ខេត្តព្រះសីហនុ៖ លិខិតបណ្តឹងមួយច្បាប់ចុះថ្ងៃទី ១៩ ខែមិិថុនា ឆ្នាំ២០១៧ ដែលម្ចាស់បណ្តឹងជាស្ត្រីរងគ្រោះ ឈ្មោះទូច ស៊ីវ៉ន បានរងរបួសហើមប៉ោងមុខមាត់ធ្ងន់ធ្ងរ និងមានស្នាមជាំលើខ្លួនប្រាណ ដោយការប្រើអំពើហិង្សាក្នុងស្ថានទម្ងន់ទោស បង្កឡើងដោយលោក ហង្ស រ៉ាមុន្នី ជាមន្ត្រីពេទ្យយោធា ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចតូបលក់ដូររបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងក្រុម១៧ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុខេត្តព្រះសីហនុ នាពេលកន្លងមកនោះ ពេលនេះស្ត្រីរងគ្រោះបានដាក់ពាក្យបណ្តឹង ដល់សាលាដំបូងខេត្តព្រះសីហនុហើយរង់ចាំតែថ្ងៃចំណាត់ការទៅតាមផ្លូវច្បាប់តែប៉ុណ្ណោះ។
ស្ត្រីរងគ្រោះជាម្ចាស់បណ្តឹងខាងលើបានឲ្យដឹងថា ដោយសារតែមានការយឺតយ៉ាវ បន្តិចបន្តួចក្នុងការសងថ្លៃការប្រាក់ ដល់ម្ចាស់បំណុល ដែលមានឈ្មោះខាងលើ គាត់ក៏មកតាមទារដល់ផ្ទះ និងបានជេរប្រមាថ ដាក់បណ្តាសារថែមទាំងប្រើអំពើហិង្សា វាយដំគាត់ និងកូនហើមជាំមុខមាត់ដល់ក្នុងផ្ទះកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧កន្លងមក ។ ស្ត្រីរងគ្រោះបានឲ្យដឹងថា បានជាម្ចាស់បំណុលហ៊ានប្រព្រឹត្តបែបនេះ ដោយសំអាងថា រូបគាត់ជាមន្ត្រីពេទ្យយោធា និងមានមិត្ត ភ័ក្តិជាមន្ត្រីកងរាជអាវុធហត្ថ ដែលមានឋានន្តរសក្តិធំៗថែមទៀតផង បានជាពេលទៅទារលុយចងការ ប្រាក់ប្រចាំខែ ហើយកូនបំណុលមានការយឺតយ៉ាវបន្តិចបន្តួច ឈានដល់ហ៊ានវាយកូនបំណុលជាស្ត្រី និងកូនស្រីពីរនាក់ដល់ក្នុងផ្ទះ បណ្តាលឲ្យស្ត្រីជនរងគ្រោះរងរបួសហើម ជាំមុខ មាត់ យ៉ាងដូចនេះ ។
ប្រភពដដែលបានឲ្យដឹងបន្ថែមទៀតថា ក្រោយពីបុរសមានឈ្មោះខាងលើនោះចូលវាយដល់ក្នុងផ្ទះរួចមក ស្ត្រីរងគ្រោះក៍បានទៅដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍រដ្ឋបាសង្កាត់លេខ៣ ដើម្បីជួយអន្តរាគមន៍ រកខុសត្រូវ ក៍ប៉ុន្តែរហូតដល់ពេល នេះ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់៣ មិនបានជួយធ្វើអន្តរាគមន៍នោះឡើយ ថែមទាំងបិទសំណុំរឿងនេះរហូតមកដល់សព្វថ្ងៃ ទើបរូបគាត់ ក៏សម្រេចចិត្តទៅដាក់ពាក្យបណ្តឹងនៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបានជួយអន្តរាគមន៍ ក្នុងការផ្តល់ភាពយុត្តិធម៌សម្រាប់ស្ត្រីរងគ្រោះ ក៏ដូចជាក្រុមគ្រួសារទាំងមូលផងដែរ ។
លោកស្រី ទូច ស៊ីវ៉នបានបញ្ជាក់ថាគាត់មាន អាយុ៤៣ ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់លេខ៣ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ មានមុខរបរជាអ្នកលក់ដូរបន្តិចបន្តួច ហើយដោយសារតែមានការខ្វះខាតក្នុងការពង្រីកមុខរបរលក់ដូរ ទើបបានជាទៅចងការប្រាក់់ពីឈ្មោះ ហង្ស រ៉ាមុន្នី ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅក្រុម៧ ភូមិ២ សង្កាត់លេខ៣ ក្រុង ខេតព្រះសីហនុចំនួន ២.០០០ដុល្លារសហរដ្ឋអាមេរិក ដោយក្នុងមួយខែត្រូវបង់ការលុយចំនួន ២០០ដុល្លារអាមេរិក ក៏ប៉ុន្តែដល់ថ្ងៃសងលុយការប្រាក់ គឺថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០១៧ ដោយសារតែទូសព្ទ័របស់គាត់ខូច មិនអាចទាក់ទងបានលោក ហង្ស រ៉ាមុន្នី បានមកទារលុយចងការប្រាក់ដល់ផ្ទះ និងមានការជជែកគ្នាបន្តិចបន្តួច ស្រាប់តែលោក ហង្ស រ៉ាមុន្នី ក៏បានចូលមកវាយរូបគាត់ និង កូនស្រីដល់ក្នុងផ្ទះ តែម្តងបង្កឲ្យមានរបួសស្នាមហើម ជាំលើផ្ទៃមុខនិងខ្លួនប្រាណថែមទៀតផង ។
ដោយឡែក លោក ហង្ស រ៉ាមុន្នី ដែលអះអាងថា ជាមន្ត្រីពេទ្យយោធា តែមិនបានបញ្ជាក់ពីអង្គភាព បានឲ្យដឹងកាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ថា រូបលោកពិតជាបានទៅទារលុយថ្លៃការប្រាក់ដល់់ផ្ទះកូនបំណុលពិតមែន តែមិនមានចេតនាវាយតប់នោះទេ គឺគ្រាន់តែគ្រវាសដៃត្រូវមុខតែប៉ណ្ណោះ ។ តែទោះជាយ៉ាងណា ស្ត្រីរងគ្រោះបានបញ្ជាក់ថា នេះជាការឆ្លើយដោះសារតែប៉ុណ្ណោះ ព្រោះរូបគាត់មានសាក្សីជាច្រើននាក់បានឃើញនៅក្នុងហេតុការណ៍កើតឡើង និងមានរូបថតស្លាកស្នាមហើមជុាំខ្មៅទុកជាភស្តុតាងថែមទៀតផង។
ដូច្នេះមានតែខាងផ្នែកច្បាប់ គឺតុលាការសាលាដំបូងខេត្តព្រះសីហនុទេ ដែលអាចកាត់ក្តីលើជនអាងអំណាចចូលទៅវាយដំស្ត្រីដល់ក្នុងផ្ទះជនរងគ្រោះ បែបនេះបាន ។
លោកស្រីជនរងគ្រោះ បានសំណូមពរដល់សាលាដំបូងខេត្តព្រះសីហនុ រកយុត្តិធម៌ និងភាពថ្លៃថ្នូរជូនលោកស្រី និងក្រុមគ្រួសារផង ដែលប្រមុខរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់លើកកម្ពស់យេនឌ័រ និងលុបបំបាត់អំពើហិង្សារបស់ជនអាងអំណាចជាមន្ត្រីយោធា ៕ ឆ្លាម សមុទ្រ