ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋរស់នៅ ភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប បានសម្រេចរុះរើសំណង់ រំលោភច្បាប់របស់ខ្លួន ដោយស្ម័គ្រចិត្ត ស្ថិតនៅចម្ងាយប្រមាណ៥០ម៉ែត្រ ពីកំពែង ប្រាសាទបន្ទាយក្តី។ ការស្ម័គ្រចិត្តរុះរើ សំណង់រំលោភទាំងនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរជាតិអប្សរាដឹកនាំក្រុមការងារ ចម្រុះចុះរំឭក អំពីការរុះរើសំណង់រំលោភ ច្បាប់់ទាំងនោះ និងពន្យល់ប្រជាពលរដ្ឋពីផលប៉ះពាល់អវិជ្ជមានដ៏ធ្ងន់ដល់បេតិក ភណ្ឌជាតិ ។
អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោក ហុក ប៉េងសែ និយាយថាសំណង់ត្រូវ រុះរើពេលនេះ សុទ្ធតែជាសំណង់ដែលពុំ មានច្បាប់អនុញ្ញាត ហើយប៉ះពាល់យ៉ាង ខ្លាំង ដល់បេតិកភណ្ឌតែម្តង ពិសេស សំណង់ ស្ថិតនៅចម្ងាយប្រមាណតែ៥០ ម៉ែត្រពីកំពែងប្រាសាទនោះ ។
លោកបន្តថា កន្លងមកអាជ្ញាធរជាតិអប្សរាបានជូនដំណឹងស្តីពីការរុះរើនេះរួចហើយ ដល់ម្ចាស់សំណង់ទាំងអស់ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋសហការជាមួយកម្លាំងចម្រុះ ដើម្បីចូលរួមថែរក្សាសម្បត្តិវប្បធម៌ ដែលជាបេតិកភណ្ឌពិភពលោក ។
ម្ចាស់សំណង់ផ្ទះថ្ម ស្ថិតនៅចម្ងាយត្រឹមតែប្រមាណ៥០ម៉ែត្រ ពីកំពែងប្រាសាទ បន្ទាយក្តី ដែលស្ម័គ្រចិត្តរុះរើដោយខ្លួនឯង បានទទួលស្គាល់ថា សំណង់របស់គាត់ពិតជាបានសាងសង់ខុសច្បាប់ពិតប្រាកដមែន ហើយយល់ព្រមរុះរើដោយគ្មានលក្ខខណ្ឌ ព្រោះថា នេះជាកំហុសឆ្គងរបស់គាត់ ពុំបានសុំការអនុញ្ញាតច្បាប់សាងសង់ជាមុនពី អាជ្ញាធរអប្សរា ។
ម្ចាស់សំណង់ដដែលបានបញ្ជាក់ថា ពិតជាបានបង្កហានិភ័យដល់ប្រាសាទពិត ប្រាកដមែន ហើយបានស្នើសុំឲ្យក្រុមការងារដឹកយកសម្ភារសំណង់របស់ពួកគាត់ យកទៅរក្សាទុកនៅផ្ទះរបស់ម្តាយក្មេកនៅភូមិតាត្រៃ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
លោក មាស សាង និងលោកស្រី នន់ ប៊ុននី ជាម្ចាស់សំណង់ខុសច្បាប់មួយកន្លែងទៀត ដែលបានរុះរើដោយស្ម័គ្រចិត្តដែរនោះ បានបញ្ជាក់ពីការទទួលស្គាល់កំហុស របស់ខ្លួន ដោយបានរុះរើ និងយកចេញនូវសម្ភាររើរុះទាំងនោះពីទីតាំងសំណង់។
លោកស្រីបន្តថា គាត់បានត្រៀមខ្លួនរួចរាល់ហើយក្នុងការរុះរើនេះ ហើយគាត់បាន ចាប់ផ្តើមការរុះរើនេះ តាំងពីថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ២០១៧មកម៉្លេះ ។
ដោយឡែកម្ចាស់តូបប្រក់ស័ង្កសីឈ្មោះ ធឿន ចន្ទ្រា ស្ថិតនៅក្បែរគ្នាដែរនោះ ក៏ព្រមរុះរើចេញទៅវិញដែរ ។
គួរបញ្ជាក់ថា គិតត្រឹមតែរយៈពេល មួយខែ ពោលគឺក្នុងចន្លោះពីថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ មកនេះ មានសំណង់ និងការចាក់ដីបំពេញខុសច្បាប់ចំនួន៥២១ករណី បានសាងសង់ និងចាក់ដីបំពេញ ក្នុងតំបន់ រមណីយដ្ឋានអង្គរ ។
បន្ទាប់ពីសង្កេតឃើញសកម្មភាពខុសច្បាប់នេះ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ បានចេញសេចក្តីជូនដំណឹងដល់គ្រប់ម្ចាស់សំណង់ទាំងអស់ ឲ្យរុះរើសំណង់ និងដីចាក់បំពេញនោះចេញ វិញ ក្នុងរយៈពេលមួយសប្តាហ៍ ហើយ ប្រតិបត្តិការនេះ នឹងបន្តទៅទីតាំងផ្សេងៗ ទៀត។ ក្នុងករណីពុំរុះរើចេញដោយខ្លួន ឯងទេ អាជ្ញាធរអប្សរា នឹងដាក់កម្លាំងចម្រុះ ចុះរុះរើ ដោយពុំទទួលចំពោះការខូចខាត ឡើយ ៕ សហការី