ខេត្តឧត្តរមានជ័យ៖ បើទោះជាអាជ្ញាធរខេត្ត លោក ស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យបានបញ្ជាឲ្យសមត្ថកិច្ចអាជ្ញាធរជំនាញពាក់ព័ន្ធបង្ក្រាប ចាប់ ឈើគ្រញូងរបស់យាយ ម៉ៃ (ជនជាតិវៀតណាម) ឬចាប់ខ្លួនយាយ ម៉ៃ នេះក៏ដោយ មកទល់នឹងពេលនេះ សកម្មភាពដឹកឈើគ្រញូងរបស់យាយ ម៉ៃ នៅតែបន្តកើតមានដដែល ។ មិនតែប៉ុណ្ណោះ ការដឹកជញ្ជូនឈើអារលេខ២ ក៏កាន់តែមានទ្រង់ទ្រាយធំ ដោយប្រើប្រាស់សុទ្ធតែប្រភេទឡានយីឌុប ផ្ទុកធ្ងន់លើសទម្ងន់ បំផ្លាញផ្លូវប្រជាពលរដ្ឋនេះជាដើមយ៉ាងធ្ងន់ធ្ងរ ។ ឈ្មួញដ៏ល្បីឈ្មោះប្រចាំខេត្តឧត្តរមានជ័យជំនាញប្រមូលទិញឈើអារប្រភេទលេខ២គឺឈ្មោះ ឆាយ និងឈ្មោះ រិទ្ធ បានប្រមូលទិញឈើពីស្រុកត្រពាំងប្រាសាទចំនួន២កន្លែង នៅម្តុំភូមិថ្នល់កែង និងមួយកន្លែងទៀតម្តុំភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ។
រាល់ការដឹកជញ្ជូនឈើទាំងនេះ ត្រូវបានយកទៅស្តុកទុកនៅចំណុចស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងមួយចំនួនទៀត ដឹកយកទៅលក់តាមដេប៉ូក្នុងទីរួមខេត្តបន្ទាយមានជ័យ ។ ប្រជាពលរដ្ឋបានលើកឡើងថា នៅស្រុកត្រពាំងប្រាសាទ កន្លែងទីតាំងស្តុកឈើរបស់ឈ្មោះឆាយ និងឈ្មោះរិទ្ធ បានធ្វើឲ្យផ្លូវជាច្រើននៅទីនោះខូចខាត នៅភូមិថ្នល់កែង និងផ្លូវជាតិ RP១៧៤ ភូមិត្រាំប៉ោង រហូតដល់ក្រុងសំរោង មានករណីស្រុតប្រេះស្រាំ ខូចជាហូរហែ ។
សកម្មភាពដឹកជញ្ជូនឈើរបស់អ្នកទាំងពីរគឺប្រើប្រាស់ឈ្មោះ លោកឧត្តមសេនីយ៍ឯក ង៉ែត ប៊ុនថន ដើម្បីបន្លាចអាជ្ញាធរ សមត្ថកិច្ចនៅទីនោះ ដោយអះអាងថា យកឈើអារទាំងនោះទៅធ្វើផ្ទះឲ្យគ្រួសារអតីតយុទ្ធជន ប៉ុន្តែករណីនេះ កន្លងទៅធ្លាប់មានស្នើសុំដឹក១០០ម៉ែត្រគូប តែដឹកយ៉ាងតិច៥០០ម៉ែត្រគូប ជាទម្លាប់ដែលពួកគេរកស៊ីដឹកជញ្ជូនឈើ និងមានវប្បធម៌ចែករំលែកទៅកាន់ជំនាញរដ្ឋបាលព្រៃឈើ សមត្ថកិច្ចគ្រប់ស្ថាប័ន ក្នុងមួយរថយន្តយីឌុបចាប់ពី១០ម៉ឺនរៀលរហូតដល់២០០ដុល្លារ សម្រាប់សមត្ថកិច្ច ស្ថាប័ននីមួយៗ ។
ប្រភពឈើទាំងនោះ បើទោះបីមិនមានតំបន់ព្រៃសម្បទាន ប៉ុន្តែមានដៃឈើរបស់ឈ្មួញឈ្មោះ ឆាយ និងឈ្មោះ រិទ្ធ កេណ្ឌប្រមូលប្រជាពលរដ្ឋឲ្យចូលទៅកាប់ផ្តួលរំលំនៅតំបន់អភិរក្សភ្នំពល់ យ៉ាងអនាធិបតេយ្យ រួចហើយ ប្រជាពលរដ្ឋបានអារច្រៀកដឹកតាមគោយន្ត ឬកាឡេថង មកដាក់តាមផ្ទះ ទើបក្រុមរបស់លោក រិទ្ធ និងឈ្មោះឆាយ យករថយន្តយីឌុបទៅប្រមូលដឹកជញ្ជូនយកមកកាន់ខេត្តបន្ទាយមានជ័យ និងមួយចំនួនទៀតស្តុកទុកនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។
ដោយឡែកឈើគ្រញូង នៅតែមានការដឹកជញ្ជូនស្ទើររាល់យប់ ចេញពីខេត្តឧត្តរមានជ័យឆ្លងកាត់ខេត្តព្រះវិហារ ស្ទឹងត្រែងមកកាន់ចំណុចស្រែពក រវាងព្រំប្រទល់ខេត្តស្ទឹងត្រែង នឹងខេត្តរតនគិរី ដោយមានឈ្មួញរង់ចាំទទួលទិញបន្ត ដឹកទៅវៀតណាម តាមច្រកអូរយ៉ាដាវ ខេត្តរតនគិរី ។ ឈើគ្រញូងភាគច្រើនក្រុមឈ្មួញនៅខេត្តឧត្តរមានជ័យបានកេណ្ឌប្រមូលប្រជាពលរដ្ឋឲ្យទៅកាប់នៅទឹកដីថៃ រួចហើយលីឈើគ្រញូងទាំងនោះ តាមភ្នំដងរ៉ែក យកមកលាក់នៅតាមចម្ការរបស់ប្រជាពលរដ្ឋ ទើបមានក្រុមអ្នកប្រមូលទិញដឹកបន្ត តាមរយៈរថយន្តប៉ាឡែន វីហ្គូ ឡង់គ្រីស័រ ធ្វើជាមធ្យោបាយដឹកជញ្ជូន ។ បញ្ហាបទល្មើសឈើគ្រញូង ប្រជាពលរដ្ឋខេត្តឧត្តរមានជ័យតែងតែរងនូវការធ្វើបាប និងបាញ់សម្លាប់ពីសមត្ថកិច្ចប្រទេសថៃ ដូច្នេះ គួរណាស់តែអាជ្ញាធរខេត្តចាត់វិធានការបំបាត់ឲ្យខាងតែបាននូវបទល្មើសទាំងនេះ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបាន ភាពសុខសាន គេចផុតពីករណីគ្រោះថ្នាក់ ដោយសារការចូលទៅកាប់ឈើនៅក្នុងទឹកដីថៃ ៕ សិលា