ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌដូនពេញ នៅតែបន្តជីកដីដាក់ប្រព័ន្ធលូថ្មី ក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបន្តដឹកនាំ និងបញ្ជាផ្ទាល់ ដល់លោកប្រធានការិយាល័យសាធារណការខណ្ឌ ដោយសហការជាមួយសង្កាត់ពាក់ព័ន្ធ ដាក់កម្លាំង និងគ្រឿងចក្រ ចំនួន ០៣ទីតាំង៖

១-បន្តជីកដីដាក់ប្រព័ន្ធលូថ្មី ផ្លូវលេខ៦៣ ទំហំមុខកាត់ ១ម៉ែត្រ ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ។,២-ស្ដារ អូសកៅឡាក់លូ ផ្លូវលេខ៥១ ចន្លោះផ្លូវលេខ១៥៤ និងផ្លូវ១៧២ ក្នុងសង្កាត់ផ្សារថ្មី៣ ។,៣-បូម ស្ដារ អូសកៅឡាក់ និងជួសជុលអណ្ដូងលូ ផ្លូវលេខ៨៤ ចន្លោះផ្លូវលេខ៤៧ និងផ្លូវ៦៥ ក្នុងសង្កាត់ស្រះចក ។

គួរបញ្ជាក់ផងដែរថា រដ្ឋបាលខណ្ឌដូនពេញ បានអនុញ្ញាតឲ្យបងប្អូន បងប្អូនប្រជាពលរដ្ឋ ភ្ជាប់បណ្តាញលូចូលផ្ទះដោយពុំគិតកំរ៉ៃសេវាឡើយ ដោយតម្រូវឲ្យបងប្អូន ជាអ្នកទិញសំភារៈដោយខ្លួនឯង ។

លុះនៅរសៀលថ្ងៃដដែរ លោកសុខ ពេញវុធអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ​ ​ បានរៀបចំនូវកិច្ចប្រជុំនៅសាលប្រជុំសាលាខណ្ឌដូនពេញដើម្បីឆ្លងលើរបៀបវារៈដូចជា ៖

– ពិភាក្សា​ និងពិនិត្យទៅលើប្លង់សាងសង់សាលាខណ្ឌដូនពេញ ។

-ស្នើ​ និងពិភាក្សាទៅលើបេក្ខភាពអ្នកដែលមានស្នាដៃក្នុងការបង្ក្រាបគ្រឿងញៀន ។

-ពិនិត្យទៅលើកាលវិភាគនៃកិច្ចប្រជុំប្រកាសសុពលភាពរបស់ក្រុមប្រឹក្សាសង្កាត់ ។

-ណែនាំទៅដល់មន្ត្រី​ និងការិយាល័យពាក់ព័ន្ធត្រៀមរៀបចំឯកសារ​ និងកិច្ចសហការជាមួយគណៈប្រតិភូក្រុមការងាររបស់ក្រសួងមហាផ្ទៃ ។

លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានមានប្រសាសន៍ថាដោយមានការសំណូមពរពីប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដែលតែងតែជួបបញ្ហា លិចទឹកតាមផ្លូវក៏ដូចជាការហូរចូលផ្ទះសំបែងរំខានដល់ការរស់នៅរបស់ពួកគាត់ពេលមេឃភ្លៀងធ្លាក់ភ្លៀងមួយមេធំៗនោះព្រោះតែបណ្តាលមកពីការស្ទះលូ និងការហូរទឹកចេញមិនទាន់នាំឲ្យជន់លិចនោះលោកក៏ដឹកនាំមន្ត្រីជំនាញចុះមកត្រួតពិនិត្យការដាក់ប្រព័ន្ធលូថ្មី តាមផ្លូវលេខ៦៣ ទំហំមុខកាត់ ១ម៉ែត្រ សង្ឃឹងថាពេលធ្វើរួចរាល់ហើយនឹងលែងមានការរំខានជន់លិចចូលផ្ទះប្រជាពលរដ្ឋតទៅទៀតឡើយ។

លោកអភិបាលខណ្ឌដូនពេញ ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋគួរតែវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវកុំបោះចោលគ្មានសណ្តាប់ធ្នាប់នាំឲ្យកាកសំណល់ទាំងនោះពេលដែលមេឃភ្លៀងម្តងអាចកកស្ទះមុខប្រព័ន្ធលូធ្វើឲ្យការហូរចេញយឺតនាំជន់លិចផ្លូវចូលផ្ទះរបស់បងប្អូន ៕ស តារា


ចែករំលែក៖