗរបស់ហ្វុីលីពីនថែមទៀត ។ ពេលនោះ ប្រធានាធិបតីឌុយទែរតេនឹង ទទួលខុសត្រូវចំពោះបញ្ហាខាងលើ ដែល មិនឲ្យអាមេរិកជួយ។

នៅពេលនេះលោកឌុយទែរតេមិនបានស្នើអាមេរិកដោយផ្ទាល់នោះឡើយប៉ុន្តែគាត់ទុកឲ្យមន្ត្រីយោធាដែលមានទំនាក់ទំនងល្អជាមួយអាមេរិកស្នើឲ្យជួយវិញ។ នៅ ពេលនេះដែរ អាមេរិក ក៏មិនបោះបង់ហ្វុីលី ពីននោះដែរ ដោយបានបញ្ជូនអាវុធនិង កម្លាំងទាហានពិសេសមកជួយដល់ទាហានហ្វុីលីពីន ។ ទាហានអាមេរិកដើរតួជាអ្នក ផ្តល់យុទ្ធសាស្ត្រ ឲ្យទាហានហ្វុីលីពីនជាអ្នកវាយប្រហារ ដូចអ្វីដែលធ្លាប់បានធ្វើពីមុន មក។

អាចនិយាយបានថា ក្រុមភេរវកម្មនៅ ហ្វុីលីពីន គឺជាស្ពានតភ្ជាប់ ទំនាក់ទំនងយោធារវាងអាមេរិកនឹងហ្វុីលីពីនឡើងវិញ ។ បើគ្មានក្រុមភេរវកម្ម រដ្ឋាភិបាលហ្វុីលីពីន ក៏មិនដឹងពីសារសំខាន់របស់ទាហានអាមេរិកឈរជើងនៅលើទឹកដីហ្វុីលីពីននោះដែរ។ ហ្វុីលីពីនមិនអាចពឹងអ្នកណាផ្សេងក្រៅពីអាមេរិកនោះទេ៕ ម៉ែវ សាធី


ចែករំលែក៖