ក្លិបយក្សនៅអង់គ្លេសបិសាចក្រហម Manchester United និងក្លិបយក្សមកពីអាល្លឺម៉ង់ Bayern Munich កំពុងត្រៀមលក្ខណៈរួចរាល់ក្នុងការប្រជែងគ្នាដាក់ដេញថ្លៃនាំយកខ្សែបម្រើឆ្នើម Ivan Rakitic ដែលជាកីឡាករដ៏សំខាន់របស់ក្រុមអ្នកមានបុណ្យ Barcelona ក្នុងតម្លៃ ប្រមាណ៤៥លានផោន។
ក្លិបយក្សរបស់អេស្ប៉ាញមួយនេះ ហាក់ស្ទាក់ស្ទើរចិត្តមិនចង់លក់កីឡាករដ៏សំខាន់ របស់ខ្លួនដែលបានបង្ហាញទម្រង់លេងយ៉ាងល្អបន្ទាប់ពីផ្លាស់ពីក្លិប Sevilla មកចូលរួមជាមួយក្លិបកាលពីឆ្នាំ២០១៤និងបន្ទាប់ពីការចាកចេញរបស់វីរបុរស Xavi ខ្សែបម្រើ Rakitic វ័យ២៩ឆ្នាំរូបនេះបានបំពេញតួនាទីជំនួសបានយ៉ាងល្អបំផុត។
ប៉ុន្តែក្រោមការដឹកនាំរបស់គ្រូបង្វឹក Ernesto Valverde រដូវកាលថ្មីនេះ កំពុងស្ថិតយ៉ាងប្រកៀកក្នុងការចរចានាំយកខ្សែបម្រើសញ្ជាតិអ៊ីតាលីរបស់ក្លិប Paris Saint Germain គឺកីឡាករ Marco Veratti ដើម្បីមកចូលរួមជាមួយក្លិបនារដូវកាល២០១៧-២០១៨ ដែលធ្វើឲ្យអនាគតរបស់ Rakitic ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ដោយសារក្លិបអាចនឹងលក់ Rakitic ដើម្បីយកប្រាក់បន្ថែមទិញ Veratti នេះតែម្តង។ មួយវិញទៀត ក៏មានព័ត៌មានបានចុះផ្សាយថាក្រុម Barcelona អាចនឹងយករូបគេមកជាថ្នូរ ដើម្បីដោះដូរជាមួយនឹងកីឡាករ Philippe Coutinho របស់ហង្សក្រហម Liverpool ផងដែរ។
សូមបញ្ជាក់ថា កីឡាករខ្សែបម្រើ Rakitic ក្នុងរយៈពេល៣រដូវកាលកន្លងមកនេះ បានជួយឲ្យក្លិបឈ្នះពានធំៗគឺ La Liga និង Champion League។ សម្រាប់រដូវកាល២០១៦-២០១៧កន្លងទៅនេះ Rakitic រកគ្រាប់បាល់បាន១២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី៥គ្រាប់ ក្នុងការបង្ហាញខ្លួនបាន៥៨ប្រកួត ។ ប៉ុន្តែក្លិប Barcelona មិនបានលើកពាន La Liga និង Champion League នោះទេ៕ ដេវីត