ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញសម្រុកដឹកជ្រូកវៀតណាមចូលតាមច្រករបៀងដូចហែកឋិននៅស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង៖ ឈ្មួញសម្រុកដឹកជ្រូកពីប្រទេសវៀតណាម តាមម៉ូតូ និងម៉ូតូរ៉ឺម៉កចូលតាមច្រករបៀង ក្នុងស្រុករំដួល ដឹកឆ្ពោះទៅរាជធានីភ្នំពេញ ក្នុងមួយថ្ងៃៗរាប់រយក្បាលយ៉ាងរលូន ពុំមានសមត្ថកិច្ចពាក់ពន្ធ័អើពើឡើយ។

បើតាមប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែនបានអោយដឹងថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ឈ្មួញចាប់ផ្តើម សម្រុកដឹកជ្រូកពីប្រទេសវៀតណាមូលមកខេត្តស្វាយរៀងតាមច្រករបៀង ព្រែកពក ច្រករបៀងថ្នាធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល ។

ប្រភពដដែលបន្តទៀតថា ដឹកតាមម៉ូតូ និងម៉ូតូរ៉ឺម៉ក រួចយកមកដាក់តាមផ្ទះ និងកន្លែងចិញ្ចឹមជ្រូករួចហៅមន្ត្រីពេទ្យសត្វឲ្យមកពិនិត្យ និងចេញលិខិតបញ្ជាក់ ជាជ្រូកខ្មែរ រួចហើយមានក្រុមឈ្មួញមកប្រមូលទិញដឹកតាមរថយន្តឆ្ពោះទៅរាជធានីភ្នំពេញយ៉ាងរលូន។

បើតាមស្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះ នៅភូមិព្រែកពក ឃុំថ្នាធ្នង់ស្រុករំដួល បានឲ្យដឹងថា គាត់ជាអ្នកលក់ដូរបន្លែ ត្រី សាច់នៅក្នុងភូមិកន្លងមក គ្រាន់នឹងចញ្ចឹមឆ្នាំង ក៏ប៉ុន្តែឆ្នាំ២០១៧នេះ គាត់លក់លែងដាច់ ដោយមានប្រជាជនវៀតណាម ដឹកសាច់ជ្រូក ពីប្រទេសវៀតណាមតាមម៉ូតូចូលមកដើរលក់តាមផ្ទះធ្វើឲ្យខ្មែរអ្នកលក់តាមផ្ទះបាត់បង់មុខរបរ ហើយអ្នកចិញ្ចឹមជ្រូកតាមផ្ទះ ក៏នាំគ្នាឈប់ចិញ្ចឹមជ្រូកដោយសារ កូនជ្រូកថ្លៃ ចំណីក៏ថ្លៃ ក៏ប៉ុន្តែ ជ្រូករស់ឈ្មួញទិញឲ្យតម្លៃថោក ១គីឡូក្រាមត្រឹម៥ ៥០០រៀលទៅ៥ ៧០០រៀលបណ្ណោះ ដូច្នេះទូទាត់ការចំណាយ គ្មានចំណេញទើបឈប់ចិញ្ចឹម។

ទាក់ទិនករណីឈ្មួញនាំជ្រូកពីប្រទេសវៀតណាមចូល គណៈអភិបាលខេត្ត ស្វាយរៀងបាន ចេញសេចក្តីប្រកាសឈប់ឲ្យក្រុមហ៊ុននាំជ្រូកពីប្រទេសវៀតណាមចូលមកតាមរដ្ឋបាលខេត្តស្វាយរៀង គឺផ្អាកការនាំជ្រូកចូលមួយរយៈ ក៏ប៉ុន្តែ ជ្រូកនៅតែហូចូលដដែល ដោយឈ្មួញ ផ្លាស់ប្តូរ រូបភាពពី ដឹកតាមរថយន្ត ធុនយក្សមកដឹកតាមម៉ូតូ និងម៉ូតូរ៉ឺម៉កវិញ ហើយបានដឹកទៅដាក់តាមផ្ទះឈ្មួញ ហើយ ឲ្យពេទ្យសត្វបញ្ជាក់លើលិខិតដើម្បីដឹកជ្រូកទៅរាជធានីភ្នំពេញដដែល៕ យឹម សុថាន

 


ចែករំលែក៖