ភ្នំពេញ៖ ក្រោយបាត់មុខពីការសម្តែងភាពយន្តអស់រយៈពេលជាយូរ តារាសម្តែង និងពិធីករ ហ៊ិន ចាន់នីរ័ត្ន បានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំងជាមួយនឹងការបង្ហាញវត្តមានក្នុងភាពយន្តខ្នាតធំមួយ។ នៅពីក្រោយការវិលត្រឡប់នេះ ត្រូវបានគេលើកឡើងថា ព្រោះតែនាងទទួលបានតម្លៃខ្លួនទ្វេដង បើធៀបនឹងតួស្រីល្បីឈ្មោះមួយចំនួន។
ហ៊ិន ចាន់នីរ័ត្ន ជាតារាស្រីដែលមិនធ្លាប់ជំពប់នឹងរឿងអាស្រូវ ហើយការងារជាពិធីកររបស់នាងក៏ទទួលបានជោគជ័យខ្ពស់ដែរ។ នាងហាក់មិនចង់ប្រឡូកក្នុងអាជីពសម្តែងច្រើននោះទេ ព្រោះតែនាងមិនមានពេលគ្រប់គ្រាន់។
អ្នកគាំទ្រនាងភ្ញាក់ផ្អើលក្រោយពីពិធីការិនីទូរទស្សន៍បាយ័នរូបនេះ បានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងការសម្តែងភាពយន្តបុរាណរឿង«ធ្មប់» របស់ផលិតកម្ម មាតុចក្រ។ តាមការទម្លាយពីក្រុមការងារផលិតបានលើកឡើងថា ទម្រាំនឹងតារាស្រីរូបនេះសម្រេចចិត្តចូលថតភាពយន្តវិញ គឺមិនងាយទេ ពិសេសទាក់ទងនឹងពេលវេលា។
ប្រភពបន្តថា អ្វីដែលកាន់តែធ្វើឲ្យផលិតករភ្ញាក់ផ្អើល គឺការទាមទារតម្លៃខ្លួនថតមួយដ៏ខ្ពស់ស្ទើរតែគុណនឹងពីរបើធៀបជាមួយនឹងតារាសម្តែងល្បីផ្សេងៗ។
ប្រភពបន្តថា តារាសម្តែងស្រីល្បីឈ្មោះខ្លះទទួលបានតម្លៃខ្លួនថតមួយរឿងប្រមាណពី ២ពាន់ ទៅ ៣ពាន់ដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែហិន ចាន់នីរ័ត្នវិញឡើងដល់ជាង៥ពាន់ដុល្លារអាមេរិកសម្រាប់ការថតរឿងនេះ។ មានការលើកឡើងថា នាងសម្រេចចិត្តផ្តល់ពេលពេលា២ថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ ប៉ុន្តែនាងគោរពពេលវេលាបានល្អ។
មានការលើកឡើងដែរថា ក្នុងរឿងនេះតម្រូវឲ្យមានតារាសម្តែងស្រីទន់ភ្លន់ស្រគត់ស្រគំ ដូចជារូបនាង ហើយផលិតករចង់ឲ្យទស្សនិកជនប្លែកភ្នែកជាមួយស្នាដៃសម្តែងរបស់តារាស្រីរូបនេះគ្រាដែល តារាស្រី សុខ សោម៉ាវត្តី គឺបានចូលរួមសម្តែងស្ទើរគ្រប់ផលិតកម្មទៅហើយ ហើយទស្សនិកជនក៏ចង់ឃើញអ្វីដែលថ្មីផងដែរ។
នៅ បាយ័ន ហ៊ិនចាន់នីរ័ត្នក្តាប់បានកម្មវិធីកម្សាន្តចំនួន៤ក្នុងដៃគឺកម្មវិធី “ឆាឆាឆា “, “ពិភពរីករាយ”,”វិស្សមកាលតន្ត្រី”, និង”The Style”។ នាងមិនបានបញ្ជាក់អំពីតម្លៃខ្លួននៃការថតទេ ប៉ុន្តែអ្វីដែលសំខាន់ផងដែរនោះគឺគុណភាពរឿង ដើម្បីប្រាកដថាជារឿងដែលនឹងទទួលបានការគាំទ្រច្រើននៅពេលចាក់បញ្ចាំង។
ហ៊ិន ចាន់នីរ័ត្នបញ្ជាក់កាលពីកន្លងទៅថា ការបាត់មុខលើវិស័យភាពយន្តជាង២ឆ្នាំមកហើយអវត្តមានពីវិស័យនេះ ត្រូវបាននាងបញ្ជាក់ថាមិនមែនមកពីខ្លួនឈប់ថត ឬផលិតកម្មឈប់ហៅឡើយពោលមកពីមិនមានពេលគ្រប់គ្រាន់ និងតម្លៃថតមិនត្រូវថ្លៃគ្នា។
នាងថា កន្លងមកនេះមានផលិតករច្រើនបានទាក់ទងចង់បាននាងទៅថតភាពយន្តឲ្យ ប៉ុន្តែនាងមិនមានពេលគ្រប់គ្រាន់ត្បិតអីរាល់ថ្ងៃនាងត្រូវកាន់កម្មវិធីច្រើននៅស្ថានីយទូរទស្សន៍បាយ័ន។
តារាស្រីសម្រស់បានរូបនេះបញ្ជាក់ថា ក្នុងរយៈពេល១អាទិត្យនាងមានការងារនៅទូរទស្សន៍បាយ័នពី៣ទៅ៤ថ្ងៃហើយពេលខ្លះចុះទៅខេត្តទៀត។
នាងថាពេលខ្លះចង់ទទួលថតភាពយន្តដែរ ប៉ុន្តែមិនចង់ប៉ះពាល់ការងារស្នូលទើបបដិសេធ៕ វឌ្ឍនា