ភ្នំពេញ៖បុរសម្នាក់បានទុកម៉ូតូនៅខាងក្រៅបន្ទប់ ហើយដើរចូលទៅហូបបាយនៅក្នុងបន្ទប់ ហូបរួចចេញមើលម៉ូតូស្រាប់តែមិនដឹងទៅណាបាត់។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ស្ថិតនៅក្នុងភូមិទទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះពៅ ចន្ថា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិត្រពាំងត្បាល់ ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង។
ចំណែកម៉ូតូដែលចោរលួចទៅបាត់នោះម៉ាក ឌ្រីម សេ ១២៥ ស៊េរី ឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FN 7984។
ប្រភព័ត៌មានពីបុរសរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានចាក់សោ និងបិទសន្ទះឡក់សោត្រឹមត្រូវដោយទុកចម្ងាយប្រហែលជា៥ម៉ែត្រពីបន្ទប់ ហើយបានដើរចូលទៅហូបបាយ លុះហូបបាយរួចចេញមកមើលម៉ូតូ ស្រាប់តែចោរលួចបាត់ មិនដឹងលួចតាំងពីពេលណានោះទេ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានត្រឹមតែធ្វើដំណើរមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ៕ សុខាសែនជ័យ